CamNews

ព័ត៌មានអន្តរជាតិ 

ម្ដាយរបស់ភេរវករថ្ងៃទី ១១កញ្ញា នៅអាមេរិក ជឿថា កូនប្រុសនៅមានជីវិត

ម្ដាយរបស់ Mohammed Atta ដែលជាជនម្នាក់ក្នុងចំណោមជនដែលបានបើកយន្ដហោះបុកមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅក្រុង New York កាលពីថ្ងៃទី ១១កញ្ញា ឆ្នាំ ២០០១ ជឿថា កូនប្រុសរបស់ខ្លួនត្រូវអាមេរិកដាក់គុក។

ទិដ្ឋភាព​យន្ដហោះពីរគ្រឿង​ ដែលត្រូវ​ក្រុម​ភេរវករ​គ្រប់គ្រង និងបើកបុកមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ​ក្រុងញូវយ៉កកាលពីថ្ងៃទី ១១កញ្ញា ឆ្នាំ ២០០១ 

នៅក្នុងកិច្ចសម្ភាសមួយដែលបានចុះផ្សាយនៅលើទំព័រសារព័ត៌មាន El Mundo កាលម្សិលមិញ អ្នកស្រី Bozaina Mohamed Mustafa Sheraqi យល់ថា កូនប្រុសរបស់ខ្លួនគឺជាជនរងគ្រោះនៅក្នុងល្បិចកលរបស់អាមេរិក ហើយមិនបានធ្វើអ្វីខុស។

អ្នកស្រី Bozaina បានឆ្លើយនៅក្នុងកិច្ចសម្ភាសពី Cairo ប្រទេសអេហ្ស៊ីបថា “វានៅមានជីវិត ហើយនេះគឺជាសារមួយដែលខ្ញុំផ្ញើដល់កូនប្រុស។ ខ្ញុំគិតថា វាកំពុងនៅក្នុង (ព័ន្ធនាគារ) ឆកសមុទ្រ Guantanamo។ កូនប្រុស ម្ដាយចង់ជួបមុខកូនមុននឹងស្លាប់។ ម្ដាយអាយុ ៧៤ឆ្នាំហើយ ម្ដាយនៅតែរស់ជាមួយនឹងក្ដីសង្ឃឹមថា កូននៅរស់។ ម្ដាយដឹងថា កូនមិនដែលធ្វើអ្វីខុស ហើយកូនមិនដែលធ្វើអ្វីដូចគេថានោះដែរ។”

ព័ន្ធនាគារ Guantanamo ស្ថិតក្នុងមូលដ្ឋានទ័ពជើងទឹកអាមេរិក នៅក្នុងឆកសមុទ្រ Guantanamo ភាគខាងកើតប្រទេស Cuba ជាកន្លែងដែលដាក់អ្នកទោស និងជនសង្ស័យទាក់ទឹននឹងភេរវកម្ម។

អ្នកស្រី Bozaina ចោទប្រកាន់ថា “អាមេរិកកំពុងលាក់ការពិត” និង “បានបង្កើតករណីវាយប្រហារនេះដើម្បីផ្សព្វផ្សាយនូវគំនិតមួយថា អ៊ីស្លាមគឺជាភេរវករ”។ អ្នកស្រី Bozaina បន្តថា “ពួកគេបានជ្រើសរើសមនុស្សដែលមានលិខិតឆ្លងដែនអារ៉ាប់ និងប្រទេសរបស់យើងដើម្បីទម្លាក់កំហុស និងបំបែកបំបាក់យើងខ្ញុំ”។

ប្រភពព័ត៌មានបានឱ្យដឹងថា នេះគឺជាកិច្ចសម្ភាសដំបូងរបស់អ្នកស្រី Bozaina រាប់ចាប់តាំងពីក្រោយករណីភេរវកម្មនៅអាមេរិក ដែលបានធ្វើឱ្យកក្រើកពិភពលោក កាលពីថ្ងៃទី ១១កញ្ញា មុននេះ ១៥ឆ្នាំ ដែលបានសម្លាប់មនុស្សជិត ៣០០០នាក់។

គ្រួសាររបស់ Mohammed Atta តាំងពីដើមរៀងមក បានប្រកាសថា Mohammed Atta មិនបានជាប់ទាក់ទឹននឹងករណីភេរវកម្ម ហើយថា គេនៅតែមានជីវិត។ បន្ទាប់ពី Mohammed Atta ត្រូវបានគេរកឃើញថា ជាមនុស្សម្នាក់ក្នុងចំណោមជនទាំង ១៩នាក់ដែលបានចូលរួមក្នុងអំពើភេរវកម្ម ឪពុករបស់បុរសម្នាក់នេះ ដែលជាមេធាវីម្នាក់ដែលបានស្លាប់កាលពីឆ្នាំ ២០០៨ ធ្លាប់បានបដិសេធលើការចោទប្រកាន់នេះ ហើយថា កូនប្រុសរបស់ខ្លួនបានទូរស័ព្ទមកឱ្យគាត់ ពីទីតាំងសម្ងាត់មួយ បន្ទាប់ពីអំពើភេរវកម្មកើតឡើងបានមួយថ្ងៃ។

ភេរវករ Mohammed Atta 

ប៉ុន្តែ បន្ទាប់ពីបណ្ដាករណីបំផ្ទុះគ្រាប់បែកទៅក្នុងរថភ្លើងក្រោមដី ៣កន្លែង នៅរថយន្ដមួយគ្រឿងនៅក្រុងឡុង កាលពីឆ្នាំ ២០០៥ ឪពុករបស់ Mohammed Atta បានទទួលស្គាល់ថា កូនរបស់ខ្លួនបានស្លាប់។

ឪពុករបស់ Mohammed Atta ធ្លាប់បានសរសើរ “វិរភាព” របស់កូនប្រុស នៅក្នុងកិច្ចសម្ភាសជាមួយ CNN និងបានទាមទារប្រាក់កម្រៃ ៥.០០០ដុល្លារសម្រាប់កិច្ចសម្ភាសម្ដងនៅលើទូរទស្សន៍។ បុរសនេះ បានប្រកាសថា ប្រាក់នេះនឹងប្រើប្រាស់ដើម្បីធ្វើការវាយប្រហារមួយផ្សេងទៀតនៅក្រុងឡុង។

ប្រែសម្រួល ៖ តារា
ប្រភព ៖ hindustantimes


Tags: ភេរវករ ភេរវកម្ម ១១កញ្ញា អាមេរិក