(ភ្នំពេញ)៖ «ខ្ញុំធ្វើខួបថ្ងៃនេះ មិនបានព្រៀងទុកទេបង.. វាហាក់ដូចជាប្រថុចញ៉ុចពេក បងមើលមើល៍សូម្បីតែភ្ញៀវ ក៏អញ្ជើញគ្មានសំបុត្រដែរ តែខ្ញុំហៅតិចតូចប៉ុណ្ណោះ ព្រោះប្រញាប់ពេក ណាមួយដឹងថា មិត្តភក្តិសុទ្ធតែជាប់រវល់ទាំងអស់..!»។ ខាងលើនេះ គឺការថ្លែងរបស់តារាចម្រៀង ល្បីឈ្មោះក្នុងមជ្ឈដ្ឋានសិល្បៈ កញ្ញា រតនៈ ពិសី ថ្លែងប្រាប់គេហទំព័រ Khmertalking ក្នុងពិធីខួបកំណើតរបស់នាង នាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ នៅឯភោជនីយដ្ឋាន Urban ។
ជាការពិត បើផ្អែកតាមអ្វី ដែលបានឃើញជាក់ស្ដែង និងតាមរយៈការរៀបរាប់ប្រាប់ដោយខ្លីៗ ពីសំណាក់ម្ចាស់ខួបកំណើត កញ្ញា រតនៈ ពិសី គឺនៅយប់មិញនេះ នាងបានធ្វើខួបកំណើតជាលក្ខណៈគ្រួសារ ដោយបានអញ្ជើញអ្នកចូលរួម ប្រមាណជា៦០ ទៅ៧០នាក់ប៉ុណ្ណោះ ហើយភាគច្រើនជាមនុស្សជិតស្និទ្ធ និងសាច់ញាតិរបស់នាង។
តារាចម្រៀង រតនៈ ពិសី បានបញ្ជាក់ទៀតថា ឆ្នាំនេះនាងធ្វើខួប២៣ឈានចូល២៤ ឆ្នាំ តែមានលក្ខណៈទ្រង់ទ្រាយតូច ជាងឆ្នាំមុន ព្រោះជាខួបមិនបានព្រៀងទុក។ ពេលសួរថា ពេលធ្វើខួបប្រញាប់ប្រញាលបែបនេះ មានអ្នកពិសេសជួយឧប្ថម្ភ ជាកាដូជូនមែនទេ ? រតនៈ ពិសី ញញឹមរួចឆ្លើយថា « ចា៎បង...មាន..!» ។ ជាមួយគ្នានេះ រតនៈ ពិសី ក៏បានសម្ដែងអារម្មណ៍រំភើបរីករាយ និងថ្លៃងអំណរគុណទៀតថា« អរគុណខ្លាំងណាស់ បងស្រីសំឡាញ់ចិត្ដ ហើយក៏សូមអរគុណ ជាពិសេសដល់បងៗប្អូនៗ រួមទាំងមិត្ដភក្តិទាំងអស់ ដែលបានចំណាយពេលចូលរួម និង ផ្ដល់កិត្ដិយសឲ្យខ្ញុំ ចង់និយាយថា ថ្ងៃនេះខ្ញុំសប្បាយខ្លាំងណាស់ អរគុណ អ្នកម៉ាក់ខ្ញុំ នឹងលោកពូអ្នកមីងផងដែរ បានចូលរួម ..»។
តារាចម្រៀងក្មេងខ្ចី រាងតូចច្រឡឹង កញ្ញា រតនៈ ពិសី ត្រូវបានគេដឹងថា នាងកំពុងតែមានទំនាក់ទំនង និងស្វែងយល់ចិត្តគ្នា ជាមួយបុរសម្នាក់ ដែលមានជំនាញ ជាទន្តបណ្ឌិត(ពេទ្យធ្មេញ) និងជាមន្ត្រីយោធា ពាក់ស័ក្តិ៤កន្លះ បម្រើការងារនៅក្នុង ក្រសួងការពារជាតិ ហើយពិធីខួបកំណើតនេះ ត្រូវបាននាងបង្ហើបថា ពិតជាមានអ្នកជួយឧបត្ថម្ភមែន។
ប្រភពព័ត៌មាន ត្រូវបានទម្លាយចេញ គួរឲ្យទុកចិត្តមួយថា ការស្វែងយល់ចិត្តគ្នា រវាងស្រីស្រស់សម្រស់ឆើតឆាយ កញ្ញា រតនៈ ពិសី និងដុកទ័រ ពេទ្យធ្មេញម្នាក់នោះ បានកើតឡើងរយៈពេល ជាង១ឆ្នាំមកហើយ ដោយបុរសនោះ តែងតែព្យាយាម យកចិត្តយកថ្លើម និងជួយជ្រោមជ្រែង រាល់ការងារទាំងឡាយណា ដែលនាងកំពុងធ្វើសព្វថ្ងៃ ដើម្បីឲ្យមានដំណើរការ ទៅដោយរលូន ជាមួយនឹងការវិវឌ្ឍន៍ថ្មីៗ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង