CamNews

ព័ត៌មានជាតិ 

ព័ត៌មានលម្អិត៖ រឹតកស្ត្រីម្នាក់ស្លាប់ចោលកូនខ្ចី២ខែ និងវីដេអូដែលប៉ូលីសនាំទៅធ្វើតម្រាប់

(ភ្នំពេញ)៖ រឿងរាវស្ត្រីម្នាក់ ត្រូវបានគេសម្លាប់យ៉ាងអាថ៌កំបាំង ដោយរឹត.កយ៉ាងសាហាវព្រៃផ្សៃ ស្លាប់ចោលកូនខ្ចី កំសត់មានអាយុទើបតែ២ខែ ថែមទាំងបាត់ទូដែក១ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះលេខ12 ផ្លូវ20k ក្រុមទី៨ ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ធ្វើឲ្យភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ក៏ដូចជាក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានលាងត្រដាងហើយ។

ក្រោយហេតុការណ៍កើតឡើងភ្លាម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាវុធហត្ថរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងវែកមុខ រកជនល្មើសមកផ្តន្ទាទោស តាមច្បាប់ឲ្យខានតែបាន។ តាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់មុខសញ្ញា និងតាមប្រម៉ាញ់ជនសង្ស័យ ពីខេត្តមួយទៅខេត្តមួយ រហូតដល់ឃាត់ខ្លួន បាននៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧  ដោយមានការសហការ ជាមួយស្នងការយុត្តិធម៌ នៃស្នងការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយអាវុធហត្ថខេត្តកំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ បន្ទាយមានជ័យ និងបាត់ដំបង។

ក្រោយការស៊ើបអង្កេត របស់អាវុធហត្ថរាជធានីភ្នំពេញ  ក៏ដូចជាចម្លើយសារភាព របស់ជនសង្ស័យ រឿងរ៉ាវអាថ៌កំបាំង ត្រូវបានលាតត្រដាងដូចតទៅ៖ ជនដៃដល់ឈ្មោះ រស់ រីម អាយុ២៨ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ ជាមួយប្តីជនរងគ្រោះដែលស្លាប់ និងធ្លាប់ស៊ីឈ្នួលបើករថយន្តដឹកបន្លែ ឲ្យជនរងគ្រោះពីស្រុកស្អាង ខេត្តកណ្តាល មកភ្នំពេញ។

ក្នុងអំឡុងខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានឈប់ស៊ីឈ្នួល បើករថយន្តឲ្យជនរងគ្រោះ ព្រោះគ្មានបន្លែដឹក។ រហូតដល់ដើមខែឧសភា ឆ្នាំ២០១៧  ដោយជនសង្ស័យអត់ការងារធ្វើ រកចំណូលមិនបាន និងធ្លាប់គុំគួនជាមួយជនរងគ្រោះ ដែលតែងតែជេរប្រទិច បណ្តាស់សាររូបគេ កាលនៅស៊ីឈ្នួលបើករថយន្តឲ្យផងនោះ ជនសង្ស័យក៏រៀបគម្រោងជាមួយដៃគូម្នាក់ទៀត ឈ្មោះ ផាត ពេជ្រ អាយុ១៦ឆ្នាំ ដែលជាអ្នកធ្លាប់ស៊ីឈ្នួលជាមួយគ្នា ដើម្បីសម្លាប់ជនរងគ្រោះ និងប្លន់យកទ្រព្យសម្បត្តិ។

នៅថ្ងៃកើតហេតុទី១១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៣៖០០នាទី ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូក្រឡឹងផ្ទះជនរងគ្រោះជាច្រើនត្រឡប់ ឃើញឱកាសល្អ ដោយផ្ទះជនរងគ្រោះបើកចំហរ ហើយស្ងាត់ ពួកគេទាំងពីរនាក់ក៏បានទិញខ្សែគោប្រហែលមួយម៉ែត្រ នៅក្បែរផ្ទះជនរងគ្រោះ ហើយលបចូលក្នុងផ្ទះស្ងាត់ៗ ឃើញជនរងគ្រោះកំពុងធ្វើម្ហូប នៅចង្ក្រានបាយតែម្នាក់ឯង ក៏បានយកខ្សែគោ ទាក់កពីក្រោយ ហើយរឹតមួយទំហឹង ដោយឈ្មោះ ពេជ្រ ជាអ្នកជួយចាប់ដៃ និងខ្ទប់មាត់កុំឲ្យស្រែក រហូតដល់ស្លាប់ បន្ទាប់មកអូសសពចូលបន្ទប់ទឹក រួចឡើងទៅជាន់លើ ដើម្បីរើមើលវត្ថុមានតម្លៃ ក៏ប្រទះឃើញទូរដែកមួយ នៅក្នុងបន្ទប់ដេក ក៏នាំគ្នាសែងចុះមកក្រោម ដាក់លើម៉ូតូ ជិះទៅចោមចៅ តាមផ្លូវលំមួយ រួចទម្លាក់ទូរដែកចូលក្នុងព្រៃ ហើយឈ្មោះពេជ្រ ជាអ្នកយាមទូរដែក ឯឈ្មោះ រស់ រីម បានជិះម៉ូតូ ទៅរកខ្ចីដែកត្រសេះ ពីប្រជាពលរដ្ឋនៅក្បែរនោះ មកគាស់ទូរដែក យកបានលុយខ្មែរចំនួន១០លានរៀល លុយដុល្លារចំនួន៧,២០០ដុល្លារ ខ្សែកមាស០១ខ្សែ, ខ្សែកប្លាទីន០១ខ្សែ, និងចិញ្ជៀន០១វង់ដាំពេជ្រផងដែរ។

ក្រោយពេលយកសម្ភារៈបានអស់ហើយ ក៏នាំគ្នាទៅដេកផ្ទះសំណាក់ ផ្តុំផ្សារឯករាជ្យ ផ្លូវវេងស្រេង០១យប់ ហើយក៏ចែកលុយគ្នាក្នុងផ្ទះសំណាក់។ ព្រឹកឡើងថ្ងៃទី១២ ជនសង្ស័យទាំង២ ក៏បាននាំគ្នាលើកម៉ូតូដាក់ឡានតាក់ស៊ី ជិះទៅខេត្តបាត់ដំបង។ លុះដល់ថ្ងៃទី១៣ ដាក់ម៉ូតូលើតាក់ស៊ីជិះ ទៅខេត្តរតនៈគីរី។ ថ្ងៃទី១៤ ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូទៅខេត្តក្រចេះ។ ថ្ងៃទី១៥ត្រឡប់មកភ្នំពេញវិញ រួចបង្ហួសទៅខេត្តតាកែវ ហើយឈ្មោះ រស់ រីម ក៏ជិះម៉ូតូ គេចទៅខេត្តបាត់ដំបងម្នាក់ឯង។

លុះព្រឹកឡើងថ្ងៃទី១៦ ឈ្មោះរស់ រីម ក៏ជិះម៉ូតូត្រឡប់ពីបាត់ដំបង មកភ្នំពេញវិញ រួចបង្ហួសទៅដេកផ្ទះពូ នៅតាកែវមួយយប់។ នៅថ្ងៃទី១៧ ឈ្មោះ រស់ រីម ក៏ជិះម៉ូតូទៅខេត្តបាត់ដំបងទៀត។ លុះដល់ថ្ងៃទី១៨ ឈ្មោះ រស់ រីម បានទាក់ទងទៅឈ្មោះពេជ្រ មិនបាន ក៏យកម៉ូតូដាក់ឡានជិះ ទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន បាននៅលើឡានតាមផ្លូវ នៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងតែម្តង។

បច្ចុប្បន្នជនដៃដល់ឈ្មោះ រស់ រីម កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ស្អែក ដើម្បីផ្តន្ទាទោសតាមច្បាប់។

ឯជនសង្ស័យម្នាក់ទៀតឈ្មោះ ផាត ពេជ្រ កំពុងត្រូវបានកម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមលេង ក្នុងបណ្តាញសង្គមហ្វេសបុក បើមានដំណឹងស្តីពីជនសង្ស័យឈ្មោះ ផាត ពេជ្រ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកកាន់ អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០១៥ ៨៨៨ ៨៧៩ និង ០១២ ៣៨៣ ៣៨៣ សមត្ថកិច្ចនឹងមានរង្វាន់លើកទឹកចិត្ត និងរក្សាការសម្ងាត់ជូន តែបើបងប្អូនណាជួយ លាក់បាំងជនសង្ស័យ នឹងត្រូវមានទោសតាមច្បាប់ជាធរមាន ៕



Tags: Local news Social news