CamNews

តារា 

កែវ ផល្លីកា ច្រានចោល​​ដំណឹង​ថា ចាក​ចេញ​ពី​ប៉ុស្ដិ៍​លេខ​៣

 ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ដ៏មានប្រជាប្រិយភាព ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ កញ្ញា កែវ ផល្លីកា ថ្មីៗនេះ មានព័ត៌មានបែកធ្លាយ ចេញមកថា បច្ចុប្បន្ននាងកំពុងត្រៀមជើងព្រួល រើបង្វេចផ្លាស់ប្តូរចេញ ពីទ្រនំចាស់ ចូលទៅផ្ញើខ្លួនជ្រកកោណ ក្រោមដំបូលទ្រនំថ្មី ខណៈដែលមុននេះបន្តិច ទើបមានបណ្តាញ ស្ថានីយ៍ទូរទស្សន៍ បង្កើតថ្មីចំនួនពីរ បានតាមចែចង់ ទាក់ទងហៅនាង ធ្វើជាពិធីការិនី កាន់កម្មវិធី នៅទីនោះ។

ប្រភពពីអ្នកស្និទ្ធស្នាល បម្រើការងារ នៅស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ ជាមួយនាងបានបង្ហើបថា ដោយមើលឃើញពីសមត្ថភាព និងទេពកោសល្យ ដ៏ប៉ិនប្រសព្វរបស់ កញ្ញា កែវ ផល្លីកា ថ្មីៗ នេះមានស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុក ទើបបង្កើតឡើង ចំនួន២ បាននឹងកំពុងតាមប្រជែងគ្នា ចង់បានតារា សម្តែងស្រីរូបនេះ ចូលទៅបម្រើការងារ ធ្វើជាពិធីការិនី កាន់ក្បាលមេក្រូនិយាយ កម្មវិធីកំសាន្ត ដើម្បីបម្រើអារម្មណ៍ ទស្សនិកជនអ្នកគាំទ្រ។

ប្រភពដដែល បានបន្ថែមថា តាមរយៈសំណើរទាំងពីរ ខាងលើ បានធ្វើឲ្យកញ្ញា កែវ ផល្លីកា ហាក់មានការរារែកចិត្ត ក្នុងការសម្រេចជ្រើសរើស យកផ្លូវតែមួយ ដែលនាងពេញចិត្ត ព្រោះថា អ្នកដឹកនាំកម្មវិធីមួយៗ សុទ្ធតែបានសន្យា ជួយលើកតម្កើង ប្រជាប្រិយភាពរបស់នាង ឲ្យកាន់តែមាន ភាពលេចធ្លោខ្លាំងជាងនេះ បន្ថែមទៀត និងបានអះអាងថា ស្ថាននីយ៍ទូរទស្សន៍របស់ខ្លួន គឺកំពុងទទួលបានការគាំទ្រ ពេញនិយមខ្លាំង ពីសំណាក់មហាជន ទូទាំងប្រទេស។

ប្រាប់គេហទំព័រកំសាន្តLookingTODAY តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ តារាសម្តែង និងជាពិធីការិនី ស្រស់សោភា កញ្ញា កែវ ផល្លីកា បានប្រាប់លាយឡំសំណើចថា នាងក៏ទើបទទួលបាន ព័ត៌មាននេះដែរ កាលពីពេលថ្មីៗកន្លងមក ប៉ុន្តែសូមបញ្ជាក់ប្រាប់ទៅ មហាជនអ្នកគាំទ្រវិញថា នេះពុំមែនជារឿងពិតឡើយ ព្រោះបច្ចុប្បន្ននាង គ្មានគម្រោងចាកចេញ ទៅណាទេ។

ពិធីការិនីសម្តីផ្អែម មានទឹកមុខស្រស់ស្រាយ កញ្ញា កែវ ផល្លីកា បាននិយាយបន្តថា «ចាស បង! និយាយទៅ ខ្ញុំក៏បានដឹងរឿងនេះដែរ ហើយមានអារម្មណ៍ភ្ញាក់ខ្លួនព្រឺតតែម្តង..! ព្រោះខ្ញុំមិនដែលមាន គម្រោងចេញទៅណាផង..! ហេតុអ្វីក៏គាត់ដឹង ច្បាស់ជាងខ្ញុំទៀត…..ខ្ញុំ អត់មានទៅណាទេ បង..! គឺនៅប៉ុស្តិ៍លេខ៣ ដដែលហ្នឹង..»។

កញ្ញា កែវ ផល្លីកា បាននិយាយទៀតថា ចំពោះរឿងដែលគេសង្ស័យថា នាងត្រៀមចេញពី ប៉ុស្តិ៍លេខ៣នេះ គឺជាការយល់ច្រឡំទាំងស្រុង ព្រោះអាចមកពីគេគិតថា បច្ចុប្បន្នកំពុងមាន ប៉ុស្តិ៍ទូរទស្សន៍ថ្មី បើកច្រើន ហើយម្យ៉ាងទៀត ដោយសារមួយរយៈនេះ នាងហាក់ស្ងាត់ព័ត៌មាន ទើបគេចេះតែនិយាយ បំបោងព័ត៌មាន បំផ្លើសការពិតបែបនេះ។

នៅពេលដែលសួរថា តើនៅពេលណាទើប កញ្ញា កែវ ផល្លីកា មានគម្រោងចេញពីស្ថានីយ៍ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ? សំណួរនេះត្រូវបានស្រីស្រស់ កែវ ផល្លីកា ឆ្លើយតបថា បើសិននិយាយទៅ ថ្ងៃខាងមុខ គឺនាងមិនទាន់ដឹងច្បាស់ ឬប្រាកដ ក្នុងចិត្តទេ តែឥឡូវនាងមិនទាន់ មានគម្រោង នឹងចេញឡើយ ព្រោះនៅកន្លែងការងារចាស់ កំពុងមានការងារច្រើន ត្រូវធ្វើ។ ប៉ុន្តែបើសិនជា នៅថ្ងៃខាងមុខទៀត ត្រូវអត់កម្មវិធីធ្វើនៅទីនេះ ហើយមានប៉ុស្តិ៍ផ្សេងគេទាក់ទងហៅ មើលទៅអាចទទួលយកបាន គឺនាងនឹងទទួលយកភ្លាម៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh