ភ្នំពេញ៖ ព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាល់ ពិភពលោក (World Cup 2014 ) នៅក្នុងប្រទេសប្រេស៊ីល វគ្គផ្ដាច់ព្រ័ត្រ បានឈានមកដល់ ដំណាក់កាលចុងក្រោយហើយ គឺការប្រកួតរវាងក្រុម ជម្រើសជាតិ អាល្លឺម៉ង់ និងក្រុមជម្រើសជាតិ អាហ្សង់ទីន ។ ខណៈដែលព្រឹត្តិការណ៍ កីឡាបាល់ទាត់ ត្រូវបានភ្ញាក់ផ្អើល ប្រជាជនទូទាំងពិភពលោក ក្នុងប្រទេសកម្ពុជាឯណេះវិញ ក៏ប្រជាពលរដ្ឋ កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ នូវជ័យលាភី វគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិ ទាំងពីរនេះដែរ ។
ដោយឃើញ ការគាំទ្រយ៉ាងខ្លាងក្លា និងដើម្បីចូលរួមអបអរសាទរ នូវជ័យលាភីនេះ អាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាត ឲ្យមានកម្មវិធីមួយ ឈ្មោះថា "កម្មវិធីគ្រួសារបាល់ទាត់ពិភពលោក" សម្រាប់អ្នកនៅក្នុងទីក្រុងភ្នំពេញ ជួបជុំគ្នា ទស្សនាការប្រកួតបាល់ទាត់ ពិភពលោក (World Cup 2014) វគ្គផ្តាច់ព្រ័ត្រ ម៉ោង២រំលងអាធ្រាត្រ យប់ថ្ងៃ១៣កក្កដា ឆ្នាំ២០១៤ នឹងធ្វើឡើង ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ នៅសួនច្បារ តេជោមាស តេជោយ៉ត មាត់ទន្លេ មុខវត្តឧណ្ណាលោម រវាងក្រុមបាល់ទាត់ អាល្លឺម៉ង់ និងអាហ្សង់ទីន ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ បានមានប្រសាសន៍ ប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៤ ថា អភិបាលរាជធានី បានអនុញ្ញាត ឲ្យសហភាពសហព័ន្ធ យុវជនកម្ពុជា រៀបចំការ ទស្សនាបាល់ទាត់ ពិភពលោក នៅវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យ ទី១៣ ខែកក្កដានេះ នៅមុខវត្តឧណ្ណាលោម ។ លោកថា ក្នុងការទស្សនា បាល់ទាត់ពិភពលោកនេះ មានការលេងល្បែងកំសាន្តនានា ជាពិសេស ក៏មានការប្រគំតន្រ្តី ដើម្បីចូលរួមអបអរសាទរ នៅវគ្គផ្តាច់ព្រ័ត្រ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បន្ថែមទៀតថា នៅយប់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងអនុវត្តចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៥ ទៀបភ្លឺ នាថ្ងៃ អាទិត្យ ទី១៣ ឈានចូលថ្ងៃចន្ទ ទី១៤ ខែកក្កដា ដែលជាការជួបគ្នា រវាងក្រុមជម្រើសជាតិ អាល្លឺម៉ង់ និងអាហ្សង់ទីន ដែលចាប់ផ្តើមការប្រកួតផ្លូវការ នៅវេលាម៉ោង ២ និង០០នាទី រំលងអាធ្រាត្រ ៕