ភ្នំពេញ៖ តារាសម្ដែង រាងរាវខ្ពស់ស្រឡះ ទឹម រដ្ឋា ដែលទស្សនិកជនស្គាល់ថា ជាតារាខ្មែរម្នាក់មានមុខស្រដៀង នឹងតារាចម្រៀង ប៉ារីស ហ៊ីលតុន ជាមួយនឹង ត្រេមុខសិចស៊ីបំផុត ។ កាន់តែអស្ចារ្យជាងនេះ ទឹម រដ្ឋា បានបង្កើតចំណងស្នេហ៍ជា បុរសមាឌធំ ជនជាតិប៉ាគីស្ថាន លោក ហ្សេក គី ដោយបណ្ដើរគ្នាជាសាធារណៈ យ៉ាងបើកចំហរ រួចក៏បែកគ្នាយ៉ាងបើកចំហរផងដែរ ។
បន្ទាប់ពីបែកគ្នាភ្លាម ទឹម រដ្ឋា ក៏ចេញមុខបកស្រាយ ពីការបែកប្រេះស្រាំ ព្រោះនាងមិនអាចស៊ូទ្រាំ ជាមួយការប្រច័ណ្ឌហួងហែងខុសរឿង របស់សង្សារ ជនជាតិប៉ាគីស្ថាន បានឡើយ ពោលកាលពីនៅមានទំនាក់ទំនងស្នេហ៍ជាមួយគ្នា ប្រៀបបីដូចជារស់នៅក្នុងពិភពគ្មានសេរីភាពមួយ ។ ទឹម រដ្ឋា ក៏បានបង្ហាញវត្តមាន ក្នុងពិធីនានាម្នាក់ឯង និងបានប្រាប់ក្រុមអ្នកកាសែតថា ហាក់ប្លែកបន្តិច ព្រោះធ្លាប់តែបណ្ដើរគ្នា ដល់ពេលម្នាក់ឯងពិបាកបន្តិចដែរ ព្រោះថ្មីៗពេក ។
ចំណែកអតីតសង្សារ ទឹម រដ្ឋា លោក ហ្សេក គី ឯណោះវិញ មិនបានបង្ហាញភាព ស្រណោះសោកស្ដាយ ស្រីស្អាត ទឹម រដ្ឋា សូម្បីតែបន្តិច មើលទៅលោក ដូចជាចិត្តដាច់បំផុត ។ បើសិនបុរសខ្មែរមិនដឹងជា យំសោកបោកប្រាណយ៉ាងណាទេ ព្រោះមិនងាយបានស្រីស្អាត និងជាតារាល្បីមកធ្វើជាសង្សារណាស់ ។ លោក ហ្សេក គី ជាបុរសមានសំណាងម្នាក់ ពិសេស លោកត្រូវបាន ទឹម រដ្ឋា បណ្ដើរយ៉ាងបើកចំហរ មិនខ្វល់ពាក្យអ្នកដទៃ ព្រោះទឹម រដ្ឋា ជានារីមានទំនួលខុសត្រូវខ្ពស់ ហ៊ានធ្វើហ៊ានទទួល ។
លោក ហ្សេក គី មិនត្រឹមតែមិនសោកស្ដាយទេ ថែមទាំងបណ្ដើរស្រីថ្មី យ៉ាងបើកចំហរ បញ្ឈឺចិត្ត ទឹម រដ្ឋា ចូលក្នុងបណ្ដាញសង្គម Facebook យ៉ាងស្និទ្ធស្នាល ជាមួយនារីម្នាក់ផ្សេង ជាជនបរទេសដូចគ្នា ។ លោក ហ្សេក គី បានបង្ហោះរូបភាពជាច្រើនសន្លឹក ដើម្បីបង្ហាញថា នារីថ្មីម្នាក់នេះជាសង្សាររបស់លោក ខណៈនារីជនជាតិបរទេសនោះ ស្អាតមិនចាញ់ តារាៗឡើយ ស្អាតបែបបរទេសតែម្ដង ។
គេមិនទាន់ដឹងទេថា ទឹម រដ្ឋា ឈឺផ្សារយ៉ាងណាឡើយ ព្រោះនាងបែកគ្នាព្រោះហេតុផលសង្សារប្រច័ណ្ឌ តែសង្សារនាងបែរជាមានអ្នកថ្មី លឿនជាងនាងទៅទៀត ពិតជាមិនធម្មតាមែន..!៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល