(បរទេស)៖ កីឡាកររត់ប្រណាំង Usain Bolt បានឈ្នះពានពីសហព័ន្ធសហព័ន្ធកីឡាអត្តពលកម្មពិភពលោក (IAAF) ៦សម័យជាប់ៗគ្នា បូករួមទាំងឆ្នាំ២០១៦ នេះ បន្ទាប់ពីធ្វើបានល្អទៀតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម នៅទីក្រុងរីយ៉ូ កាលពីខែសីហាកន្លងទៅ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៦ នេះថា កីឡាករអត្តពលកម្មជនជាតិចាម៉ៃកា ដែលជាជើងឯកមេដាយមាសអូឡាំពិកពិភពលោក ៩សម័យ បានឡើងទទួលរង្វាន់ក្នុងនាមជាកីឡាករល្អ បំផុតរបស់ពិភពលោកពី IAAF យប់មិញនេះ ក្នុងនាមជាកីឡាករដែលអាចប្រកួតឈ្នះមេដាយមាសក្នុងវិញ្ញាសារត់ ចម្ងាយ 100m, 200m និងវិញ្ញាសា 4x100m។
នេះជាកំណត់ត្រាថ្មីមួយទៀតសម្រាប់បុរសវ័យ ៣០ឆ្នាំដែលឈ្នះពានកិត្តិយសនេះគិតចាប់តាំងពីឆ្នាំ២០០៨ ២០០៩ ២០១១ ២០១២ ២០១៣ និងឆ្នាំ២០១៦ នេះ ខណៈដែលរូបគេនឹងចូលនិវត្តន៍ពីកីឡារត់ល្បឿននេះ នៅឆ្នាំ២០១៧ ខាងមុខ ក្នុងព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងជើងឯកពិភពលោក នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង