ភ្នំពេញ៖ បន្ទាប់ពីឈានជើងចូលស្ថានីយទូរទស្សន៍ ស៊ីធីអិន ក្លាយជាតារាកំប្លែងល្បីមក លោក
ពាក់មី បានវ៉ាដាច់តារាកំប្លែងជើងចាស់ ស្ទើរមិនគួរឲ្យជឿ ខណៈដែលក្រុមកំប្លែងរបស់លោក
មានគំនិតច្នៃប្រឌិតខ្ពស់ ធ្វើឲ្យអ្នកទស្សនាមិនចេះធុញថប់។
ក្នុងការសម្ដែង និងសាច់រឿងល្អជាងគេ គួរឲ្យចងទស្សនា។ ប៉ុន្តែបើនិយាយពីភាពល្បីល្បាញ
លោក ពាក់មី គឺបានលោតខ្ពស់ជាងគេក្នុងក្រុម ចំណែកឯប្រាក់ចំនូលវិញ ហូរចូលដូចបាក់ទំនប់
ដែលពីមុនលោកជាកម្មករសំណង់សោះ ក៏ក្លាយជាម្ចាស់ផ្ទះល្វែងដ៏ស្រស់ស្អាត នាបុរីពិភពថ្មី
មានឡានទំនើប បើកយ៉ាងត្រជាក់ដៃ ។
កំពុងតែឡើងកូដជាលំដាប់ ប្រៀបដូចក្លែងហោះលើវេហា ស្រាប់តែមានព្យុះភ្លៀងពាក្យចចាម
អារ៉ាម ថា លោកមានស្នេហាជាមួយនាងខ្ញុង ដែលជាដៃគូដ៏ស័កិ្តសម ក្នុងការកំប្លែង ដែលនាង
ខ្ញុងសុខៗ ក៏លែងប្ដីរបស់ខ្លួន ទាំងគ្មានមូលហេតុច្បាសលាស់។ ក្រៅពីនោះ នាយពាក់មី ដ៏ល្បី
ល្បាញនេះត្រូវបាន គេនិយាយតៗគ្នាថា ត្រូវគេបណ្ដេញចេញពីរោងការ ក្នុងពិធីកាត់សក់មួយ
ដោយសារតែ កំប្លែងបែបគ្រោតគ្រាតពេក ។
មិនទាន់អស់នៅឡើយទេ នៅមានសារព័ត៌មានក្នុងដ៏ទៃផ្សេងទៀត វាយប្រហារថា លោកត្រូវ
បានអ្នកជិតខាង រិះគន់រឿងបើកឡានលឿនដូចហោះ បន្ទាប់ពីបានផ្ទះធំទ្រនំខ្ពស់ ធ្វើឲ្យពួកអ្នក
ជិតខាង ដែលមានកូនក្មេងតូចៗ ញាក់សាច់ទទ្រើក ខ្លាច លោក ពាក់មី បើកបុកកូនពួកគាត់ ។
គេចាំមិនខុសទេថា លោក ពាក់មី បានសម្ដែងភាពយន្ត ជាច្រើនរឿង ដែលរឿងលោកសម្ដែង
បានជោគជ័យជាងគេ គឺរឿង "អាបពាក់មួកសុវត្ថិភាព" វគ្គមួយ ដែលរឿងនេះ រកចំណូលបាន
រាប់ម៉ឺនដុល្លារឯណោះ ។ រួចក៏បន្តថតវគ្គពីរបន្តទៀត ។ វគ្គ២នេះ ជោគជ័យដែរ តែមិនដល់វគ្គ
មួយទេ ។
មហាជនដែលចូលចិត្តតាមដាន ពីសកម្មភាពតារាកំប្លែងរូបនេះ នាំគ្នានិយាយ ថា ពាក់មី ចាប់
ពីពេលនេះទៅ លែងបានសម្ដែងរឿងរហេតរហូតទៀតហើយ ព្រោះលោកត្រូវបានចុះកុងត្រា
ជាមួយផលិតកម្ម ថោន ។បើតាមគិតមើល ពាក់មី ប្រហែលជា គិតថា ថោន អាចយិតយោង
លោក ឲ្យល្បីកាន់តែខ្លាំងជាងនេះ ព្រោះកាលពីចូលឆ្នាំកន្លងទៅ បទចម្រៀង ពាក់មី ក្នុងផលិត
កម្ម ថោន ត្រូវលាន់ឮកងរំពងពេញផ្ទៃប្រទេស ដែលនាំឲ្យ នាយពាក់មី សប្បាយចិត្តចង់ហោះ
រីកថ្លើមមិនស្ទើរទេ ។
ស្រាប់តែកាលពីពេលថ្មីៗនេះ ម្ចាស់ផលិតកម្មដ៏ល្បីល្បាញវ័យក្មេងក្នុងស្រុកម្នាក់ ប្រើប្រាស់
បណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួននិយាយចំៗថា នាយពាក់មី ធ្វើឲ្យលោកខកចិត្តខ្លាំងណាស់។
លោក ថែមទាំងបង្ហោះរូបថត ជាមួយ នាយ ពាក់មី ជាច្រើនសន្លឹកទៀតផង។ តែប្រហែលជា
១៥វិនាទីក្រោយមក ពាក្យសម្ដីនោះ ត្រូវបានលុបចេញវិញ យ៉ាងរហ័សបំផុត បន្សល់ត្រឹមតែរូប
ភាពប៉ុណ្ណោះ ។
បន្ទាប់ពីអត្ថន័យដែលបានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានលុបចេញភ្លាមៗ គេមិន
បានដឹងទេថា តើម្ចាស់ផលិតកម្មវ័យក្មេងនោះ មានបញ្ហាអ្វីធំដុំជាមួយនាយ ពាក់មី ពាក់ព័ន្ធនឹង
ការងារសិល្បៈ ឬការងារផ្ទាល់ខ្លួននោះទេ ព្រោះម្ចាស់ផលិតកម្មលាក់មុខរូបនោះ ហាក់ខ្លាចមាន
បញ្ហាកាន់តែធំជាមួយនាយ ពាក់មី ប្រសិនបើរូបគេបើកកកាយរឿងផ្ទៃក្នុងជាសាធារណៈ។
យ៉ាងណាមិញ ការហែកកេរ្តិ៍គ្នាតាមរយៈកំហឹងមួយឆាវ លើបណ្ដាញសង្គមហ្វេសប៊ុក អាចនាំឲ្យ
ខូចទំនាក់ទំនងយូរអង្វែងជាមួយគ្នាក៏ថាបាន ព្រោះមានរឿងអ្វីមួយត្រូវជួបមុខគ្នា ដោះស្រាយ
ដោយសន្តិវិធី ។
គេហទំព័រLookingTODAYមិនអាចស្វះស្វែងរកការអត្ថាធិប្បាយណាមួយពី ម្ចាស់ផលិតកម្មវ័យក្មេង
រូបនោះបានទេ ខណៈនាយ ពាក់មី ក៏មិនទាន់អាចសុំការពន្យល់បាន ក្នុងរឿងធ្វើឲ្យគេខកចិត្តនេះ
បានដូចគ្នា៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល