CamNews

ប្លែកៗ 

បដិសេធបច្ចេកវិទ្យា ទៅ រស់នៅក្នុងរូងភ្នំម្នាក់ឯង រយៈពេល ២០ឆ្នាំ

បុរសជនជាតិចិនម្នាក់ បានជ្រើសរើសរូងភ្នំមួយ មានកំពស់ ៥០ម៉ែត្រ ដើម្បីធ្វើជាផ្ទះ និងបាន
រស់នៅម្នាក់ឯង ក្នុងរយៈពេល ២០ឆ្នាំកន្លង ដោយមិនខ្ចីប្រើប្រាស់សម្ភារៈទំនើប។

ប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ Feng Mingshan អាយុ ៥៤ឆ្នាំ រស់នៅ
ក្នុងរូបភ្នំមួយ ស្ថិតនៅលើភ្នំមួយក្នុងខេត្រ Shaanxi ភាគខាងត្បូង ជាកន្លែងដែលពិបាកក្នុងការ
ឡើងទៅដល់បំផុតក្នុងតំបន់។  រូងភ្នំនេះ  មានចម្ងាយមិនឆ្ងាយប៉ុន្មាន ពីភូមិកំណើតរបស់លោក
Feng Mingshan ។

លោក Feng Mingshan យកបាច់ឱសឡើងទៅកាន់រូបភ្នំ ជាកន្លែងដែលគាត់រស់នៅអស់
រយៈពេល ២០ឆ្នាំ

បុរសអាថ៌កំបាំងរូបនេះ ប្រាប់ថា ខ្លួនបានរកឃើញរូបភ្នំនេះតាំងពីនៅក្មេង ហើយបានកែលំអ
វាឱ្យទៅជាកន្លែងដែលអាចជ្រោកកោនរបស់ខ្លួន។ មិនតែប៉ុណ្ណោះ Feng Mingshan ថែមទាំង
បានធ្វើបង្អួច និងរនាំងសម្រាប់បិទបើក ដើម្បីការពារសុវត្ថិភាពផងដែរ។

លោក Feng Mingshan បន្ដថា  ៖  “ពេលទើបរកឃើញ  វាគ្រាន់តែជារូងដ៏តូចមួយ  ប៉ុន្ដែ ខ្ញុំបាន
ប្រើពូថៅដើម្បីពង្រីកឱ្យធំទូលាយដូចបច្ចុប្បន្ន។ ខ្ញុំក៏បានកាប់ឆ្ការដើមឈើដើម្បីធ្វើជាផ្លូវទៅតាម
ចន្លោះភ្នំ។ រដូវក្ដៅនៅទីនេះ ពិតជាត្រជាក់ស្រួលខ្លួនណាស់” ។ បុរសចម្លែករូបនេះ ថ្លែងថា ខ្លួន
ចង់រស់នៅដោយស្ងប់ស្ងាត់ ហើយក៏មិនបានប៉ះពាល់សម្ភារៈទំនើបអ្វីទាំងអស់។

រហូតមកដល់បច្ចុប្បន្ន គ្រួសាររបស់លោក Feng Mingshan នៅតែបន្ដរក្សាទំនាក់ទំនងជាមួយ
លោក បើទោះជាពួកគេមិនធ្លាប់បានឡើងដល់ទីជម្រករបស់គាត់ក៏ដោយ។ ប្អូនប្រុសរបស់លោក
Feng Mingshan ឱ្យដឹងថា ៖ “បងប្រុសរបស់ខ្ញុំ កម្រនឹងនិយាយជាមួយអ្នកដទៃ ហើយគាត់ក៏មិន
ដែលបានរៀបការនោះដែរ។ គាត់បានរស់នៅទីនោះជាង ២០ឆ្នាំមកហើយ”។

អ្នកស្រុកក្នុងភូមិបានឱ្យដឹងថា ពួកគេធ្លាប់ឃើញលោក Feng Mingshan ចូលក្នុងភូមិដើម្បីរក
របស់ដែលគាត់ត្រូវការ។ អ្នកភូមិម្នាក់នៅក្បែរតំបន់នោះ ប្រាប់ថា ៖ “គាត់តែងចេញមកក្រៅនៅ
ពេលព្រលប់ គាត់ធ្វើដំណើរចុះ និងឡើងទៅកាន់រូងភ្នំនេះ ដូចជាងាយស្រួលណាស់។ ពិតជា
ចម្លែកមែន”។

ផ្ទះរបស់លោក Feng Mingshan គឺរូងភ្នំដែលមានកំពស់ ៥០ម៉ែត្រ

ក្រុមមន្ដ្រីក្នុងតំបន់បានឱ្យដឹងថា ពួកគេធ្លាប់បានបញ្ចុះបញ្ចូល ព្រមទាំងធ្លាប់ប្រើកម្លាំងដើម្បីនាំ
Feng Mingshan ទៅកាន់មណ្ឌលចាស់ជរា ប៉ុន្ដែចុងក្រោយ លោកក៏បានរត់គេចខ្លួន ដោយសារ
តែមិនចុះសម្រុងនឹងអ្នករាល់គ្នា។

ចៅហ្វាយស្រុក Xu Min ថ្លែងថា កាលពីឆ្នាំ ២០១១ លោក Feng Mingshan ធ្លាប់ត្រូវបានគ្រូពេទ្យ
ពិនិត្យ និងរកឃើញថា គាត់មានបញ្ហាផ្លូវចិត្ដ  ដូច្នេះក៏ត្រូវទទួលការព្យាបាល  តែមិនយូរប៉ុន្មាន
គាត់ក៏បានវិលមកកាន់រូងភ្នំរបស់គាត់វិញ។ លោក Xu Min បន្ដថា អាជ្ញាធរនឹងនៅតែបន្ដផ្ដល់ ការ
ការពារដល់លោក Feng Mingshan ទន្ទឹមនឹងនេះ ពួកគេក៏នឹងខិតខំបញ្ចុះបញ្ចូលឱ្យលោកវិលទៅ
រស់នៅក្នុងស្រុកវិញ៕



ដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: China cave Feng Mingshan Shaanxi Xu Min strange