ព័ត៌មានអន្តរជាតិ ៖ នាវាខ្មោច របស់ប្រទេសថៃ ដែលត្រូវបានគេជឿថា ជាទីកន្លែងតែមួយគត់ មានការរំលោភសិទ្ធមនុស្សខ្លាំងខ្លា នោះគឺ ការធ្វើទារុណកម្ម កសិករ អោយក្លាយទៅជា ទាសករ ដោយមានតាំងពីការបង្អត់អាហារ ការកាប់សម្លាប់ ជាដើម ដើម្បីធ្វើយ៉ាងណា ធានាអោយបានថាបណ្តាក្រុមកម្មករទាំងនោះ ពិតជាបានបំពេញការងារអោយសង្វាក់ផលិតកម្មរបស់ខ្លួនអោយមាន ប្រសិទ្ធភាព នេះបើយោងតាម ការធ្វើការតាមដានស៊ើបអង្កេត ពីទំព័រសារព័ត៌មានបរទេស The Guardian ។
របាយការណ៍ បន្តបញ្ជាក់អោយដឹងថា ទាសករ ត្រូវបានគេបង្ខំអោយធ្វើការ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈស្ថិតនៅក្រោមរូបភាព គំរាមគំហែង ដើម្បីបង្កជាលក្ខណៈងាយស្រួល ក្នុងការធ្វើអោយ សង្វាក់ផលិតកម្ម គ្រឿងសមុទ្រអាស៊ី អាចនាំចេញទៅកាន់ទីផ្សារលក់រាយ នៅតំបន់អឺរ៉ុប អាមេ រិក ចក្រភពអង់គ្លេស នេះបើតាមការរកឃើញពីទំព័រ Guardian ។
ក្មេងប្រុសវ័យក្មេង ជាកម្មករ អន្តោប្រវេសន៍ខុសច្បាប់ កំពុងតែលើកធុង ដាក់លើទូកនេសាទ របស់ខ្លួន
នៅឯផែ Songkhla ប្រទេសថៃ
រយៈពេល ៦ ខែ នៃការសិក្សាស្រាវជ្រាវ បានបញ្ជាក់បានអោយដឹងថា ក្រុមបុរសមួយចំនួនធំ ត្រូវ បានគេនាំខ្លួនយកទៅលក់ ប្រៀបបានទៅនឹងសត្វធាតុ ដោយតម្រូវអោយបម្រើការងារ ប្រៀប បានទៅនឹង ទាសករ ធ្វើការក្បត់ឆន្ទះរបស់ខ្លួន នៅលើទូកនេសាទ របស់ថៃ ដើម្បីដំណើរការ សង្វាក់ផលិតកម្មគ្រឿងសមុទ្រ ផលិតបង្គាគ្រៀម នាំចេញទៅកាន់ទីផ្សារពិភពលោក ដោយនៅ ក្នុងនោះ មានការផ្គត់ផ្គង់ទៅដល់ ទីផ្សារលក់រាយទាំង ៤ ធំបំផុត របស់ពិភពលោក Walmart Carrefor Costco និង Tesco ។
បន្ថែមពីលើនេះ ការតាមដានស៊ើបអង្កេត រកអោយឃើញថា សហគ្រាសផ្គត់ផ្គង់បង្គា ធំបំផុត របស់ពិភពលោក មានមូលដ្ឋាននៅក្នុងប្រទេសថៃ មានឈ្មោះថា Charoen Pokphand (CP) Foods បានធ្វើការបញ្ជាទិញ សាច់ត្រី ដើម្បីយកធ្វើចំណី ដល់បណ្តា បង្គា របស់ខ្លួន ខណៈរាល់ សាច់ត្រីទាំងអស់នោះ ត្រូវបានបញ្ជាទិញ ពីទូកនេសាទ របស់ថៃ ដែលកំពុងតែបម្រើការដោយ ទាសករ កសិករ ។
ក្រុមបុរសជាច្រើននាក់ ដែលបានរត់គេចខ្លួនបានសម្រេច ពីសហគ្រាសផលិត CP Foods ក៏ដូច ជាក្រុមហ៊ុន និង សហគ្រាស ដទៃទៀត ស្រដៀងគ្នានេះ បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រ Guardian ពីលក្ខខ័ណ្ឌដ៏គួរអោយខ្លាច នាពេលកន្លងទៅ រួមមានដូចជា ៖ ធ្វើការក្នុងមួយវេនៗ លើសពី ២០ ម៉ោង ការវាយដំជាប្រចាំ ការធ្វើទារុណកម្ម និង សម្លាប់ជាដើម ។ ទាសករការងារ ខ្លះ បានបម្រើការងារនៅទីនោះ ដល់ទៅ មួយឆ្នាំ ខណៈមានការផ្គត់ផ្គង់ គ្រឿងញៀន ដើម្បីរក្សា អោយពួកគេនៅបម្រើការ ក៏ដូចជា សម្លាប់ ទាសករ ការងារផ្សេងទៀត នៅនឹងមុខ ជាដើម ។
កម្មករអន្តោប្រវេសន៍ខុសច្បាប់ មានគ្នាដល់ទៅ ១៥ នាក់ មកពីប្រទេស កម្ពុជា ក៏ដូចជាភូមាបាន អះអាងបញ្ជាក់ពីដំណើរដើមទង ដែលបានបណ្តាលអោយពួកគេក្លាយទៅជា ទេសករ ការងារ នៅលើទូកនេសាទថៃ ពោល ពួកគេ ហេតុតែចង់បានការងារធ្វើចំណាកស្រុកពួកគេបានបង់ប្រាក់ មួយចំនួនទៅអោយមេខ្យល់ តែដឹងអីថា ជាមួយនឹងគំនិត អគតិ មិនគិតពី សិទ្ធមនុស្ស ក៏ដូចជា មនុស្សធម៌ មេខ្យល់ទាំងនោះ បានយកពួកគេមកលក់អោយ ទូកនេសាទថៃទៅវិញ ។
ខ្ញុំគិតថា ខ្ញុំបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ នេះជាសម្តី បុរសម្នាក់ ឈ្មោះ វុទ្ធី ជាអតីតលោក សង្ឃកម្ពុជាម្នាក់ ដែលត្រូវបានលក់ ជាបន្តបន្ទាប់ ពីទូកនេសាទមួយគ្រឿង ទៅទូកនេសាទមួយ គ្រឿងផ្សេងទៀត ។ ពួកគេព្យាយាម រក្សាយើងទុក ដោយដាក់នឹងច្រវាក់ ពួកគេពិតជាមិនខ្វល់ និឹងពួកយើងនោះទេ ពោល ពុំមានផ្តល់ជាចំណីអាហារនោះទេ ប្រៀបបានទៅនឹងសត្វធាតុ តែ ច្បាស់ណាស់ នេះមិនមែនជាសត្វធាតុនោះទេ ជាមនុស្ស ដូចគេដូចឯង ត្រូវការអាហារ និង ការ សម្រាក ដើម្បីរស់ដូចតែគ្នា ។
យ៉ាងណាមិញ ជនរងគ្រោះ ជួញដូរម្នាក់ផ្សេងទៀត បានបញ្ជាក់ថា គាត់បានឃើញ មានតាំងពី ការសម្លាប់ទាសករ កសិករ ច្រើនជាង ២០ នាក់ នៅពីមុខគាត់ ចូលទៅក្នុងសមុទ្រ ថែមទៀតផង ពួកយើងត្រូវបានគេវាយដំ ធ្វើទារុណកម្ម បើទោះជាខិតខំ បំពេញការងារ បានល្អ ក៏ដោយចុះ នេះ បើយោងតាមសម្តីបុរសម្នាក់ផ្សេងទៀត ។
សេចក្តីរាយការណ៍ បញ្ជាក់បានអោយដឹងថា ក្រៅពីដៃគូសហការ ជាក្រុមហ៊ុនទទួលយក នូវការ ផ្គត់ផ្គង់ គ្រឿងសមុទ្រ ពីសហគ្រាស ដ៏ធំរបស់ពិភពលោក CP Foods គេក៏បានរកឃើញ នូវក្រុម ហ៊ុនដែលជាដៃគូសហការ ក្រៅអំពីក្រុមហ៊ុនដែលរៀបរាប់នៅខាងលើ ដូចគ្នាដែរ ។ គួររំឭកថា ខ្សែសង្វាក់នៃការផ្គត់ផ្គង់ មានលក្ខណៈជាប្រព័ន្ធនេះ វាក៏ជាដើមទងមួយ ដែលនៅពីក្រោយ ការ ផ្គត់ផ្គង់ មានការរំលោភសិទ្ធមនុស្ស ជាប្រព័ន្ធ ដូចគ្នាដែរ ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ក៏ធ្លាប់មានរបាយការណ៍ ពីអង្គការ សហប្រជាជាតិ United Nation ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល ស្តីអំពី ហានិភ័យ នៃទាសករ ការងារ នៅលើទូកនេសាទ របស់ប្រទេសថៃ ។ ក៏ប៉ុន្តែ នាពេលនេះ វាគឺជាលើកដំបូងហើយ ដែលទំព័រ Guardian បានធ្វើការ ចេញផ្សាយ ជាសាធារណ ក្រោយពីធ្វើការតាមដានស៊ើបអង្កេត អ្វីដែលនៅពីក្រោយ ការផ្គត់ផ្គង់ ជាលក្ខណៈប្រព័ន្ធ នោះគឺ ការរំលោភ សិទ្ធមនុស្សជាប្រព័ន្ធ ទម្រាំតែបាន ផលិតបាន និងចែក ចាយទៅកាន់ទីផ្សារលក់រាយពិភពលោក ។
លោក Aidan McQuade នាយកប្រតិបត្តិ មកពីអង្គការ ប្រយុទ្ធប្រឆាំងទៅនឹង ទាសករ អន្តរជាតិ Anti-Slavery International បញ្ជាក់បានអោយដឹងថា បើសិនណាលោកណា មានការបញ្ជាទិញ ឬក៏ទិញ បង្គាស្រស់ ឬគ្រៀម ពីប្រទេសថៃ នោះបានន័យថា លោកអ្នក កំពុងតែទិញនិតិវិធី នៃ ទាសករការងារ ដូចគ្នាដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ theguardian