(ភ្នំពេញ)៖ មុនលីគកំពូលកម្ពុជារដូវកាលថ្មី ឈានចូលមកដល់នាចុងខែកុម្ភៈខាងមុខ ក៏ដូចជាការត្រៀមខ្លួនការពារ តំណែងជើងឯកពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៧ ផងនោះ ក្លឹបក្រសួងការពារជាតិ (ទ័ព) បានប្រកាសឲ្យដឹងពីការដំឡើងប្រាក់ខែដល់កីឡាករ របស់ខ្លួនដ៏ច្រើនគួរឲ្យភ្ញាក់ផ្អើល ពិសេសគឺកីឡាករក្នុងស្រុកតែម្ដង ដែលត្រូវបានដំឡើងដល់ទៅ ៥០% ឯណោះ ពីលើប្រាក់ខែចាស់របស់ពួកគេ។
លោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លឹបក្រសួងការពារជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត មិត្តភាពអន្ដរជាតិរវាងក្រសួងការពារជាតិ និងក្រុមម៉ាឡេស៊ី Melaka United នាវេលាម៉ោង ៦៖៤៥នាទីល្ងាចនេះថា គម្រោងដំឡើងប្រាក់ខែដល់កីឡាករ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៥ មកម្ល៉េះ ប៉ុន្ដែឆ្នាំ២០១៧នេះ គឺមានការដំឡើងច្រើន ព្រោះក្លឹបចង់ជំរុញសមិទ្ធផលការប្រកួតរដូវកាលថ្មីឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត និងលើកទឹកចិត្តដល់កីឡាករ ចំពោះការខិតខំកន្លងមកផងដែរ។
អ្នកចាត់ការក្រុមរូបនេះបាននិយាយថា «គម្រោងដំឡើងប្រាក់ខែរបស់យើងបានរៀបចំ និងអនុវត្តន៍តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដោយមានការដំឡើងប្រាក់បៀវត្សរ៍ទៅតាមកម្រិត។ ប៉ុន្ដែឆ្នាំ២០១៧ គឺមានការដំឡើងច្រើន ពិសេសកីឡាករក្នុងស្រុក ដែលអាចដំឡើងបន្ថែមពីលើប្រាក់ខែចាស់រហូតដល់ទៅ ៥០%»។ ប៉ុន្ដែទោះជាយ៉ាងលោកមិនបានទម្លាយឲ្យដឹងពីតួរលេខច្បាស់លាស់នៃកម្រិតប្រាក់ខែរបស់កីឡាករម្នាក់ៗនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង