CamNews

ព័ត៌មានជាតិ 

កម្ពុជា ទប់ស្កាត់ជំងឺ ផ្លូវដង្ហើម មជ្ឈិមបូព៌ា ដែលកំពុងរាតត្បាត នៅឧបទ្វីប បជ្ឈិមបូព៌ា

ភ្នំពេញ ៖ ក្រសួង សុខាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ខណៈដែលពិភពលោក កំពុងតែព្រួយ បារម្មណ៍ ពីការរាតត្បាតជំងឺអេបូទ្បា នៅក្នុងប្រទេសទាំង៥ នៃទ្វីបអាហ្រ្វិក តែឥទ្បូវនេះ បាននឹងកំពុង ប្រឈមនឹងជំងឺ ផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) ដែលសម្លាប់មនុស្ស សរុបចំនួន ៣១៧នាក់ និង ៧៥០ នាក់ទៀត កំពុង​តែ​មាន​ជំងឺនេះផងដែរ។

ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង លោក លី សូវ៉ាន់ បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើម​អម្ពិល នៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០១៤នេះ ឲ្យដឹងថា នៅក្នុងកំឡុងពេល ដែលពិភពលោក យើង​នេះ កំពុងតែព្រួយបារម្មណ៍ ពីការរាតត្បាតនៃជំងឺអេបូឡានោះ តែបែរជាត្រូវប្រឈមមុខនឹង ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ាមួយទៀតដែលបណ្ដាលឲ្យមានអ្នកស្លាប់ រហូតមកទល់នឹងពេលនេះ ចំនួន ៣១៧នាក់ និង​កំពុង​តែឈឺចំនួន ៧៥០នាក់។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍បន្ថែមថា «ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា(MERS) នេះបង្កទ្បើង ដោយ​មេរោគ​ឈ្មោះ កូរ៉ូណាវីរុស(Corona Virus) ដែលអ្នកវិទ្យាសាស្រ្ដ សង្ស័យថាចម្លង មកពីសត្វអូដ្ឋ និង​សត្វ​ព្រៃ​ដទៃទៀត និងអាចឆ្លងពីមនុស្សម្នាក់មកមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ ជា​ពិសេស​ការប​រិភោគ​សត្វព្រៃដែលស្លាប់ និងផ្ទុកនូវជំងឺនេះ»។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ដទៀតថា បើសិនជាអ្នកធ្វើដំណើរទៅឧបទ្វីបមជ្ឈិមបូព៌ា ហើយ មាន​អាការៈ​មិនស្រួលដែលមានរោគសញ្ញា គ្រុនក្ដៅ ក្អក ពិបាកដកដង្ហើម និងរាគ អ្នកត្រូវតែទៅ រក​គ្រូពេទ្យ​ជា​បន្ទាន់។ តែសម្រាប់អ្នកដែលមកពីទីនោះវិញ ដែលមានរោគសញ្ញាដូចខាង លើនេះ កំទ្បុង១៤ថ្ងៃ អ្នក​ត្រូវ​តែ​ទៅ​កា​ន់មន្ទីរពេទ្យភ្លាមៗ តែម្ដងដើម្បីពិគ្រោះនិង ពិសោធន៍ឲ្យបានច្បាស់លាស់ ដោយសារតែជំងឺនេះ មិន​ទាន់​មានថ្នាំណាអាចព្យាបាល ជានៅទ្បើយនោះទេ ។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ឲ្យដឹងទៀតថា ក្រសួងសុខាភិបាល នឹងខិតខំប្រឹងប្រែង ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បីការពារ និងរក្សានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជាយើង ជាពិសេស សម្រាប់​បង​ប្អូន​ទាំងអស់ ដែលបានធ្វើដំណើរទៅមជ្ឈិមបូព៌ា ដោយក្រសួងកំពុងតែតាមដាន ជំងឺនេះ យ៉ាងយកចិត្តទុកដាក់ ទាំង​នៅឧបទ្វីបមជ្ឈិមបូព៌ា ទាំងច្រកព្រំដែនអន្តរជាតិ និងពង្រឹងប្រព័ន្ធតាម ដានក្នុងប្រទេសផងដែរ។

លោកវេជ្ជបណ្ឌិត បានអំពាវនាវថា សូមឲ្យសាធារណជនទាំងអស់ មេត្ដាការពារ និងអនុវត្ដតាមការត្រួត ពិនិត្យ​របស់ក្រសួងសុខាភិបាល និងជួយផ្សព្វផ្សាយនូវវិធានការនៃការបង្ការរបស់ក្រសួង ដោយមាន ទាំងប័ណ្ណពិនិត្យសុខភាព និងសារឲ្យបានគ្រប់គ្នាផង៕


ផ្ដល់សិទ្ធិដោយ៖​ ដើមអម្ពិល


Tags: Cambodia Health Ministry respiratory diseases