CamNews

តារា 

រតនៈ ពិសី ចេញសារ​រិះគន់​ធ្ងន់ៗ​​ទៅ​លើ​​​ លោក ជៀស ស្រួច មិន​គួរ​​ហែក​កេរ្តិ៍​​អតីត​ប្រពន្ធ ដូច​ហែក

(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេង សំឡេងពីរោះ និងតែងតែទទួលបានជោគជ័យ ក្នុងការចេញសម្ដែង នៅក្រៅប្រទេស កញ្ញា រតនៈ ពិសី បានបញ្ចេញប្រតិកម្មធ្ងន់ ដាក់លោក ជៀស ស្រួច នៅពេលដែលអតីតអ្នកប្រដាល់ និងជាកីឡាកររូបនេះ បានចេញមុខគួរឲ្យភ្ញាក់ផ្អើល បកអាក្រាតរឿងអតីតកាល ក្នុងជីវិតជាប្ដីប្រពន្ធកាលពីជាង១០ឆ្នាំមុន ជាមួយនឹងអតីតភរិយា គឺនាង សាត រស្មី ឲ្យមហាជនបានដឹងជាសារធារណៈ។

ជាការពិត ការបង្ហាញមុខរបស់លោក ជៀស ស្រួច និងការរ៉ាយរាប់ពីរឿងរ៉ាវលែងលះ ជាមួយប្រពន្ធនៅពេលនេះ គឺហាក់បីដូចជាលោកកំពុងតែឆ្កឹះដំបៅចាស់ ដែលបានជះសះស្បើយជាយូរឆ្នាំមកហើយ ឲ្យឈឺពើតផ្សារសារជាថ្មីម្ដងទៀត និងធ្វើឲ្យមហាជនភ្ញាក់ផ្អើល ចំពោះរឿងហេតុដែលបានកើតឡើងកន្លងមក ទាំងមិននឹកស្មានដល់នេះ។

ក្នុងនាមជាអ្នកសិល្បៈដូចគ្នា កញ្ញា រតនៈ ពិសី បានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន ឈឺឆ្អាលចំពោះរឿងនេះ ដោយបានសរសេរសារជះទៅលើលោក ជៀស ស្រួច វិញថា «ធ្វើជាមនុស្សប្រុសបើសម្រេចចិត្ដ ចុះចេញចាកចោលគ្នា ...ហេតុអីបានពេលនេះ ទើបចេញមុខមក​បក ស្រាយ ហើយហែកកេរ្តិ៍បំផ្លាញកិតិ្តយស និងសេចក្ដីសុខរបស់គេ ខាងស្រីវិញចឹង ??? នេះមកពីយើងជាប្ដី គ្មានសមត្ថភាពរកឲ្យគេគ្រប់គ្រាន់! បើមានស៊ីមានចាយគ្រប់គ្រាន់ គ្មានអ្នកណាសុខចិត្ត ទៅថោកធ្វើរឿងចឹងទេ ! ពេលខ្លះរឿងខ្លះមនុស្សស្រី ក៏មានមូលហេតុផ្ទាល់ខ្លួន...​ បើយើងតាំងចិត្ដថាចុះចេញ ធ្វើជាអ្នកដើរចេញហើយ លទ្ធផលថ្ងៃក្រោយបែបណានោះ យើងត្រូវតែហ៊ានទទួលស្គាល់ ...​លេងនៅសុខៗ មកហែកកេរ្តិ៍គ្នាយ៉ាងនេះ គ្មានអ្នកណាគេទទួលយក​បានទេ ...!»

​រតនៈ ពិសី បានបន្ថែមទៀតថា «សូមអភ័យទោសផង បើខ្ញុំដឹងរឿងមិនច្បាស់ ប៉ុន្តែខ្ញុំគិតថា ទោះមនុស្សស្រីខុសប៉ុណ្ណាក៏ដោយ ក៏​មិនត្រូវមកតាមហែកសំពត់គ្នា​ចឹងដែរ ....!!! យើងអាចបង្ហាញ​ពីទុក្ខលំបាករបស់យើងឲ្យគេជួយដឹងឮ តែយើងក៏មិនត្រូវហែកកេរ្តិ៍គ្នាចឹងដែរ ...​ដឹងថា នេះជាកំហឹង​តែក៏ជារឿងដែលពុំត្រឹមត្រូវ​ សុំទោសទុក​ជាមុន ​បើមានការខុសឆ្គង..!»

សូមបញ្ជាក់ថា លោក ជៀស ស្រួច អ្នកសម្ដែងក្នុងបទ «ជីវិតអ្នកប្រដាល់»​ បានទម្លាយប្រាប់ក្នុងបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌ជើងចាស់ល្បីឈ្មោះ​ម្នាក់ថា មូលហេតុដែលរូបលោក​ធ្លាក់ខ្លួន​​រហូតមកថ្ងៃនេះ ព្រោះតែលោកខូចចិត្ត​​ជា​មួយនឹងអតីតប្រពន្ធ ដែលថ្លើមធំហ៊ានក្បត់ខ្លួន ​លួចលាក់មានស្នេហា​ជាមួយ​កូន​ប្រុស​លោកឧកញ៉ា ទាំងមិនគិតសោះថា ខ្លួនមានប្ដីនៅជាមួយរាល់ថ្ងៃ។ ពេលលោក ជា ស្រួច ដឹងរឿងនេះភ្លាម បានធ្វើឲ្យលោកខូចចិត្ត ជ្រើសយកផ្លូវចុះចោលផ្ទះ ដើម្បីគេចចេញពីភាពអាម៉ាស​ទាំងអស់នេះ។

បន្ទាប់ពីលោក ជៀស ស្រួច បានចាកចេញពីគ្រួសារ​ដោយចោទប្រពន្ធថា ជាស្រីផិតក្បត់រួចមក លោកបានក្លាយជាមនុស្ស​តែលតោល គ្មានទីពឹង ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងចុងក្រោយក្លាយជាកម្មករអូសរទេះ​ដឹកទំនិញ នៅតំបន់ជាយដែនក្រុងប៉ោយប៉ែត។ ខ្សែជីវិតរបស់អតីតកីឡាករធ្លាប់​ល្បី​ឈ្មោះ លោក ជៀស ស្រួច ត្រូវបានមហាជន ស្ទើរតែភ្លេចបាត់ទៅហើយ ព្រោះលោកបានចាកចេញ​​ពីជីវិតជាអ្នកប្រដាល់ និងជីវិតជាតារាសម្ដែង អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀតបើនិយាយពីឈ្មោះ សាត រស្មី ជាតារាសម្ដែងមានឈ្មោះល្បី ក៏មិននឹកស្មានថា ជាអតីតប្រពន្ធរបស់លោកឡើយ។

នៅក្នុងបណ្ដាញសង្គម Facebook នៅថ្ងៃនេះ បានទម្លាយរូបភាពដ៏ស្រស់ស្អាតរបស់នាង សាត រស្មី ដោយបានអះអាងថា នាងជាអតីតប្រពន្ធរបស់លោក ជៀស ស្រួច កាលពី១២ឆ្នាំមុន ធ្វើឲ្យម្នាក់ៗស្រឡាំងកាំង ភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ជាមួយគ្នានេះ នាង សាត រស្មី ក៏បានចេញមុខបដិសេធទាំងស្រុង រាល់ការចោទប្រកាន់ទាំងអស់​របស់ លោក ជៀស ស្រួច ថា ពុំមែនជាការពិតនោះទេ ព្រោះអ្វីៗដែលបានកើតឡើង ក៏មានកំហុសរបស់លោក ជា ស្រួច ផងដែរ ខណៈដែលកាលនោះ លោក ជៀស ស្រួច ក៏មានជាប់ពាក់ព័ន្ធ​នឹងការជក់ថ្នាំញៀន លេងល្បែង និងប្រព្រឹត្តិទង្វើមិនគប្បី​ចំពោះនាង ច្រើនណាស់​ ទើបត្រូវចែកផ្លូវគ្នា ទាំងពាក់កណ្ដាលទីបែបនេះ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Ratanak Pisey