CamNews

តារា 

ទូរស័ព្ទចាស់មួយ របស់តារាល្បីកូរ៉េ Lee Min Ho ត្រូវបានគេទិញ ក្នុងតំលៃជាង ៣ម៉ឺន ដុល្លារ

កាលពីវេលាម៉ោង ១០ ថ្ងៃម្សិលមិញ (ថ្ងៃទី ៦ មីនា) នៅលើគេហទំព័រ Taobao  បានធ្វើពិធី លក់ដេញ ថ្លៃ ទូរស័ព្ទចាស់មួយរបស់ តារាសម្តែងដ៏សង្ហាល្បីឈ្មោះរបស់កូរ៉េគឺ លោក Lee Min Ho ។ ទូរស័ព្ទនេះ ត្រូវបានគេដាក់ចេញតំលៃដេញថ្លៃចាប់ផ្តើមដំបូង ចំនួនតែ ៣៨០ យន់ (ប្រហែល ៦២ ដុល្លារ) ប៉ុណ្ណោះ។ ជាក់ស្តែងក្រោយនោះតែ ១៥នាទី មានអ្នកគាំទ្រម្នាក់ បានឲ្យតំលៃដល់ទៅ ១៨៥១៦០ យន់ (ប្រហែលនឹង ៣០២២០ ដុល្លារ) ដើម្បីទិញយកទូរស័ព្ទមួយគ្រឿងនេះ។

ចំនួនខាងលើនេះ បានឈប់ ទ្រឹងរយះពេល ២ម៉ោង។ បន្ទាប់មកក៏ស្រាប់តែលេចចេញ នូវអ្នកគាំទ្រ ម្នាក់ផ្សេងទៀត បានឲ្យតំលៃ ឡើងដល់​ ១៨៥២៦០ យន់ (ប្រហែលនឹង ៣០២៣៧ ដុល្លារ)។ បើតាម អ្នករៀបចំកម្មវិធីដេញថ្លៃ ចំនួនចុងក្រោយនេះ វាលើសពីចំនួនដាក់ចេញ ដល់ទៅ ៤៨៧ ដងឯណោះ។

ចំណែកឯខាងអ្នកតំណែងរបស់ Taobao បានឲ្យដឹងថា ព្រឹត្តិការណ៍ដាក់ដេញថ្លៃរបស់ពួកគេ នឹងបញ្ចប់ នៅថ្ងៃទី ៨ ខែមីនា ស្អែកនេះ ជាមួយនឹងវត្ថុប្រើប្រាស់របស់ អ្នកសិល្បៈល្បីឈ្មោះ ដែលលើកយកមក ដាក់ដេញថ្លៃមានដូចជា សម្លៀកបំពាក់​ កាំបិត វែនតា ជាដើម។ ក្នុងនោះ ទូរស័ព្ទរបស់ Lee Min Ho  មានភាពលេចធ្លោ ទទួលការចាប់អារម្មណ៍ ច្រើនជាងគេបំផុត។

គួរបញ្ជាក់ផងដែរថា​នៅក្នុងទូរស័ព្ទ ដែលបានដាក់ដេញថ្លៃរបស់ Lee Min Ho មានផ្ទុកនូវរូបភាពផ្ទាល់ ខ្លួនរបស់តារារូបនេះ ជាមួយនឹងមិត្តភក្តិ និងអ្នកគាំទ្រ ជាច្រើនសន្លឹក ផងដែរ៕


ប្រែសម្រួល​៖ សិលា
ប្រភព៖ kenh14

Tags: Lee Min Ho old phone Entertainment Korean Super star actor