CamNews

ប្លែកៗ 

ការវះកាត់ តក្បាលមនុស្ស នឹងអាចធ្វើឡើងចាប់ពីឆ្នាំ ២០១៧

អ្នកវិទ្យាសាស្ដ្រជនជាតិអ៊ីតាលី បានប្រកាសថា ការវះកាត់ក្បាលមនុស្សនេះ យកទៅតនឹងខ្លួន
អ្នកនោះ ជិតនឹងក្លាយជាការពិត។

ទស្សនាវដ្ដី New Scientist ឱ្យដឹងថា អ្នកវិទ្យាសាស្ដ្រអ៊ីតាលី Sergio Cannavero មានបញ្ជីដ៏វែង
មួយ ស្ដីអំពីអ្នកជម្ងឺដែលមានតម្រូវការផ្នែកកាត់តក្បាល ហើយថា គាត់នឹងប្រកាសអំពីគម្រោង
នេះ នៅក្នុងសន្និសីទផ្នែកវេជ្ជសាស្ដ្រមួយនៅអាមេរិក ដែលនឹងត្រូវធ្វើឡើងក្នុងខែមិថុនាខាងមុខ បំណងអំពាវនាវរកការគាំទ្រពីភាគីផ្សេងៗដែលមានចំណាប់អារម្មណ៍ ដើម្បីសហការជាមួយគ្នា។ ទីតាំងដែលនឹងត្រូវជ្រើសរើសជាកន្លែងកាត់តក្បាល មិនទាន់ត្រូវបានគេសម្រេចនៅឡើយ ប៉ុន្តែ
លោក Canavero ថ្លែងថា លោកចង់ធ្វើនៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

អ្នកឯកទេសផ្នែកវះកាត់ខាងលើនេះ បានលើកឡើងនូវគំនិតស្ដីអំពីការកាត់តក្បាលមនុស្ស កាល
ពីឆ្នាំ ២០១៣ និងចង់ប្រើប្រាស់ការវះកាត់ដើម្បីជួយឱ្យមនុស្សអាចរស់នៅបានយូរ ចំពោះមនុស្ស
ដែលខួចប្រព័ន្ធសរសៃប្រសាទ ឬមនុស្សដែលមានជម្ងឺមហារីកគ្រឿងក្នុង។

អ្នកវិទ្យាសាស្ដ្រខាងលើប្រកាសថា ការកាត់តក្បាលមនុស្ស អាចនឹងត្រូវបានត្រៀមរួចរាល់នៅ
ដើមឆ្នាំ ២០១៧។

គួររំលឹកថា កាលពីឆ្នាំ ១៩៧០ ក្រុមអ្នកវិទ្យាសាស្ដ្របានកាត់ក្បាលរបស់ស្វាមួយក្បាល ហើយ
តក្បាលនេះ ទៅនឹងដងខ្លួនរបស់ស្វាដទៃមួយក្បាលទៀត។ ស្វាដែលត្រូវបានតក្បាលនេះ រស់
បាន ៩ថ្ងៃ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់រាងកាយ បដិសេធក្បាល ពោលគឺចំនុចស៊ីសង្វាក់គ្នា
មានតិចតួច។

​ក្បាល​ និង​ដង​ខ្លួន នឹង​ត្រូវ​គេ​តភ្ជាប់ដោយ​ប្រើ​ "កាវ" polyethylene glycol

បច្ចេកទេសរបស់លោក Canavero នឹងទាក់ទងទៅនឹងការធ្វើឱ្យក្បាល និងដងខ្លួនដែលត្រូវកាត់ត
មានភាពត្រជាក់ មុននឹងក្បាលត្រូវបានគេបម្លាស់ទី និងតភ្ជាប់សរសៃឆ្អឹងខ្នងជាមួយគ្នា។ រូបរាង
កាយថ្មី នឹងមានក្បាលជារបស់មនុស្សដែលខួចដងខ្លួន ហើយដងខ្លួនដែលត្រូវការក្បាល គឺជា
របស់មនុស្សដែលស្លាប់ខួរក្បាល។ ក្បាលរបស់អ្នកមនុស្សទាំងពីរនឹងត្រូវកាត់ចេញពី ក ក្នុងពេល
តែមួយ ដោយប្រើកាំបិតពិសេស ដើម្បីធានាមិនឱ្យមានបញ្ហាផ្សេងៗ។ បន្ទាប់ពីបានកាត់ ក្បាល
និងដងខ្លួននោះនឹងត្រូវគេ តភ្ជាប់ដោយប្រើ “កាវ” ដែលគេហៅថា polyethylene glycol ។

មនុស្សថ្មីនេះនឹងត្រូវគេរក្សាឱ្យស្ថិតក្នុងស្ថានភាពសន្លប់រយៈពេល ៤សប្ដាហ៍ ដើម្បីកាត់បន្ថយ
ចលនា ហើយនៅពេលមុខរបួសជាសះស្បើយ គេអាចចាប់ផ្ដើមប្រើប្រាស់បាន។

Sergio Cannavero អះអាង​ថា មនុស្ស​ដូច​ Stephen Hawking ក៏​អាច​ទទួល​សេវាកម្ម​នេះ​បាន

អ្នកវិទ្យាសាស្ដ្រខាងលើអះអាងថា មនុស្សថ្មីនេះ នឹងអាចដើរបានក្នុងរយៈពេលមួយឆ្នាំ ដោយ
មានជំនួយពីឧបករណ៍វេជ្ជសាស្ដ្រ។ ប៉ុន្ដែ ក្រុមអ្នករិះគន់បានថ្លែងថា គម្រោងនេះគឺពិតជាចម្លែកខ្លាំង
ហើយពួកគេមានការព្រួយបារម្ភ និងសង្ស័យថា តើនេះគឺជាវិធីល្អដែរឬយ៉ាងណា?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Sergio Cannavero head transplantation កាត់តក្បាលមនុស្ស