CamNews

តារា 

មាស សុខសោភា ក្រើនរំឭកដល់​តារាគ្រប់រូប ពេលល្បី​កុំរើសអើងអ្នកគាំទ្រ

ភ្នំពេញ៖ អ្នកចម្រៀងប្រចាំ ផលិតកម្មថោន នាង មាស សុខសោភា ត្រូវបានមហាជនស្គាល់ យ៉ាងច្បាស់ថា ជាតារាចម្រៀងមានឈ្មោះ បោះសំឡេង និងរក្សានូវការគាំទ្របានយូរ បើទោះបីជាមកដល់ពេលនេះ នាងហាក់មានវ័យ ជ្រេបន្តិចក៏ពិតមែន។ ប៉ុន្តែតារាចម្រៀងសំឡេង ក្រអួនក្រអៅ មាស សុខសោភា នៅតែបន្តខិតខំច្រៀង បញ្ចេញសមត្ថភាព តាមរយៈឆាកប្រគំតន្រ្តី នៅតាមបណ្ដាខេត្តឆ្ងាយៗ និងតាមស្ថានីយទូរទស្សន៍នានា។

តារាចម្រៀង មាស សុខសោភា ថ្វិត្បិតនាងជា តារាចាស់វស្សាបន្តិចហើយក៏ពិតមែន ប៉ុន្តែតារាច្រៀងរូប នេះ នៅតែរក្សាបាន ប្រជាប្រិយភាព និងការគាំទ្រច្រើនឡើងៗ។ ខណៈដែលតារាប្រុស-ស្រីវ័យក្មេង និងជើងចាស់មួយចំនួន កំពុងតែបាក់ស្រុត ធ្លាក់ចុះ នូវសំឡេងគាំទ្រយ៉ាងកំហុគ ដោយសារតែភាពអំនួតតម្កើនខ្លួន វាយឫកជ្រួលហួសហេតុ ដាក់ក្រសែភ្នែកទស្សនិកជន ដែលជាអ្នកគាំទ្រ។

ដើម្បីចង់ដឹងថា តើអ្នកចម្រៀងលំដាប់ជួរមុខ របស់ផលិតកម្ម ថោន អ្នកនាង មាស សុខសោភា ធ្វើយ៉ាងម៉េច បានជាអាចរក្សាភាពល្បីឈ្មោះ ជាតារាចម្រៀង កុំឲ្យបាត់បង់ ហើយនៅឈរលើលំដាប់កេរ្ដិ៍ឈ្មោះល្បីយូរ?

ឆ្លើយឆ្លងជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ អ្នកនាង មាស សុខសោភា បានប្រាប់ឲ្យដឹង ថា "ចំពោះខ្លួនខ្ញុំ គិតថាការរក្សាបាន នូវប្រជាប្រិយភាព និងការគាំទ្រព្រមទាំងកេរ្តិ៍ឈ្មោះល្បីឲ្យ បានស្ថិតស្ថេរនោះ គឺអាស្រ័យលើតារាខ្លួនឯង ដោយផ្ទាល់ ពោលគឺយើងទាំងអស់ ជាអ្នកសិល្បៈ ត្រូវមានចិត្តមួយ ដោយការទាមទារប្រឹងថែរក្សា ឲ្យបានបើយើងទទួលការគាំទ្រ មានកេរ្ដិ៍ឈ្មោះល្បីហើយ.."។

អ្នកនាង មាស សុខសោភា បានបញ្ជាក់ប្រាប់ថា ភាពចាំបាច់ដែលត្រូវតែមាននោះ គឺទី១ ការរៀបចំអត្តចរិក ឲ្យបានស័ក្តិសម សម្រាប់ក្រសែភ្នែកទស្សនិកជន ជាអ្នកគាំទ្រ និងការប្រកាន់ខ្ជាប់ នូវតម្លៃអ្នកគាំទ្រ ។ ចំណុចទី២ ភាពទាន់សម័យ ឬហៅថា ការស្ទីលថ្មីៗ ។ ចំណុចនេះ ចង់និយាយថា យើងជាតារាធ្វើយ៉ាងម៉េច ត្រូវរិះរកអ្វីដែលថ្មី និងប្លែកភ្នែកសម្រាប់អ្នកគាំទ្រ ដូចជាក្បាច់រាំ , បទចម្រៀង និងការតុបតែងខ្លួនជាដើម ប៉ុន្តែកុំឲ្យជ្រួលហួសពេក។

ជាមួយគ្នានេះ អ្នកនាង មាស សុខសោភា ក៏បានបន្ថែមទៀតថា ការដែលនាងអាចរក្សាបានការគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីរហូតដល់សព្វថ្ងៃនេះ គឺដោយសារតែការរៀបចំ អត្តចរិកឫកពារ ការឲ្យតម្លៃដល់បង ប្អូនជាអ្នកគាំទ្រ គោរពពេលវេលា និងរើសយកគំនិតល្អៗ មកអនុវត្តន៍។ មាស សុខសោភា បានបន្តទៀតថា "បើទោះបីខ្ញុំមាន ឈ្មោះល្បី ក៏ពិតមែន តែមិនដែលមានអារម្មណ៍ ឬគិតថារើសអើង ដល់អ្នកគាំទ្រម្នាក់ណានោះឡើយ ត្រង់ចំណុចនេះហើយ ទើបពួកគាត់តែឲ្យតម្លៃ និង នៅតែបន្តគាំទ្រខ្ញុំរហូតមកដល់សព្វថ្ងៃ..!៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: meas soksophea singer entertainment khmer stars មាស​ សុខសោភា