CamNews

ប្រជាជនទី ៧ពាន់លានបានចាប់កំណើតហើយនៅក្នុង ប្រទេស ហ្វ៊ីលីពីន

ទារិការឈ្មោះ Danica May Camacho ជាជនជាតិ ហ្វ៊ីលីពីនទើបតែបានចាប់កំណើតនៅព្រឹក
ថ្ងៃទី ៣១ខែតុលាម្សិលម៉ិញ នៅក្នុងមន្ទីរពេទ្យ Jose Fabella Memorial ក្នុងទីក្រុង Manila និង
ត្រូវបានអង្គការសហប្រជាជាតិធ្វើការជ្រើសរើសធ្វើជាកំណត់សំគាល់ថាប្រជាជននៅទូទាំង
ពិភពលោកបានឈានដល់កំរិតចំនួន ៧ពាន់លាននាក់ហើយ ។

ទារិការនេះមានទំងន់ ២,៥គីឡូក្រាម បានចាប់កំណើតនៅព្រឹកថ្ងៃទី ៣១ខែតុលាម្សិលម៉ិញ
ម៉ោងក្នុងស្រុក ។ នៅចំពោះមុខវត្តមាននៃក្រុមអ្នកយកពត៌មានយ៉ាងច្រើន ម្តាយរបស់ទារិការ
ឈ្មោះ Camille Dalura បានថើបថ្ងាសកូនរបស់ខ្លួនដោយថ្នមៗរួចនិយាយថា "មើលទៅនាង
មិនសូវជាស្អាតប៉ុន្មានទេ ប៉ុន្តែខ្ញុំមិនអាចជឿបានសោះថានាងតូចស្រាប់តែបានកា្លយជា
ប្រជាជនទី ៧ពាន់លាន នៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោកទៅវិញ � ។

Danica អត្ថន័យក្នុងភាសាតំបន់មានន័យថា "ផ្កាយព្រឹក"​ និងជាកូនទីពីររបស់ស្រី្តឈ្មោះ
Camille Dalura និងលោក Florante Camacho ។ ហើយឈ្មោះនេះគឺត្រូវបានដាក់អោយ
ដោយសមាជិកនៃអង្គការសហប្រជាជាតិផ្ទាល់ ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍
របស់ពិភពលោកចំពោះកំណើនប្រជាជននេះឯង ។

មានអង្គការមួយចំនួននិយាយថាទាល់តែឈានដល់ឆ្នាំក្រោយទើបចំនួនប្រជាជននៅទូទាំង
ពិភពលោកឈានដល់ចំនួន ៧ពាន់លាននាក់ ។ ប៉ុន្តែអង្គការសហប្រជាជាតិនៅតែកំណត់
យកថ្ងៃទី ៣១ ខែតុលា ដើម្បីធ្វើការកំណត់នៃចំនួននេះ ។ អាស្រ័យដូច្នេះហើយទារិការ
Danica មានកិត្តិយសបានក្លាយជាប្រជាជនទី ៧ពាន់លាននៅលើផែនដីយើងនេះតែម្តង ។
ហើយក៏នឹងទទួលបាននូវអាហារូបករណ៍ផ្នែកការអប់រំពីសំណាក់សប្បុរសជនទាំងឡាយ រីឯ
ឪពុកម្តាយរបស់ទារិការនោះវិញក៏នឹងទទួលបានការឧបត្ថម្ភជាថិវិការមួយចំនួនសំរាប់បើក
ហាងរកទទួលមួយផងដែរ ៕

ប្រភព៖ SGTT
ដោយ៖ រដ្ឋា