ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sina បានឲ្យដឹងថា មានឧបទ្ទវហេតុមួយដែលបានកើតឡើងនៅឯក្រុង Yinchuan ក្នុងខេត្ត Ningxia ប្រទេសចិន កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ អំឡុងពេលសម្ពោធរឿង "Tiger Squad" ដែលមាន Jackie Chan ជាភ្ញៀវកិត្តិយស ស្រាប់តែមានបុរសម្នាក់បានលោតពីលើទីខ្ពស់ កម្ពស់ប្រមាណ៥ម៉ែត្រ ព្រោះតែចង់ជួប Jackie Chan ។
គេឃើញបុរសដដែលរូបនេះ បានស្រែកពីលើអគារជាន់ទី២ក្បែរឆាកថា "មិនងាយទេ បានជួបបងធំ Jackie Chan នៅកន្លែងទេ ខ្ញុំនឹងស្វាគមន៍គាត់តាមរបៀបពិសេស ។ បន្ទាប់ពីនិយាយរួចហើយ ខ្លួនក៏ហក់ពីលើអគារ ហើយទើលើគ្រោងឆាកដែលទុកសម្រាប់បញ្ជាភ្លើងនិងសំឡេងក្បែរនោះ ។
ចំណែកឯអ្នកគ្រប់គ្នាវិញ បានជ្រួលច្របល់និងស្លន់ស្លោជាខ្លាំង សូម្បីតែ Jackie Chan ក៏បានលួងលោមបុរសម្នាក់នោះ កុំឲ្យធ្វើអ្វីផ្ដេសផ្ដាស ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។ លោកនិយាយថា "ប្រសិនជាប្អូនបន្តធ្វើដូចនេះ ខ្ញុំនឹងចាកចេញភ្លាម។" តែបុរសនោះមិនស្ដាប់ពាក្យអ្នកដទៃហាមទាល់តែសោះ ក៏លោតចុះមកក្រោមទៀត ហើយពេលនោះ អ្នករៀបចំកម្មវិធីក៏រត់ឆ្លេឆ្លាទៅជួយបុរសនោះយកទៅពិនិត្យ ក្រែងលោមានរបួស។ រីឯ Jackie Chan បានចាកចេញភ្លាមៗ ហើយជំនួបតារានាពេលល្ងាចនោះក៏ត្រូវបានគេលុបចោលជាស្ថាពរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ zing