CamNews

ព័ត៌មានអន្តរជាតិ 

ទឹកជំនន់នៅកូរ៉េខាងជើង ផ្តាច់ជីវិតមនុស្សកើនដល់ ១៣៣នាក់ និង ៣៩៥នាក់បាត់ខ្លួន

(យូអិន)៖ របាយការណ៍ពីអង្គការសហប្រជាជាតិ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សស្លាប់ដោយសារ គ្រោះទឹកជំនន់ នៅប្រទេសកូរ៉េខាងជើង បានកើនឡើងដល់ ១១៣នាក់ ខណៈ ៣៩៥នាក់ ទៀតបាត់ខ្លួន ដែលវាជាឥទ្ធិពល បន្សល់ទុក ពីព្យុះទីហ្វុង Lionrock។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយបណ្តាញព័ត៌មាន ទាន់ហេតុការណ៍ នាព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។

ក្រៅពីមនុស្សស្លាប់ និង បាត់ខ្លួនខាងលើនេះ ប្រជាជនជាង កន្លះលាននាក់ទៀត ក៏ត្រូវបានបង្ខំចិត្ត ជម្លៀសចេញទៅ រកទីទួលមានសុវត្ថិភាពផងដែរ ដោយសារទឹកជំនន់ដ៏អាក្រក់ប្រចាំឆ្នាំ ២០១៦នេះ បានវាយប្រហារខ្លាំង នៅតាមបណ្តាខេត្ត និងក្រុងមួយចំនួនដូចជា Musan, Onsong, Kyongwon, Kyonghung, Yonsa និង Hoeryong ជាដើម។ ព្យុះទីហ្វុង Lionrock បានវាយប្រហារ កូរ៉េខាងជើង កាលពីចុងខែសីហា ហើយរហូត មកដល់ថ្ងៃចន្ទនេះ ប្រព័ន្ធសម្ពាធទាបនៅតែបន្ត ជះឥទ្ធិពល ខ្លាំងក្លានៅឡើយ។

គួរបញ្ជាក់ថា បើទោះបីជាទឹកជំនន់លើកនេះ មានសភាពធ្ងន់ធ្ងរខ្លាំងក្តី ក៏រដ្ឋាភិបាលកូរ៉េខាងជើង មិនបាន ធ្វើការស្នើសុំជំនួយជាផ្លូវការ ណាមួយពីអន្តរជាតិនោះឡើយ ប៉ុន្តែខ្លួនបានព្យាយាមផ្សព្វផ្សាយ ជាលក្ខណៈ អន្តរជាតិនូវការរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ ដែលទំនងជាការចង់ឲ្យអន្តរជាតិ សុំផ្តល់ជំនួយវិញ។ កាលពីចុងសប្តាហ៍មុននេះ យុទ្ធនាគារសង្គ្រោះទឹកជំនន់ ទូទាំងប្រទេសកូរ៉េខាងជើង ត្រូវបានធ្វើឡើង ដើម្បីប្រមែប្រមូលជំនួយពី សប្បុរសជនក្នុងស្រុក និង ការត្រៀមខ្លួនទប់ទល់នឹងគ្រោះធម្មជាតិនានា៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: north korea south korea missile satellite