តារាសំដែងជនជាតិហុងកុងដ៏ល្បី ដែលមានអាយុ ៦០ឆ្នាំហើយនោះ លោក Jackie Chan (ឈិន ឡុង) បាននិយាយថា៖ គាត់នឺងបន្តប្រថុយជីវិតរបស់គាត់ ក្នុងការធ្វើ រឿងឆ្កួតៗ នៅក្នុងអាជីពជាតារាសំដែង បន្តទៀត។
តារាសំដែងជនជាតិហុងកុងម្នាក់នេះ បានប្រាប់ Sky News ថា៖ គាត់គ្មានគំរោងបញ្ចប់ អាជីពរបស់គាត់ទេ។ គាត់និយាយថា៖ គាត់នៅតែបន្តធ្វើរឿងឆ្កួតៗ ធ្វើឲខ្លួន របស់គាត់ឈឺ និងលោតពីលើអគារជាដើម។ ថ្វីបើ ដឹងថា គាត់មានវ័យចំណាស់ ក៏ដោយ ប៉ុន្តែចំនួនអ្នកគាំទ្ររបស់គាត់នៅតែច្រើន។ គាត់បាននិយាយទៀតថា៖ គាត់មាន សំពាធជាច្រើន ទស្សនិកជន មិនដែលគិតថា គាត់កាន់តែចាស់នោះទេ ពួកគេគិតថា គាត់អាចធ្វើអ្វីៗបានទាំងអស់។ គាត់ មិនមែនជា Superman ទេ គាត់មានអាយុ ៦០ឆ្នាំហើយ។
Jackie បានចាប់ផ្តើមអាជីពរបស់គាត់ នៅក្នុងរឿង Bruce Lee ក្នុងឆ្នាំ ១៩៧០ មុនពេលមានកេរ្តិ៏ឈ្មោះ ជាអន្តរជាតិ ក្រោយពីបានចូលរួមក្នុងវិស័យភាពយន្ត អាមេរិកកាំង កាលពី ២០មុន ដូចជារឿង Rumble In The Bronx និង Rush Hour។
ដោយទីផ្សារភាពយន្តប្រទេសចិនឥលូវនេះ គឺជាទីផ្សារធំបំផុតទីពីរ បន្ទាប់ពី ប្រទេសអាមេរិក ដូចនេះ ហូលីវូដ កំពុងសំលឹង មើលប្រទេសចិន ក្នុងការដាក់ទុន ទៅលើការលូតលាស់របស់ប្រទេសនេះ។ ភាពយន្តថ្មីៗ មួយចំនួន ត្រូវបានថត នៅលើទឹកដីប្រទេសចិន រួមមាន Skyfall និង Transformers (Age Of Extinction) ចំនែកឯ Iron Man 3 ត្រូវបានសហការផលិតជាមួយក្រុមហ៊ុនមួយក្នុងទីក្រុង សៀងហៃ។
Jackie បាននិយាយថា៖ ការផ្សារភ្ជាប់វិស័យភាពយន្តចិន និង អាមេរិក គឺជារឿង ល្អសំរាប់ប្រទេសទាំងពីរ ដែលអាច ឲពួកយើង យល់ដឹងពីគ្នាទៅវិញទៅមក បន្ថែមទៀត។ គាត់បន្តទៀតថា៖ យើងបាននាំចូលភាពយន្តអាមេរិកជាច្រើន ដូច្នេះ យើងអាចយល់ដឹងពីវប្បធម៌ ចំរៀង និងរបៀបរស់នៅរបស់គេបាន។ ទន្ទឹមនឹងនេះ យើងពិតជាត្រូវការឲទីផ្សារ អាមេរិក យល់ដឹងអំពីវប្បធម៌របស់យើងផងដែរ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news