CamNews

តារា 

ក្រុមតារាចម្រៀង Legacy ខ្ទាតចេញពីហង្សមាស ទៅ Pleng record

ភ្នំពេញ៖ បើគិតមកដល់ពេលនេះ ក្រុមតារាចម្រៀង ស្រស់សង្ហា Legacy គឺបានឈានជើង
ចូលផលិតកម្មរស្មី ហង្សមាស រយៈពេលមួយឆ្នាំហើយ តែមិនទាន់ឃើញមាន បទចម្រៀង
សូម្បីមួយបទ លក់លើទីផ្សារនោះឡើយ។ គេសង្កេតឃើញថា ដំបូងក្រុមនេះ មានសមាជិក
6 នាក់សុទ្ធតែជា កំលោះសង្ហា និងមានក្បាច់រាំពិសេសៗ មិនចាញ់តារាបរទេស ប៉ុន្មានទេ ។
ស្រាប់តែមិនបាន ប៉ុន្មានផង ក៏បាត់បង់ សមាជិកម្នាក់ ដោយសារ ហង្សមាសដកចេញ ហើយ
មូលហេតុមិនត្រូវ បានទំលាយឲ្យដឹងជា សាធារណៈនោះទេ ។

យុវវ័យដែលខំគាំទ្រ ក្រុមតារាចម្រៀង ថ្មីនេះ តែងទន្ទឹងរង់ចាំស្ដាប់ បទចម្រៀងថ្មី យ៉ាងអន្ទះសារ
តែការរង់ចាំរបស់ពួកគេ ហាក់ដូចជា យូរពេកហើយ ។ ស្រាប់តែលេចឮថា ក្រុមចម្រៀងនេះបាន
ចូលផលិតកម្ម ភ្លេងរីខដ បន្ទាប់ពីមានរឿងរកាំរកូស មិនអស់មិនហើយ របស់សមាជិក Legacy
ម្នាក់បានផ្ទុះជម្លោះ បែកផ្សែងជាមួយតារា ចម្រៀងស្រីស្រស់ ពេជ្រ សោភា តាមរយៈបណ្ដាញ
សង្គម Facebook ខណៈដែលគេដឹងថា នាងជាអ្នកនាំពួកគេ ចូលក្នុងហង្សមាស។

លោក ខេមរៈ តារា ដែលជាកវីនិពន្ធ មួយរូបប្រចាំ ផលិតកម្ម Pleng record បានផ្ដល់បទសម្ភាស
តាមទូរស័ព្ទប្រាប់ Looking TODAY ថាក្រុម Legacy កំពុងស្ថិតក្នុងផលិតកម្មថ្មី អាចនឹងចេញបទ
នៅពេលក្រោយ តាមទិន្នន័យដែល លោកទទួលបាន គឺ ក្រុមនេះមានសមាជិក៥ នាក់ដដែល
ខណ:ដែលសមាជិក ម្នាក់ក្នុងចំណោម ៥នាក់នោះកំពុងរស់នៅ សហរដ្ឋអាមេរិកក៏ដោយ ។

ចំណែកតារាចម្រៀង ពេជ្រ សោភា ក៏និយាយដែរថា ឥលូវមិនសូវបានច្រៀងជាមួយក្រុមកំលោះ
សង្ហា នោះទៀតទេ តាំងពីមានជម្លោះ ជាមួយពួកគេ ហើយរហូតក្រុមនេះ ទៅផលិតកម្ម Pleng
record ក៏លែងមាន ទំនាក់ទំនងអ្វីទៀតដែរ ។

គេមិនទាន់អាចដឹង នៅឡើយទេថាហង្សមាស អាចបញ្ចេញ ក្រុមចម្រៀងនេះ វាយលុកទីផ្សារ
ឬក៏អត់នោះទេ ខណៈដែលតារា ចម្រៀងផ្សេងៗទាំងថ្មី ទាំងចាស់ជាច្រើនដួង នៅក្នុងផលិតកម្ម
ត្រូវបានផលិតកម្ម ផ្សព្វផ្សាយព្រោងព្រាត ទាំងក្នុងបណ្ដាញ សង្គម Facebook ប៉ុន្តែគេពុំបាន
ឃើញ ក្រុមតារាចម្រៀង Legacyនោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: legacy Pleng record singer entertainment khmer stars