តាមប្រភពព័ត៌មានរបស់កាសែត CEN នាំពាក្យ លោក អេនឌ្រូវ ម៉េសុន អ្នកដឹកនាំសរសេរ
របាយការណ៍ នៃធនាគារពិភពលោក បានឲ្យដឹងថា ប្រទេសមួយចំនួនក្នុងតំបន់ (អាស៊ី) នៅ
តែប្រឈមនឹងបញ្ហាយែនឌ័រ និងការអប់រំជាមូលដ្ឋាន ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយ
ក្នុងចំណោមនោះ។ លោកបានលើកឡើងបែបនេះ នៅក្នុងសន្និសីទកាសែតវីដេអូខនហ្វឺរឹនពី
ទីក្រុងបាងកក ប្រទេសថៃ ជាមួយធនាគារពិភពលោកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែ
មិថុនា ឆ្នាំ២០១២។
លោក អេនឌ្រូវ ម៉េសុន (Andrew Mason) បានលើកឧទាហរណ៍នៅក្នុងកម្រិតមធ្យមសិក្សា
ឃើញថា មានតែយុវនារីចំនួន ៨៥ ភាគរយប៉ុណ្ណោះ បានចូលរៀន បើធៀបនឹងចំនួនយុវជន
ដូច្នេះនៅមានគម្លាតនៃការអប់រំដែលត្រូវបំពេញ។ ដូចនៅប្រទេសថៃដែរ យើងបានឃើញ
មានកម្លាំងពលកម្មស្ដ្រីខ្ពស់ខ្លាំងក្នុងការងារនៅប្រទេស កម្ពុជា ហើយយើងក៏ឃើញស្ដ្រីមាន
ចំនួនច្រើនខ្លាំងដែរ ក្នុងការងារកសិកម្មប្រចាំគ្រួសារ និងក្នុងវិស័យសេដ្ឋកិច្ចផងដែរ។ ស្ដ្រី
នៅប្រទេសកម្ពុជារកប្រាក់ចំណូលបាន ៧៥ សេន ក្នុងមួយថ្ងៃ នៅពេលដែលបុរសរកបាន
១ ដុល្លារ ដូច្នេះនៅមានគម្លាតក្នុងការទទួលបានប្រាក់ចំណូលផងដែរ។ ជាមួយគ្នានេះ អ្នក
ស្រី រីណា បាឌីយ៉ានី (Reena Badiani) មានប្រសាសន៍ថា ស្ដ្រីប្រឈមគ្រោះថ្នាក់ច្រើនជាង
បុរស ចំពោះអំពើជួញដូរមនុស្ស។
របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក បានបង្ហាញថា ខណៈដែលសមភាពយែនឌ័រ
មានការកើនឡើងនៅទូទាំងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គម្លាតជាច្រើននៅតែកើតមាននៅ
ក្នុងតំបន់សំខាន់ៗមួយចំនួន។ របាយការណ៍ដែលមានចំណងជើងថា “ឆ្ពោះទៅរកសមភាព
យែនឌ័រនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក” បានអោយដឹងថា ការលើកកម្ពស់លទ្ធភាព
របស់ស្ដ្រីឲ្យទទួលបានការងារ និងកាលានុវត្តភាពសេដ្ឋកិច្ច អាចបង្កើតផលិតភាពយ៉ាងច្រើន
នៅក្នុងតំបន់។
លោកស្រី ផាមេឡា អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាន
ធ្វើការកត់សម្គាល់ថា “ការលុបបំបាត់វិសមភាព នៃកាលានុវត្តភាពក្នុងការចូលរួមក្នុងសកម្មភាព
សេដ្ឋកិច្ច អាចបង្កើនផលិតភាពរបស់កម្មករនៅក្នុងតំបន់ ពី ៧ ភាគរយ ដល់ ១៨ ភាគរយ។
សកម្មភាពនេះ មានឥទ្ធិពលយ៉ាងច្រើន ចំពោះកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
ដូច្នេះការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្ដ្រី មិនមែនត្រឹមតែជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះ
ទេ ក៏ប៉ុន្តែវាជារឿងដែលឆ្លាតវៃត្រូវធ្វើ”។
របាយការណ៍នេះ (ដែលបានទទួលការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេស អូស្ដ្រាលី)
កំពុងត្រូវបានផ្សព្វផ្សាយដោយក្រុមជំនាញផ្នែកយែនឌ័រ របស់ធនាគារពិភពលោក នៅទីក្រុង
បាងកក។ ក្រុមនេះកំពុងតែពិភាក្សាជាមួយអ្នកតាក់តែងគោលនយោបាយ សង្គមស៊ីវិល និង
មេដឹកនាំដែលមានគំនិតយោបល់ល្អៗ ស្ដីអំពីយែនឌ័រ និងរបៀបវារៈអភិវឌ្ឍន៍ ព្រមទាំងកំពុង
ពិភាក្សាអំពីការជ្រើសរើសគោលនយោបាយ ដើម្បីលើកកម្ពស់សមភាពយែនឌ័រ និងជំរុញការ
អភិវឌ្ឍឲ្យកាន់តែមានប្រសិទ្ធភាពជាងនេះ។
លោកស្រី អាណែត ឌីកសុន នាយកប្រចាំប្រទេស របស់ធនាគារពិភពលោក ប្រចាំតំបន់អាស៊ី
អាគ្នេយ៍បានមានប្រសាសន៍ថា “ធនាគារពិភពលោកបានប្ដេជ្ញាចិត្តគាំទ្រដល់ប្រទេសនានា ក្នុង
ការដោះស្រាយបញ្ហានានា ដែលស្ដ្រីជួបប្រទះក្នុងការទទួលបាននូវលទ្ធភាពចាប់យកកាលានុ-
វត្តភាព សេដ្ឋកិច្ច ទាំងទាក់ទងទៅនឹងការពង្រឹងជំនាញក្នុងការរកប្រាក់ចំណេញ ការបង្កើន
លទ្ធភាពរបស់ស្ដ្រី ដើម្បីទទួលបានដីធ្លី និងមូលធន ឬការបង្កើនសំឡេង និងឥទ្ធិពលរបស់ស្ដ្រី
នៅក្នុងសង្គម”៕
ប្រភព៖ CEN