ភ្នំពេញ៖ តារាចម្រៀង ប្រុសសំឡេងស្អក ល្បីឈ្មោះតាមរយៈបទ បេះដូងអើយ ធ្លាប់តែស្ថិតនៅក្នុងបេះ ដូងស្រទាប់ យុវវ័យលោក ខេម កាលពីអំឡុង១ឆ្នាំមុននេះ គឺមិនត្រឹមតែទទួលបាន នូវភាពជោគជ័យ ពីការចម្រៀងប៉ុណ្ណោះទេ ថែមទាំងបានបង្កើន នូវភាពល្បីបាន កាន់តែងខ្លាំង រហូតត្រូវបាន ទស្សនិក ជនដាក់ងារ ឱ្យជាតារាកំពូល សំឡេងស្អក ទឹកដមពីរោះទៀតផង។
ទន្ទឹមនឹងភាពជោគជ័យ ក្នុងអាជីពជាអ្នកចម្រៀង ក្នុងផលិតកម្ម ថោន នាអំឡុងឆ្នាំ២០១១ ខេម ត្រូវបាន មហាជនអ្នកគាំទ្រមជ្ឈដ្ឋានខាងក្រៅ មើលឃើញថា តារាប្រុសរូបនេះ គឺជាតារាដែលមានឱកាសច្រើន នៅលើទីផ្សារសិល្បៈ អាចទាញយកការគាំទ្របានភ្លូកទឹកភ្លូកដីពីទស្សនិកជន ។ ប៉ុន្តែមួយរយៈពេល ចុងក្រោយ ដែលដណ្តើមបានភាពល្បីហើយនោះ ខេម ហាក់ដូចជាតម្កើងឫកខ្ពស់ហួសការស្មាន ធ្វើឲ្យ មានការរិះគន់ ពីទស្សនិកជនជាអ្នកគាំទ្រ។
ស្របពេលគ្នានេះ ស្រាប់តែមានការលើកឡើង ពីមជ្ឈដ្ឋានខាងក្រៅ ជុំវិញការរិះគន់ដោយចំៗ ទៅលើ តារាចម្រៀង ខេម ថា ចាប់តាំងពីតារាប្រុសរូបនេះ មានឈ្មោះល្បីបន្តិចមក លោកក៏បានផ្លាស់ប្តូរ ឥរិ យាបទខុសប្លែកពីមុន ដោយចរិកអំនួត និងភាពល្បីរបស់ ខ្លួន ភ្លេចគិតដល់អារម្មណ៍ របស់អ្នកដែលនៅ ជុំវិញខ្លួន ជាពិសេសអ្នកគាំទ្រ។
បើតាមប្រភពខ្លះ បាននិយាយស្រដៀងគ្នានេះថា ដ្បិតតែជាងមួយឆ្នាំមុនលោក ខេម អាចទាញបាន ទីផ្សារសិល្បៈ ជាមួយនឹងប្រជាប្រិយភាព ស្ទើរទាំងស្រុង ពេញមួយឆ្នាំ ក៏ពិតមែន ប៉ុន្តែពេលនេះ ខេម ក៏ហាក់កំពុងតែ មានការធ្លាក់ចុះមកវិញ នូវប្រជាប្រិយភាព និងការគាំទ្រសម្រាប់ រយៈពេលចុងនេះ។ ខណៈទីផ្សារសិល្បៈក្នុងស្រុករបស់លោក ក៏កំពុងតែមានការស្ងប់ស្ងាត់ខ្លាំងជាងមុន។
គួរកត់សម្គាល់ថា ភាពស្ថិតស្ថេរ សម្រាប់ការដណ្តើមបានទីផ្សារសិល្បៈ ដើម្បីឆ្ពោះទៅរកការគាំទ្រ និង រក្សាបាននូវប្រជា ប្រិយភាពឲ្យយូរអង្វែងនោះ គឺអាស្រ័យទៅលើការចូលរួម លើកទឹកចិត្ត និងផ្តល់ ទំនុកចិត្ត ពីទស្សនិកជន តាមរយៈការបង្ហាញសមត្ថភាព និងទេពកោសល្យ នៃការច្រៀង និងសម្តែង របស់តារាគ្រប់ៗរូប។ ប៉ុន្តែផ្ទុយទៅវិញ បើសិនតារាចម្រៀង និងតារាសម្តែងប្រុស-ស្រីទាំងនោះ មិនបាន គិតឲ្យបានដិតដល់ ទៅលើការរៀបចំឫកពារ ឲ្យបានល្អ សម្រាប់ក្រសែភ្នែកមហាជន ជាអ្នកគាំទ្រ នោះ ទេ ភាពល្បី និងកេរ្តិ៍ ឈ្មោះអាចនឹងរបេះបាត់ទៅវិញមួយប្រព្រិចភ្នែក នៅពេលណាមួយ ជាមិនខាន នោះឡើយ។
គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយ ដោយផ្ទាល់ពី ខេម បាននៅ ឡើយទេ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នេះ ។ LookingTODAY ស្វាគមន៍ជានិច្ច ចំពោះការ ចេញមុខបកស្រាយ ពីតារាចម្រៀង ខេម នៅពេលក្រោយ ដោយក្ដីរីករាយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល