CamNews

កីឡាជាតិ 

BTV-Cup៖ បឹងកេត ស្ថិតក្នុងពូលA ជាមួយកូរ៉េខាងត្បូង និងម្ចាស់ផ្ទះវៀតណាម

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម ក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេតអង្គរ បានត្រៀមខ្លួនជាសម្រេច ដើម្បីចូលរួមប្រកួតពានរង្វាន់អន្ដរជាតិមួយឈ្មោះថា BTV Cup 2016 លើកទី១៧ នាដើមខែក្រោយនេះ ខណៈក្រុមតំណាងប្រទេសកម្ពុជានេះ គឺស្ថិតក្នុងពូលA ជាមួយក្រុមខ្លាំងមកពីកូរ៉េខាងត្បូង ១ក្រុម និងក្រុមម្ចាស់ផ្ទះវៀតណាម ២ក្រុម។

យោងតាមកម្មវិធីប្រកួត ដែលចេញកាលពីចុងសប្ដាហ៍កន្លងទៅ ពានកម្រិតអន្ដរជាតិនេះ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី០២-១១ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីក្រុង Binh Duong ប្រទេសវៀតណាម ។ ក្រុមបឹងកេតអង្គរ ដែលស្ថិតក្នុងពូលA មានគូប្រជែង ៣ក្រុមផ្សេងទៀត រួមមានក្រុម Becamex Binh Duong និងក្រុម Than Quang Ninh របស់វៀតណាម ខណៈមួយក្រុមទៀត គឺក្រុម Korea University Selection Team មកពីកូរ៉េខាងត្បូង។

ក្រៅពីវត្តមានក្រុមបឹងកេតអង្គរ និងក្រុម Korea University Selection Team ក៏មានក្រុមខ្លាំងមកពីអាស៊ី និងអឺរ៉ុប ចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ជាក់ស្ដែងពូលB មាន ៤ក្រុមចូលរួមដូចគ្នា ក្នុងនោះមានក្រុម Hai Phong និងក្រុម SHB Da Nang របស់វៀតណាម, ក្រុម Bangu Atlético Clube មកពីប្រេស៊ីល និងក្រុម Shonan Bellmare កំពុងលេងក្នុងលីគកំពូលជប៉ុន(J League) ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: BTV Cup