សមយុទ្ធកងទ័ពជើងទឹករួមរបស់អាមេរិក និងកូរ៉េខាងត្បូងក្នុងសប្ដាហ៍នេះនឹងរួមមានទាំងការ
សន្មត់ជាធ្វើឃាតមេដឹកនាំកូរ៉េខាងជើង ក្នុងករណីក្រុងព្យុងយ៉ាងវាយប្រហារដោយអាវុធនុយក្លេ
អែរ នេះបើតាមទំព័រ Yonhap ដែលបានដកស្រង់សំដីរបស់មន្ដ្រីនៃក្រសួងការពារជាតិកូរ៉េខាង
ត្បូងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ កាលពីម្សិលមិញ។
នាវាផ្ទុកយន្ដហោះ USS Ronald Reagan បានមកដល់មូលដ្ឋានទ័ពជើងទឹកកូរ៉េខាងត្បូង
ចាប់ពីថ្ងៃទី ១០តុលា កងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នា
មួយដែលមានរយៈពេល ៦ថ្ងៃ នៅតំបន់សមុទ្រជប៉ុន និងសមុទ្រលឿង (Yellow Sea) ដោយមាន
ការរួមរួមពីនាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan និងនាវាចម្បាំង និងនាវាមុជទឹករាប់
សិបគ្រឿង។ នេះគឺជាសមយុទ្ធរួមរវាងអាមេរិក និងកូរ៉េខាងត្បូង ទ្រង់ទ្រាយធំបំផុត រាប់ចាប់តាំង
ពីឆ្នាំ ២០១០។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីម្សិលមិញ បានប្រកាសថា សម
យុទ្ធនឹងរួមមានទាំងការវាយប្រហារដោយកាំជ្រួចដែលបាញ់បានរយៈចម្ងាយ ១.០០០គីឡូម៉ែត្រ។
ក្រៅពីនេះ ខ្លឹមសារនៃសមយុទ្ធមួយផ្សេងទៀត នោះគឺ ការធ្វើឃាតមេដឹកនាំកូរ៉េខាងជើង ដូចជា
លោក Kim Jong-un ជាដើម ក្នុងករណីក្រុងព្យុងយ៉ាង វាយប្រហារដោយអាវុធនុយក្លេអែរ នេះបើ
តាមទំព័រ Yonhap ដកស្រង់សំដីរបស់មន្ដ្រីកូរ៉េខាងត្បូង។
សកម្មភាពសមយុទ្ធរួមរវាងអាមេរិក និងកូរ៉េខាងត្បូង កាលពីខែមិនាឆ្នាំ ២០១៦ (រូបថត ៖ Reuters)
មន្ដ្រីខាងលើឱ្យដឹងថា ក្រោយពីក្រុងព្យុងយ៉ាងបានសាកល្បងអាវុធនុយក្លេអែរលើកទី៥ កាលពី
ខែមុន បណ្ដាសមយុទ្ធនឹងផ្តោតសំខាន់ទៅលើការវាយប្រហារទៅលើទីតាំងអាវុធនុយក្លេអែរ និង
កាំជ្រួចរបស់កូរ៉េខាងជើង។ សមយុទ្ធនេះក៏នឹងរួមបញ្ចូលទាំងសកម្មភាពរបស់កងកម្លាំងពិសេស
ផងដែរ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ mirror