CamNews

តារា 

រឿងក្តី "Justin Bieber មានកូនលួចលាក់" ដល់ ដំណាក់កាលបញ្ចប់

តាមគេហទំព័រ TMZ អោយដឹងថាស្រ្តីឈ្មោះ Mariah Yeater បានធ្វើការដកនូវពាក្យបណ្តឹង
របស់ខ្លួនដោយស្ងៀមស្ងាត់ ដែលនាងបានប្តឹងទៅតុលាចោទប្រកាន់ទៅលើតារាចំរៀងវ័យ
ក្មេង Justin Bieber ថាមានទំនាក់ទំនងផ្លូវភេទជាមួយនាងរហូតដល់មានកូន និងបានទាម
ទារអោយ Justin Bieber ទទួលខុសត្រូវនៅក្នុងរឿងនេះ ។ ទំព័រដដែលក៏បានអោយដឹងដែរ
ថានាង Mariah បានដកយកពាក្យបណ្តឹងនោះមកវិញកាលពីសប្តាហ៍មុន បន្ទាប់ពីនាងបាន
ដាក់ពាក្យប្តឹងនេះទៅតុលាបានពីរសប្តាហ៍។ មេធាវីពីររូបដែលការពារក្តីអោយនាង Mariah
Yeater ឈ្មោះ Lance Rogers និង Matt Pare ក៏បានបោះបង់នូវបណ្តឹងក្តីនោះផងដែរ ។
ការដកយកពាក្យបណ្តឹងមកវិញនេះបានធ្វើឡើងបន្ទាប់ពីក្រោយពេលដែល Justin Bieber
ប្រកាសថាខ្លួនសុខចិត្តធ្វើវិភាគលើ ADN ហើយមិនតែប៉ុណ្ណោះតារាចំរៀងវ័យក្មេងរូបនោះក៏
បានប្រកាសថានឹងធ្វើការប្តឹងបកទៅវិញលើនាង Mariah Yeater ពីបទចោទប្រកាន់ថានាង
Mariah Yeater ចោទខុសពីការពិត ។

Mariah Yeater បានធ្វើអោយបណ្តាទស្សនិកជនជាច្រើនដែលនិយមគាំទ្រដល់តារាចំរៀង
Justin Bieber និងមិត្តស្រីគឺនាង Selena Gomez មានការភ្ញាក់ផ្អើលនិងរន្ធត់ជាខ្លាំង នៅពេល
ដែល Mariah Yeater បានប្រកាសថា Justin គឺជាឪពុកបង្កើតរបស់កូនប្រុសខ្លួន ។ Mariah
និយាយថានេះគឺជាលទ្ធិផលកើតឡើងនៅក្រោយពេលការមានទំនាក់ទំនងផ្លូវភេទជាមួយ
គ្នានៅក្នុងបន្ទប់ទឹកមួយ ក្រោយពេលបញ្ចប់ការប្រគុំតន្ត្រីនៅឯ Staples Center នាទីក្រុង
Los Angeles កាលពីថ្ងៃទី ២៥ ខែតុលាឆ្នាំមុន ។

នៅក្នុងកិច្ចសម្ភាសមួយជាមួយប៉ុស្តិ៍ទូរទស្សន៍ The Insider កាលពីសប្តាហ៍មុន, Mariah បាន
និយាយថា៖ "Justin Bieber គ្រាន់តែឃើញភ្លាមគឺស្រលាញ់ខ្ញុំភ្លែត,ពួកខ្ញុំបានជជែកលេងជា
មួយគ្នាអស់រយៈពេលដ៏យូរ លុះក្រោយមកគាត់ (Justin Bieber) បានសួរខ្ញុំថា តើរំខានដែររឺ
ទេប្រសិនជាពួកយើងដើរលេងនៅកន្លែងណាមួយដែលមានតែពីរនាក់នោះ?"


នៅពេលដែលសួរថាតើមានអ្វីជាសាក្សីបញ្ជាក់ថាសំដីរបស់ខ្លួនជាការពិត Mariah Yeater
បាននិយាយថានាងបានផ្តល់វាទៅអោយមេធាវីរបស់ខ្លួនអស់ហើយ ហើយក៏មិនអាចធ្វើការ
បរិយាយនៅលើកញ្ចក់ទូរទស្សន៍បានដែរ។ នាងនិយាយបន្ថែមថា ៖ "វានឹងត្រូវបានលាត
ត្រដាងនៅក្នុងតុលាការដើម្បីបញ្ជាក់ថាពាក្យចោទប្រកាន់នោះគឺជាការពិត" ។

កន្លងមកកម្មវិធីទូរទស្សន៍ The Insider ក៏ធ្លាប់បានធ្វើកិច្ចសម្ភាសដោយឡែកមួយផងដែរជា
មួយអ្នកការពារសន្តិសុខម្នាក់កាលពីពេលថ្មីៗនេះ ។ អ្នកការពាររូបនោះបាននិយាយថា នៅ
ក្នុងរាត្រីថ្ងៃដែលមានការចោទប្រកាន់នោះ នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ Justin
Bieber គឺឃើញមានមិត្តភក្តិរបស់ Justin ជាច្រើន ហើយពួកគេបាននៅជាមួយគ្នារហូតដល់
ពេលដែល Justin ចាកចេញទៅ ។ នៅពេលដែលសួរបញ្ជាក់លើសំដីបកសា្រយរបស់អ្នក
ការពារសន្តិសុខ, Mariah Yeater និយាយថា"ខ្ញុំមិនធ្វើការអធិប្បាយទេ" ។

ភាពប្រាកដប្រជានូវសំដីប្រកាសរបស់ Mariah Yeater និងរឿងផ្ទាល់ខ្លួនរបស់នាងត្រូវបាន
អ្នកពិភពអ៊ីនធើណែតធ្វើការបកអាក្រាត បន្ទាប់ពីមានរូបភាពមិនសមរម្យមួយចំនួនរបស់នាង
ត្រូវបានបង្ហោះនៅលើអ៊ីនធើណែត។ Mariah Yeater ធ្លាប់ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០១០
ព្រោះបានទះកំភ្លៀងអតីតមិត្តប្រុសចាស់របស់នាង និងតំរូវអោយបង់ពិន័យពីបទប្រើអំពើ
ហឹង្សា។

Justin Bieber បានធ្វើការបកស្រាយបញ្ជាក់យ៉ាងច្បាស់អំពីពត៌មានចរចាមអារាមនៅក្នុង
កម្មវិធី U.S Today ដែលបាននិយាយថា៖ "ខ្ញុំគ្រាន់តែចង់និយាយអ្វីដែលជាមូលដ្ឋាន គ្មាន
សំដីណាមួយនៅក្នុងបទចោទប្រកាន់នោះជាការពិតឡើយ ។ ខ្ញុំដឹងថាខ្លួនខ្ញុំអាចក្លាយជា
គោលដៅមួយ ប៉ុន្តែខ្ញុំមិនអាចក្លាយជាជនរងគ្រោះជាដាច់ខាត ។ រាល់សំដីរបស់ស្រ្តីនោះ
ពិតជាផ្តេសផ្តាសណាស់ ពីព្រោះរាល់ពេលដែលបញ្ចប់ការប្រគុំតន្ត្រីម្តងៗ ខ្ញុំដើរចេញពីឆាក
ប្រគុំតំរង់ឆ្ពោះទៅកាន់រថយន្តរបស់ខ្ញុំភា្លម។ វាពិតជាផ្តេសផ្តាសណាស់នៅពេលដែលមាន
មនុស្សមួយចំនួនព្យាយាមបង្កើតនូវភស្តុតាងចោទប្រកាន់ខុសពីការពិតដូចខាងលើនេះ។
ខ្ញុំសូមនិយាយដោយត្រង់ថារាល់សំដីនៅក្នុងពាក្យចោទប្រកាន់នោះគ្មានពាក្យណាមួយជា
ការពិតនោះឡើយ។ ខ្ញុំពុំដែលបានជួបជាមួយស្រ្តីនោះម្តងណាទេ " ។

និយាយអំពីភាគីខាងនាង Selena Gomez វិញគឺនាងមានការជឿជាក់ទាំងស្រុងចំពោះមិត្ត
ប្រុសរបស់ខ្លួន។ ពួកគេតែងតែបង្ហាញវត្តមានជាមួយគ្នាជានិច្ចនៅរាល់ពេលមានកម្មវិធីអ្វី
មួយម្តងៗ និងនៅពេលណាទស្សនិកជនក៏តែងតែឃើញពួកគេដៃក្នុងដៃនោះដែរ ។




ប្រភព៖ Kenh14
ដោយ៖ រដ្ឋា

Tags: starentertainmentjustin biebermusicsuper starselena gomezmariah yeater