CamNews

ប្រទះឃើញសព ស្រ្តីម្នាក់ នៅក្នុងវាលស្រែដោយ មានសភាពស្អុយហើមរលួយ អស់ទៅហើយ

កាលពីវេលាម៉ោងជិត ៨ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ ប្រជាពលរដ្ឋបានប្រទះឃើញសព
ស្រ្តីម្នាក់ នៅក្នុងវាលស្រែមួយ ក្នុងភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត
ដោយមានសភាពស្អុយហើមរលួយ អស់ទៅហើយ។ ការប្រទះឃើញសពស្រ្តីនេះ ធ្វើឲ្យអ្នកស្រុក
មានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅលើរាងកាយសព មានស្លាកស្នាមវះពោះផងដែរ។

តាមប្រភពព័ត៌មានដើមអម្ពិលបានឲ្យដឹងថា សពស្រ្តីរងគ្រោះនេះត្រូវបានប្រជាពលរដ្ឋរស់នៅ
ជាមួយគ្នាស្គាល់ មានឈ្មោះ សៅ លី អាយុ៤០ មានទីលំនៅ ក្នុងភូមិ-ឃុំកើតហេតុខាងលើ។​បើយោងតាមប្រភពសមត្ថកិច្ចនគរបាលជំនាញ មិនទាន់ហ៊ានសន្និដ្ឋាននៅឡើយទេ អំពីការ
ស្លាប់របស់ស្ត្រីខាង លើនេះ ថាតើជាការស្លាប់ ដោយករណីធ្វើឃាត ឬដោយវិធីណានោះ។

នគរបាលដដែល បានបញ្ជាក់ទៀតថា សពស្រ្តីខាងលើនេះ បានស្លាប់យ៉ាងតិចណាស់ ក៏រយៈ
ពេល៣ថ្ងៃមកហើយ ស្របពេលដែលក្រុមគ្រួសារ បានរាយការណ៍ពីដំណឹងបាត់ខ្លួនតាំងពីថ្ងៃ
ទី០៧ ខែកក្កដា ឆ្នាំ២០១២ មកម្ល៉េះ។ នគរបាលជំនាញ កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវទៅ
លើករណីខាងលើនេះ។

គួរបញ្ជាក់ថា ចំណុចដែលគេប្រទះឃើញសពស្រ្តីរូបនេះ គឺជាតំបន់សម្បុកជួញដូរគ្រឿងញៀន
កន្លងមក សមត្ថកិច្ច ធ្លាប់បង្រ្កាបជាច្រើនករណីមកហើយ៕

ដោយ៖ មិនា
ប្រភព៖ DAP news