(ភ្នំពេញ)៖ អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦ជំនាន់ភ្នំពេញក្រោន បានសម្រេចប្រកាសជា ផ្លូវការឲ្យបណ្ដា ក្រុមសមាជិកនៃលីគកំពូលកម្ពុជា ដែលខ្វះខាតកីឡាករ គឺអាចខ្ចីជើងកីឡាកររបស់ខ្លួនមួយចំនួនបាន។ នេះបើយោងតាមព័ត៌មានបង្ហោះលើ Page ផ្លូវការរបស់ក្លឹបកាលពីពេលថ្មីៗកន្លងទៅ។
ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា «ដើម្បីឲ្យប្រាកដថា គ្រប់សមាជិកនៃកីឡាកររបស់ក្រុមភ្នំពេញក្រោន ទទួលបានការប្រកួតប្រជែងគ្រប់គ្រាន់ និងទទួលបានបទពិសោធន៍គ្រប់ការប្រកួតទាំងអស់គ្នា ពួកយើងបានសម្រេចយល់ព្រមបើកឲ្យមានការខ្ចីជើងកីឡាករមួយចំនួនទៅកាន់ក្រុមផ្សេងទៀតនៅក្របខណ្ឌ Metfone C-League»។
ទន្ទឹមនឹងការប្រកាសបែបនេះ មានកីឡាករមួយចំនួនត្រូវបានក្រុមសមាជិកលីគកំពូលកម្ពុជា ដែលត្រូវជាគូប្រជែងលើទីលានរបស់ភ្នំពេញក្រោន បានខ្ចីជើងកីឡាករជាបណ្ដើរៗហើយ ដូចជាកីឡាករ ម៉ែន ពិភព ត្រូវក្រុមអាស៊ីអឺរ៉ុបខ្ចីជើងមួយរដូវកាល។ កីឡាករ ស្រាំង ទិត្យឈី ចូលរួមជាមួយក្រុម Cambodian Tiger, សុខ បញ្ញា ចូលរួមជាមួយក្រុមវេស្ទើន និង ស៊ាន ភីសា កំពុងត្រូវក្រុមក្រសួងការពារជាតិទាក់ទងជាដើម៕