កុមារាអាយុ ៣ឆ្នាំម្នាក់ នៅអាមេរិក កើតជម្ងឺមហារីក ថ្មីៗនេះ ត្រូវបានតែងតាំងជា ស្នងការរង
នគរបាល ក្នុងរដ្ឋ Indianna ដែលនេះ អាចជាករណីចម្លែកបំផុត ក្នុងពិភពលោក។
Wyatt Schmaltz អាយុ ៣ឆ្នាំ បានស្បថចូលកាន់តំណែងជា ស្នងការរងនគរបាលនៃតំបន់
Huntington ក្នុងរដ្ឋ Indianna កាលពីថ្ងៃទី ៩កក្កដា នៅក្នុងមន្ទីរពេទ្យកុមារ Riley នេះបើតាម
សេចក្ដីរាយការណ៍របស់ ទំព័រ Fox59 ។ Wyatt Schmaltz កើតជម្ងឺមហារីក និងកំពុងស្ថិតក្នុង
ដំណាក់កាលទី ៤ នៃការព្យាបាល។
Schmaltz បានទទួលសម្លៀកបំពាក់ និងអំណាចជាស្នងការរង។ លោក Terry Stoffel ស្នងការ
នគរបាលនៃតំបន់ Huntington ឱ្យដឹងថា នេះគឺជាការតែងតាំងផ្លូវការ គឺមិនមែនត្រឹមតែជា
តំណែងកិត្តិយសនោះទេ។ ក្រុមមន្ដ្រីឱ្យដឹងថា ការតែងតាំងនេះ គឺដើម្បីលើកទឹកចិត្តដល់ភាព
ក្លាហាន ដែល Schmaltz បានបង្ហាញ ក្នុងអំឡុងពេល “ប្រយុទ្ធ” នឹងជម្ងឺនេះ។
អ្នកគ្រូពេទ្យ Michele Saysana មកពីមន្ទីរពេទ្យ Riley បានថ្លែងនៅលើ CNN ថា នេះគឺជា
សកម្មភាពមួយដែលមានប្រយោជន៍ច្រើន ដល់ការព្យាបាលរបស់អ្នកជម្ងឺ។ អ្នកស្រី Michele
ឱ្យដឹងថា អ្នកដែលបានចូលរួមក្នុងពិធីតែងតាំងនេះ សុទ្ធតែយំគ្រប់គ្នា។
គួររំលឹកថា Schmaltz ត្រូវបានរកឃើញថា មានជម្ងឺមហារីក កាលពីខែមេសា ហើយបានឆ្លង
កាត់ ការព្យាបាលចំនួន ៤លើកមកហើយ។ គ្រូពេទ្យថ្លែងថា កុមារានេះ ត្រូវការវះកាត់សាច់ដុំ
មួយនៅត្រង់ពោះ ដែលនេះគឺជាការព្យាបាលលើកទី ៥ ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN/Abcnews/Fox59