CamNews

កីឡាអន្តរជាតិ 

រាជ​បុត្រា​ម៉ា​ឡេ​​ស៊ី បដិសេធ​ថា មិន​បាន​ទិញក្លឹប​បាល់​ទាត់ AC Milan នោះ​ទេ

(គូឡាឡាំពួរ)៖ រាជបុត្រាស្នងរាជ្យ របស់ក្រុមគ្រួសាររាជវង្សម៉ាឡេស៊ី បានបដិសេធថា ខ្លួនមិនបាន ទិញក្លឹបបាល់ទាត់ AC Milan នោះទេ បើទោះបីជាកន្លងមក​ព្រះអង្គម្ចាស់​ ធ្លាប់បានបង្ហើបថា មានការចាប់អារម្មណ៍ខ្លាំង ចំពោះក្រុមបាល់ទាត់អ៉ីតាលីនេះក៏ដោយ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។

ព្រះអង្គម្ចាស់ Tunki Ismail Sultan Ibrahim នៃរដ្ឋ Johor ខាងត្បូងសហព័ន្ធម៉ាឡេស៊ី បានបង្ហោះក្នុងបណ្តាញសង្គមថា ការចង់ទិញក្លឹបបាល់ទាត់ខាងលើនេះ វាគ្រាន់តែជាក្តីស្រមៃ ប៉ុណ្ណោះ។ ព្រះអង្គម្ចាស់ Tunki បញ្ជាក់ដូច្នេះ «ខ្ញុំធ្លាប់ត្រូវបានគេសួរថា តើមានប្រយោជន៍អ្វី ក្នុងការទិញក្លឹបបរទេសនោះ។ ចម្លើយរបស់ខ្ញុំគឺប្រាកដណាស់ ប្រសិនបើខ្ញុំនឹងទិញក្លឹប នោះខ្ញុំនឹងជ្រើសយក Milan ព្រោះវាជាសុបិន​មួយរបស់ខ្ញុំ»។

ទោះបីជាបានផ្តល់ចម្លើយ ដល់សារព័ត៌មានសិង្ហបុរីមួយ​ដូច្នេះក៏ដោយ ក៏រាជបុត្រវ័យក្មេងរូបនេះ បានអះអាងថា មិនមានចេតនាណាមួយក្នុងការទិញក្លឹបនោះដែរ ហើយជាក់ស្តែងវាគ្រាន់តែ ក្លឹបដែលព្រះអង្គធ្លាប់បានកោតសរសើរ តាំងពីវ័យក្មេងប៉ុណ្ណោះ។ ដូច្នេះចម្លើយសម្រាប់ពេលនេះ គឺគ្មានការទិញក្លឹបអ្វីនោះទេ ហើយរាជបុត្ររូបនេះ ក៏គ្មានគម្រោង នឹងទិញនោះដែរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង