អាមេរិក៖ តារាចម្រៀងដ៏ល្បីល្បាញ សមាជិកក្រុមចម្រៀងកូរ៉េ ខាងត្បូង 2NE1 កញ្ញា CL ដែលមានឈ្មោះ ពេញ Lee Chae-rin មួយរយៈចុងក្រោយនេះ មិនត្រឹមតែមានឈ្មោះបោះសំឡេង នៅបណ្តាប្រទេសអាស៊ីទេ គឺនាងកំពុងប្រឡូកខ្លួន ទៅក្នុងវិស័យ ចម្រៀងអាមេរិក ទៀតផង។
ទស្សនាវដ្តី អាមេរិកដ៏ល្បីល្បាញ Rolling Stone ថ្មីៗនេះ បានធ្វើការណែនាំតារាចម្រៀងវ័យ២៤ឆ្នាំ នាងCLដែលសព្វថ្ងៃ កំពុងសហការ ជាមួយតារា Rap អាមេរិកល្បីៗជាច្រើននាក់ រួមមាន Diplo, Skrillex, និង will.i.am.ផងនោះ ថានាងជាតារាថ្មី ម្នាក់ «ក្នុងចំណោម១០នាក់ ដែលអ្នក (ពលរដ្ឋអាមេរិក)គួរតែស្គាល់»។
តារាចម្រៀងម្ចាស់បទ «Baddest Female»នាង CL ដែលបានលេចមុខ ក្នុងតន្ត្រីនៅសហរដ្ឋអាមេរិក Mad Decent Block Part និង Ultra Music Festival នាពេលកន្លទៅនោះ ត្រូវបានទស្សនាវដ្តីRolling Stone បញ្ជាក់ថា នាងជាតារាRap ស្រីដែលលេចធ្លោបំផុត នៅកូរ៉េខាត្បូង សព្វថ្ងៃតារារូបនេះ កំពុងតែមមាញឹកជាមួយ ចម្រៀងទោលរបស់ខ្លួន នៅសហរដ្ឋអាមេរិក ក្នុងការជួយជ្រោមជ្រែង ពីតារាចម្រៀងដ៏ល្បីល្បាញ Justin Bieber , Ariana Grande និងអ្នកគ្រប់គ្រង Scooter Braun ។
កំពុងមានឈ្មោះល្បីរន្ទឺ យ៉ាងនេះ តារាចម្រៀងដែលមាន ទេព្យកោសល្យ ពេញលេញក្នុងសិល្បៈ រូបនេះ បាននិយាយថា «ខ្ញុំមិនចូលចិត្តហៅ ខ្លួនឯងថា តារាRap ទេ ព្រោះខ្ញុំចូលចិត្តសម្តែងច្រើនជាង ខ្ញុំមិនចង់ឃុំខ្លួនឯង ក្នុងជំនាញតែមួយទេ ព្រោះខ្ញុំចូលចិត្តច្រៀង និងស្រឡាញ់ការរាំផងដែរ គឺស្រលាញ់ទាំងអស់តែម្តង»។
នាង CL ក៏បានបញ្ជាក់ប្រាប់ ទស្សនាវដ្តីដែរថា «ខ្ញុំចង់ក្លាយជាតារាកូរ៉េទី២ បន្ទាប់ពីPsy ដែលឈានជើងចូលវិស័យចម្រៀងអាមេរិក ហើយខ្ញុំចង់ធ្វើជាតំណាង ឲ្យតារាស្រីអាស៊ី ដែលអាចល្បីរន្ទឺ នៅប៉ែកអឺរុប នេះសុបិនរបស់ខ្ញុំ ប៉ុន្តែវាមិនមែន ជាគោលដៅធំ ក្នុងជីវិតខ្ញុំទេ សម្រាប់ខ្ញុំ តន្ត្រីគឺជារឿងដែលខ្ញុំស្រឡាញ់បំផុត»៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល