CamNews

ជីវិត និងការងារ 

បាតដៃទទេ តែរកចំណូលបាន ១២លានដុល្លារ ក្នុង ១ឆ្នាំ

ក្រុមហ៊ុនរបស់ Will Geist បានដួលរលំ ក្រោយវិបត្តិហិរញ្ញវត្ថុ ប៉ុន្ដែ បទពិសោធពីការងារដំបូង
បានជួយឱ្យបុរសរូបនេះ នឹកឃើញវិធី ដែលអាចផ្លាស់ប្ដូរបែបបទវិស័យឧស្សាហកម្មអាហារទាំង
មូល។

នៅក្នុងផ្ទះដែលជិតនឹងត្រូវគេរឹបអូស ដែលមានតែពូកមួយសម្រាប់គេង និងទឹកត្រជាក់សម្រាប់
ងូត Will Geist បានលើកទឹកចិត្តខ្លួនឯង ឱ្យប្ដូរផ្លាស់។ ក្រុមហ៊ុនដំបូងរបស់ Will Geist គឺ Madison
Diversified បានក្ស័យធន់ ប៉ុន្ដែ អ្នកជំនួញ វ័យ ៣២ឆ្នាំរូបនេះ មិនបានអស់សង្ឃឹមនោះដែរ។ នឹក
ឃើញដល់បទពិសោធដំបូង ដែលគាត់ធ្វើការនៅ McDonald’s លោក Geist បានដាក់ចេញនូវ
គម្រោងការ ដើម្បីផ្លាស់ប្ដូរវិស័យឧស្សាហកម្មម្ហូបអាហារ។

លោក​ Will Geist ម្ចាស់​ក្រុម​ហ៊ុន​ Madison Energy Group


ដោយមានក្រុមការងារមួយ ដែលជាវិស្វករ និងមានចំណេះដឹងអំពីវិធីសាស្ដ្រនៃការគ្រប់គ្រង
រក្សាម្ហូបអាហារ របស់បណ្ដាក្រុមហ៊ុន លោក Geist និងសមាជិក បានបង្កើតឧបករណ៍មួយ ដែល
មានទំហំប៉ុនទូរស័ព្ទ អាចជួយកាត់បន្ថយប្រាក់ចំណាយទៅលើភ្លើង បានដល់ទៅ ៣០ភាគ​រយ
សម្រាប់ហាងនិមួយៗ។

Geist បានថ្លែងនៅលើទំព័រ Business Journal ថា ៖ “ដំណើរការរបស់ឧបករណ៍នេះ គឺមានភាព
សាមញ្ញ។ សីតុណ្ហភាពរបស់អាហារ មិនប្ដូរផ្លាស់ ដូចទៅនឹងកំដៅរបស់បរិយាកាស។ នេះគឺជា
មូលហេតុដែលធ្វើឱ្យទូរទឹកកក ដំណើរការមិនមានប្រសិទ្ធិភាពខ្ពស់។ នៅពេលបើកទ្វារម្ដងៗ
ខ្យល់ក្ដៅពីខាងក្រៅ នឹងចូលមកក្នុង ធ្វើឱ្យប្រព័ន្ធប្រតិកម្មកំដៅរបស់ទូរទឹកកកដំណើរការ និងធ្វើ
ឱ្យកំដៅថយចុះ ដោយមិនដឹងអំពីកំដៅពិត របស់អាហារក្នុងទូរទឹកកក”។

ផលិតផលរបស់លោក Geist មានឈ្មោះថា EnerG2 និងមានរូបរាងដូចទៅនឹងទូរស័ព្ទដៃ ហើយ
មានជែលខាប់មួយប្រភេទ ដែលរក្សាកំដៅដូចទៅនឹងសីតុណ្ហភាពរបស់អាហារយ៉ាងពិតប្រាកដ ព្រមទាំងមិនប្ដូរផ្លាស់សីតុណ្ហភាពទៅតាមបរិយាកាស ភ្លាមៗនោះទេ។ ឧបករណ៍នេះ ត្រូវបានដាក់
នៅលើប្រព័ន្ធប្រតិកម្មកំដៅ ក្នុងទូរទឹកកក។ លោក Geist ឱ្យដឹងថា គំនិតរបស់ខ្លួន គឺគ្រាន់តែចង់
ជួយកាត់បន្ថយប្រាក់ចំណាយ ទៅលើភ្លើងអគ្គីសនី ដែលមិនចាំបាច់។

ក្រុមរបស់ លោក Geist ត្រូវចំណាយពេល ១ឆ្នាំ ដើម្បីរចនា EnerG2 ។ ក្រោយមក Geist ក៏បាន
បង្កើតក្រុមហ៊ុន Madison Energy Group ហើយប្រមូលទុនបាន ៥០,០០០ដុល្លារ​អាមេរិក ពីក្រុម
ហ៊ុនវិនិយោគ Tryon Capital Investments ។ បច្ចុប្បន្ន EnerG2 ត្រូវបានដាក់លក់ក្នុងតម្លៃ ៥៩៩
ដុល្លារ ក្នុងមួយគ្រឿង។

អតិថិជនដំបូងរបស់ Geist គឺហាង McDonald’s នៅ Carolina ខាងត្បូង (អាមេរិក)។ Geist ឱ្យដឹង
ថា ខ្លួនមានសំណាង នៅពេលបានសហការណ៍ជាមួយអតីតអ្នកគ្រប់គ្រងម្នាក់ នៅទីនេះ ដោយ
សារគាត់ត្រូវបានឧទ្ទេសនាម ឱ្យស្គាល់ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ របស់ McDonald’s ។

មិនយូរប៉ុន្មាន ផលិតផលរបស់ Geist ក៏ត្រូវគេស្គាល់ច្រើន និងបានបង្ហាញខ្លួន នៅតាមបណ្ដា
ហាងកាហ្វេ សណ្ឋាគារ ហាងលក់ទំនិញជាច្រើន នៅក្នុងតំបន់ Caribbean, Mexico និង​ប្រទេស
Canada។ ពួកគេ ក៏មានគម្រោងនឹងពង្រីកទៅក្នុងតំបន់ Kroger ក្នុងរដូវក្ដៅឆ្នាំនេះ។ លោក Geist
សង្ឃឹមថា នឹងបានពង្រីកខ្លួន ទៅកាន់ប្រទេសអាល្លឺម៉ង់ មជ្ឈឹមបូព៌ា Panama និង Columbia ។

ផលិត​ផល​ EnerG2 របស់លោក​ Will Geist


ពីមនុស្សម្នាក់ដែលគ្មានប្រាក់នៅក្នុងដៃ ដោយសារបរាជ័យក្នុងជំនួញដំបូង ប៉ុន្ដែ កាលពីឆ្នាំទៅ
Geist បានក្លាយជាម្ចាស់ក្រុមហ៊ុនមួយ ដែលមានប្រាក់ចំណូល ១២លានដុល្លារ។ Madison Energy
Group បច្ចុប្បន្ន មានបុគ្គលិកផ្លូវការចំនួន ៣នាក់ និង បុគ្គលិកជំនួញតាមកិច្ចសន្យា ចំនួន ១២៤
នាក់។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Bizjournals