(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក រថភ្លើងដឹកអ្នកដំណើរ ពីភ្នំពេញទៅ ខេត្តព្រះសីហនុ បានដំណើរការរត់ឡើងវិញ ហើយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ ដោយបានបងប្អូនប្រជាពលរដ្ឋ បានទិញសំបុត្រធ្វើដំណើរយ៉ាងច្រើន ពោលគឺពេញកន្លែងទាំងអស់។
លោក បឿន សុបិន បុគ្គលិកក្រុមហ៊ុន Royal Railways ដែលកំពុងធ្វើដំណើរលើក រថភ្លើងឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ បានប្រាប់អង្គភាព Fresh News ថា រថភ្លើងដឹកអ្នកដំណើរខ្សែដំបូងនេះ បានចេញដំណើរពីភ្នំពេញ នៅម៉ោង ៧៖០០នាទីព្រឹក ដោយផ្ទុកអ្នកដំណើរចំនួន ១៨០នាក់ ដោយបងប្អូនប្រជាពលរដ្ឋ មានការគាំទ្រយ៉ាងខ្លាំង។
លោកបន្តថា អ្នកដំណើរមួយចំនួន បានចុះនៅស្ថានីយខេត្តតាកែវ និងខ្លះទៀតឈប់នៅខេត្តកំពត ហើយសល់ប៉ុន្មានឈប់ នៅស្ថានីយខេត្តព្រះសីហនុតែម្តង។ លោកថា ក្នុងចំណោមអ្នកធ្វើដំណើរទាំងអស់មានមួយចំនួនជាអ្នកចង់ធ្វើដំណើរ តាមរថភ្លើងដើម្បីកម្សាន្ត ឬទេសចរណ៍ និងខ្លះទៀត ជាអ្នកដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
រថភ្លើងចេញពីភ្នំពេញ នៅម៉ោង ៧៖០០នាទីព្រឹក ទៅដល់ខេត្តព្រះសីហនុនៅម៉ោងប្រហែល ៣៖៣០នាទី។
លោក បឿន សុបិន បញ្ជាក់ឲ្យដឹងទៀតថា នៅថ្ងៃស្អែករថភ្លើងនឹងរត់២ខ្សែ នៅម៉ោង៧៖០០នាទីព្រឹក ដោយមួយខ្សែចេញពីភ្នំពេញ ទៅកាន់ព្រះសីហនុ និងមួយខ្សែទៀតចេញ ព្រះសីហនុមកភ្នំពេញវិញ។
តម្លៃសំបុត្រជិះរថយន្តភ្លើង ពីភ្នំពេញទៅតាកែវ ថ្លៃ៣ដុល្លារ ហើយពីភ្នំពេញ ទៅកំពត៥ដុល្លារ និង ពីភ្នំពេញ ទៅព្រះសីហនុតម្លៃ៦ដុល្លារ។
សូមជម្រាបថា ខ្សែរថភ្លើងដឹកអ្នកដំណើរ ពីភ្នំពេញទៅព្រះសីហនុ និងពីព្រះសីហនុមកភ្នំពេញ ចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីខកខាន មិនបានដំណើរការ អស់រាប់សិបឆ្នាំមកហើយនោះ។ តែយ៉ាងណាបន្ទាប់ពីដំណើរការ សាកល្បងរយៈពេលខ្លីនេះ ក្រុមហ៊ុនអាចនឹងពិចារណា ក្នុងដំណើរការរត់ឡើងវិញ ជាមួយនឹងល័ក្ខខណ្ឌផ្សេងៗ ហើយប្រសិនបើមានការគាំទ្រច្រើនពីប្រជាជននោះ នឹងបន្តដំណើររហូត៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី