CamNews

តារា 

តារាល្បីៗក្រើនរំឭកយុវវ័យ កុំឲ្យយកថ្ងៃ១៤កុម្ភៈ ប្រព្រឹត្តិទង្វើភ្លើតភ្លើន នាំឲ្យមានវិប្បដិសារី

ភ្នំពេញៈ ជាទូទៅឲ្យតែដល់ថ្ងៃទិវានៃក្តីស្រលាញ់ម្តងៗ គឺមានយុវវ័យជាច្រើនខ្មែរ មានការភ័ន្តច្រឡំថា "ថ្ងៃនេះជាថ្ងៃបុណ្យសង្សារ" ឬជាថ្ងៃដែលត្រូវណាត់ជួបគូស្នេហ៍ បង្ហាញពីក្តីស្រឡាញ់ ជូនបាច់ផ្កា ហើយអាចនាំគ្នាប្រព្រឹត្តិទង្វើប្រាស់ចាកពីប្រពៃណីខ្មែរ ព្រោះតែការយល់ខុសអត្ថន័យនៃទិវានេះ។ ជារឿយៗគេសង្កេតឃើញថា នៅថ្ងៃបុណ្យ នៃសេចក្ដីស្រឡាញ់ មានយុវវ័យជាច្រើន ភ្លើតភ្លើនភ្លេចខ្លួនធ្វើអ្វីមួយជ្រុលហួសហេតុ រហូតមានវិប្បដិសារីក្នុងជីវិត។ ប៉ុន្តែនៅពេលនេះ សូមប្រិយមិត្តងាកមកចាប់អារម្មណ៍ នឹងសារក្រើនរំឭក របស់តារាល្បីៗជាច្រើនដួង ដាស់តឿនទៅដល់យុវវ័យក្មេងៗ កុំឲ្យមានការឈ្លក់វង្វេង និងប្រព្រឹត្តិទង្វើរខុសឆ្គងប្រពៃណី ក្នុងថ្ងៃនោះឲ្យសោះ ។

តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានប្រាប់ LookingTODAY ឲ្យដឹងថា នៅថ្ងៃ១៤កុម្ភៈនេះ គឺនាងមានការមមាញឹកច្រើន ជាមួយការងារ ប៉ុន្តែទន្ទឹមនឹងភារកិច្ចរវល់នោះ នាងក៏បានឆ្លៀតពេលសម្រាប់ ញុំាបាយជុំគ្រួសារ នៅព្រឹកថ្ងៃនេះ ហើយពេលរសៀល និងយប់ គឺនាងធ្វើការនៅកោះពេជ្រ ។

ជាមួយគ្នានោះ តារាចម្រៀងសំឡេង ផ្អែមស្រទន់រូបនេះ បានផ្ញើរសារក្រើនរំឭក ដល់យុវវ័យថា “ សម្រាប់ថ្ងៃទិវានៃក្តីស្រឡាញ់ គឺជាថ្ងៃដែលឲ្យយើងបង្ហាញ ការស្រឡាញ់ដល់មនុស្ស នៅជុំវិញខ្លួនក្រុមគ្រួសារមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ប៉ុន្តែមិនមែនផ្តោតសំខាន់ ទៅលើតែគូស្នេហ៍ណាត់ជួបគ្នា ធ្វើអ្វីផ្តេសផ្តាសឡើយ ។នៅក្នុងនោះ បុរសៗសូមកុំឆ្លៀតឱកាស យកចំណេញលើនារីតាមផ្លូវកាត់ បើស្រឡាញ់ស្មោះគួរណាស់ តែចូលស្តីដណ្តឹងតាមផ្លូវច្បាប់…” ។

ដោយឡែក តារាចម្រៀងស្រី ប្រចាំផលិតកម្មភ្លេងរីខដ កញ្ញា លាង សុផាឡែន ក៏បានប្រាប់ឲ្យដឹងដែរថា នៅក្នុងទិវាក្តីស្រឡាញ់នេះ នាងមានពេលវេលាទំនេរ ពេញមួយថ្ងៃ ដើម្បីនៅជួបជុំគ្រួសារ ។ "ដូច្នេះខ្ញុំរំពឹងថា ប្អូនៗយុវវ័យទាំងអស់ និងស្វែងយល់កាន់តែច្បាស់ ចំពោះពិធីបុណ្យនេះ ក្តីស្រឡាញ់របស់យើងគ្រប់គ្នា គួរតែចែករំលែក ទៅឲ្យគ្រួសារ ឲ្យបានកាន់តែច្រើន កាន់តែល្អ មិនមែនសម្រាប់តែរឿងស្នេហាមួយមុខឡើយ ។ ខ្ញុំចង់និយាយថា សុំឲ្យប្អូនៗកុំយល់ច្រឡំថ្ងៃនេះ ថាជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃលះបង់ខ្លួនប្រាណ"។ លាង សុផាឡែន បញ្ជាក់បន្ថែម។

តារាចម្រៀងស្រីវ័យ២៨ឆ្នាំ រូបនេះ បានបន្ថែមទៀតថា តាមរយៈការបង្ហាញសារខ្លីនេះ នាងរំពឹងថា នឹងអាចទាញចំណាប់អារម្មណ៍ ក្មេងៗយុវវ័យឲ្យយល់កាន់តែច្បាស់ ចំពោះអត្ថន័យទិវានៃក្ដីស្រឡាញ់ ។

ជាមួយគ្នានោះដែរ តារាសម្តែង លោក អ៊ឹម ជីវ៉ា ក៏បានផ្ញើរសារស្រដៀងគ្នាថា “ខ្ញុំសុំទទូចផ្តាំផ្ញើរយុវវ័យ កុំយកថ្ងៃនេះ ធ្វើអ្វីខុសនាំ ឲ្យមានវិប្បដិសារី ក្នុងជីវិតកុំភ្លើតភ្លើន ។ ត្រូវយកថ្ងៃនេះបង្ហាញក្តី ស្រឡាញ់ចំពោះ បងប្អូន ឪពុកម្តាយ ក្រុមការងារ និងកុមារកំព្រា កាន់តែប្រសើរ”។

លោកបានបន្តទៀតថា ថ្វីបើទិវានេះ មិនមែនជាបុណ្យប្រពៃណីខ្មែរ តែមនុស្សក្នុងលោកទាំងអស់ មានក្តីស្រឡាញ់ ហើយប្រជាពលរដ្ឋកម្ពុជា ក៏អាចបង្ហាញក្តីស្រឡាញ់ដូចៗគ្នា ប៉ុន្តែមិនមែននាំគ្នាយល់ច្រឡំថា ជាបុណ្យសង្សារនោះទេ។

ជាការពិតរៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុវវ័យ តែងតែនាំគ្នាប្រារព្ធទិវានៃក្ដីស្រឡាញ់ ដោយពួកគេម្នាក់បានជូនជាវត្ថុអនុស្សាវរីយ៍ ឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់នៃក្ដីស្រឡាញ់ ។ ប៉ុន្តែយើងទាំងអស់គ្នាក៏ត្រូវចាំដែរថា ក្ដីស្រឡាញពុំមែនមានតែចំពោះគូស្នេហ៍ ឬគូសង្ហានោះឡើយ ពោលក្ដីស្រឡាញ់របស់មនុស្សម្នាក់ មានវិសាលភាពធំធេងណាស់ ជាពិសេសការបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកមានគុណ ក្ដីស្រឡាញ់ចំពោះរៀមច្បងក្នុងគ្រួសារ ចាស់ព្រឹទ្ធាចារ្យ រវាងប្ដីប្រពន្ធ មិត្តភក្តិ ក្ដីស្រឡាញ់ចំពោះថ្នាក់ដឹកនាំ ។ល។សុទ្ធសឹងតែមនុស្សគ្រប់រូប ត្រូវតែមានទាំងអស់។

ប៉ុន្តែអ្វីដែលយុវវ័យ កំពុងតែយល់ខុស នៅថ្ងៃទិវានៃក្ដីស្រឡាញ់នេះ គឺដោយសារតែភាពភ្លើតភ្លើន និងភាពរីកចម្រើននៃសម័យបច្ចេកវិទ្យាបច្ចុប្បន្ន ក៏ដូចជាមជ្ឈដ្ឋានរស់នៅក្នុងសង្គម និងវប្បធម៌បរទេសជ្រុលនិយម បានអូសទាញពួកគេឲ្យធ្លាក់ក្នុងស្ថានភាពជ្រួលជ្រើម ខុសទំនង រហូតប្រព្រឹត្តិទង្វើឆ្គាំឆ្គង ដែលប្រពៃណីខ្មែរ មិនអាចទទួលយកបាន។ ជាលទ្ធផលពួកគេអាចស្ពាយយក នូវវិប្បដិសារីក្នុងជីវិត ព្រោះតែការយល់ខុស ក្នុងទិវានៃក្ដីស្រឡាញ់នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh