ផ្ទុះអាវុធយ៉ាងខ្លាំងក្លានៅតំបន់មួយចំនួន នៅភាគខាងជើងប្រទេស មីយ៉ាន់ម៉ា ជាប់ព្រំដែលចិន
បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិចពីរនាក់ និងជាង ២០នាក់រងរបួស។
ប្រជាជននៅទីរួមស្រុក Muse ដែលជាកន្លែងក្ដៅមួយទាក់ទឹននឹងអំពើរត់ពន្ធនៅ មីយ៉ាន់ម៉ា បានឱ្យ
ដឹងថា ការផ្ទុះអាវុធរវាងកងទ័ព មីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជនជាតិបានផ្ទុះឡើងចាប់ពី
ព្រឹកព្រលឹមម្សិលមិញ។ សម្លេងកាំភ្លើងបានផ្ទុះឡើងនៅក្នុងភូមិមួយចំនួន ក្នុងតំបន់ Shan រួមមាន
Mong Ko និង Kyu Kok នៅវេលាម៉ោងប្រហែល ២និង៤០នាទី ហើយបានអូសបន្លាយរហូតដល់
ព្រឹក។
ប្រជាជននៅព្រំដែន Wanding ខែត្រ Yunnan ប្រទេសចិន ក៏អាចឮសម្លេងអាវុធ។ អាជ្ញាធរទីរួម
ស្រុក Wanding បានបញ្ជូននគរបាលប្រដាប់អាវុធទៅកាន់ព្រំដែនដើម្បីរក្សាស្ថេរភាពនៅទីនោះ។
យោងតាមរបាយការណ៍ពីការិយាល័យទីប្រឹក្សារដ្ឋ មីយ៉ាន់ម៉ា ក្រុមប្រដាប់អាវុធដែលបានចូលរួម
វាយប្រហារខាងលើ រួមមាន កងទ័ពឯករាជ Kachin (KIA), កងទ័ពរំដោះជាតិ Taaung (TNLA) និង
កងទ័ពសហភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា Kokang (MNDAA)។
AFP ដកស្រង់សំដីរបស់ពលរដ្ឋម្នាក់ឱ្យដឹងថា “មនុស្សទាំងឡាយដែលនៅស្ថានិយត្រួតពិនិត្យ
ព្រំដែន កំពុងតែរត់មកកាន់ Muse ព្រោះតែមានការផ្ទុះអាវុធយ៉ាងសាហាវ”។
គ្រូពេទ្យម្នាក់សុំមិនបញ្ចេញឈ្មោះដែលធ្វើការនៅក្នុងមន្ទីរពេទ្យនៅជនបទមួយបានឱ្យដឹងថា
“បុរសម្នាក់ និងស្រីម្នាក់បានស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង បន្ទាប់ពីបានបញ្ជូនមកកាន់មន្ទីរ
ពេទ្យ។ ក្រៅពីនេះ ក៏មានមនុស្សប្រហែល ២៥នាក់ រងរបួស”។
ការផ្ទុះសង្គ្រាមរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំង KIA ក្នុងរដ្ឋ Kachin បានកើតឡើងជាថ្មី ចាប់
ពីឆ្នាំ ២០១១ បន្ទាប់ពីបទឈប់បាញ់ដែលអូសបន្លាយបាន ១៧ឆ្នាំ ត្រូវបានបំផ្លាញ។ សង្គ្រាមនេះ
បានបណ្ដាលឱ្យមនុស្សជាង ១០០.០០០នាក់ បាត់បង់ផ្ទះសម្បែង។
ទីរួមស្រុក Muse ស្ថិតនៅភាគខាងជើងរដ្ឋ Shan ក្បែររដ្ឋ Kachin និងមានចម្ងាយពីប្រទេសចិន
ត្រឹមតែទន្លេមួយប៉ុណ្ណោះ។
តំណាងរបស់កងកម្លាំងប្រដាប់អាវុធពីរក្រុមបានទទួលស្គាល់ថា ទាហានរបស់ពួកគេបានចូលរួម
ប្រយុទ្ធក្នុងការផ្ទុះអាវុធលើកនេះ។ យោងតាមការរៀបរាប់របស់ប្រជាជន គ្រាប់បែកមួយចំនួនបាន
ធ្លាក់ទៅក្នុងប្រទេសចិនផងដែរ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ AFP/Bangkokpost