CamNews

ប្លែកៗ 

ខោហាត់ប្រាណទប់ទល់អំពើរំលោភផ្លូវភេទ លក់ដាច់ជាងគេនៅអាល្លឺម៉ង់

ខោកីឡានេះត្រូវបានផលិតឡើងអំពីសរសៃសូត្រដ៏ល្អ និងមានភ្ជាប់កណ្ដឹងប្រកាសអាសន្នដែល
មានសម្លេងធំ មានប្រសិទ្ធភាពការពារស្ត្រី នៅចំពោះហានិភ័យនៃការវាយប្រហារផ្លូវភេទនៅ
ពេលកំពុងរត់ហាត់ប្រាណ។

អ្នកជំនួញជនជាតិអាល្លឺម៉ង់ Sandra Seilz ទើបតែបានរកឃើញប្រភេទខោកីឡាមួយដែលមាន
បំពាក់សោសុវត្ថិភាព និងកណ្ដឹងប្រកាសអាសន្ន ជួយការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ នៅ
ពេលមានគេចាប់រំលោភ នេះបើតាមទំព័រ Express ។

Sandra Seilz បានច្នៃខោនេះឡើង បន្ទាប់ពីត្រូវបានបុរសស្រវឹងស្រា៣នាក់ ចាប់រំលោភ នៅ
ពេលកំពុងរត់ហាត់ប្រាណក្បែរព្រៃ។ នៅពេលស្លៀកខោនេះ កន្លែងសំខាន់ៗនៅលើរាងកាយ
ផ្នែកខាងក្រោមរបស់អ្នកប្រើប្រាស់ ត្រូវបានបិទបាំងដោយសំណាញ់ការពារ ដែលធ្វើអំពីសរសៃ
សូត្របច្ចេកវិទ្យាខ្ពស់ មានប្រសិទ្ធភាពទប់ទល់នឹងការហែក ឬកាត់ តភ្ជាប់ជាមួយកណ្ដឹងដែល
មានកម្លាំងសម្លេង ១៣០ decibel អាចធ្វើឱ្យជនដៃដល់ភ័យខ្លាច។ ខោនេះត្រូវបានផលិតឡើង
អំពីវត្ថុធាតុដែលដូចទៅនឹងក្រណាត់ដែលគេប្រើដើម្បីផលិតអាវក្រោះ។

Sandra Seilz សង្កត់ធ្ងន់ថា អ្នកប្រើប្រាស់មិនបាច់ព្រួយបារម្ភនៅពេលមានអាសន្នកើតឡើង
ព្រោះនៅលើរថយន្តសង្គ្រោះបន្ទាន់ តែងតែមានឧបករណ៍ដែលអាចកាត់វត្ថុធាតុពិសេសនៅលើ
ខោនេះបាន។

ខោដំបូងចំនួន ១៥០ ដែលផលិតដោយក្រុមហ៊ុនរបស់ Sandra Seilz ត្រូវបានលក់ដាច់ភ្លាមៗ
បន្ទាប់ពីចេញលក់។ Sandra Seilz ឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន ទទួលបានការបញ្ជាទិញពីជប៉ុន
ហ្វាំងឡង់ ស៊ុយអែត អ៊ីតាលី និងអាមេរិក។

Sandra Seilz សង្ឃឹមថា ខោនេះនឹងជួយបំបាត់ភាពភ័យខ្លាចចំពោះអំពើរំលោភផ្លូវភេទ និងមាន
អារម្មណ៍ថា មានសុវត្ថិភាពនៅពេលរត់ហាត់ប្រាណតែឯង៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Express


Tags: Sandra Seilz អាល្លឺម៉ង់ ខោ ខោសុវត្ថិភាព ផ្លូវភេទ