CamNews

កីឡាជាតិ 

គោព្រៃកម្ពុជា​ ណាត់ក្រុម​ខ្លាំង​អារ៉ាប់រួម​ ប្រកួត​កម្ដៅ​សាច់ដុំ​សប្ដាហ៍​ក្រោយ

(ភ្នំពេញ)៖ សម្រាប់ដើមឆ្នាំថ្មី ២០១៧ នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា បានណាត់ក្រុមខ្លាំង ប្រចាំទ្វីបអាស៊ីមួយធ្វើការប្រកួតមិត្តភាព គឺក្រុមជម្រើសជាតិអារ៉ាប់រួម ដែលគ្រោងនឹងជួបគ្នាលើទឹកដីអារ៉ាប់រួម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ចុងសប្ដាហ៍ក្រោយនេះ។ នេះបើយោងតាមព័ត៌មានផ្លូវការ ដែលបង្ហោះលើគហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA)។

នេះជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រកម្ពុជា ដែលចង់ឃើញការបង្ហាញសមត្ថភាព សាជាថ្មីរបស់ក្រុមដែលមានរហស្សនាមគោព្រៃកម្ពុជា ក្រោយបញ្ចប់បេសកកម្មប្រកួតពានរង្វាន់ AFF Suzuki Cup 2016 កាលពីពេលកន្លងទៅ តាមរយៈការប្រកួត ជាមួយក្រុមខ្លាំងអារ៉ាប់រួម ដែលជាជំនួបលើកដំបូងក្នុងប្រវត្តិសាស្ដ្របាល់ទាត់របស់កម្ពុជា។

គួរបញ្ជាក់ថា អារ៉ាប់រួម គឺជាក្រុមដ៏មានឥទ្ធិពលមួយក្នុងទ្វីបអាស៊ី និងធ្លាប់ឈ្នះជើងឯកអាស៊ី (Asian Cup) ចំនួន ៣លើក និងធ្លាប់ឡើងដល់ជុំផ្ដាច់ព្រ័ត្រពាន FIFA World Cup ចំនួន ៤លើកទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ បច្ចុប្បន្នក្រុមខ្លាំងនេះ កំពុងគ្រងចំណាត់ថ្នាក់លេខ៥៤ ក្នុងតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក FIFA គ្រាដែលកម្ពុជាកំពុងឈរលេខរៀងទី១៧៣ ឯណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news