CamNews

តារា 

ឪពុក ហេង ស្រីពេជ្រ របួសធូរ​សះ​ស្បើយ បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ

ភ្នំពេញ៖ តារាសម្តែងតែងក្រសោប បានងារធ្វើជាជំទាវ កញ្ញា ហេង ស្រីពជ្រ កាលពីពេលថ្មីៗកន្លងមកនេះ បានជួបប្រទះនូវរឿងមិនសប្បាយចិត្ត ខណៈដែលឪពុកជាទីស្រលាញ់ របស់នាងជួបបញ្ហាគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត ដែលគិតមកដល់ពេលនេះ មានរយៈពេលជិត១ខែមកហើយ។

យ៉ាងណាមិញ បន្ទាប់ពីត្រូវបានបញ្ជូន មកសម្រាកព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត អស់រយៈពេលជិតមួយ ខែមកនេះ ឃើញថា អាការៈនៃជំងឺ និង របួសឪពុករបស់ តារាសម្តែងល្បីឈ្មោះ កញ្ញា ហេង ស្រីពេជ្រ ហាក់មានភាពធូរស្រាលឡើងវិញ។ មិនតែប៉ុណ្ណោះ ពេលនេះឪពុករបស់ ហេង ស្រីពេជ្រ ក៏ត្រូវបានក្រុមគ្រូពេទ្យ អញ្ញាតឲ្យបានត្រឡប់ ចេញទៅសម្រាកនៅផ្ទះវិញហើយ តែក៏ស្ថិតនៅក្នុងការតាមដាន ពីសំណាក់គ្រូពេទ្យអំឡុង ពីរសប្តាហ៍ម្តង។

តាមរយៈអត្ថន័យ ដែលត្រូវបានសរសេរបង្ហោះ ជាសាធរណៈនោះ លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាសម្តែង កញ្ញា ហេង ស្រីពេជ្រ មុននេះបន្តិច បានរៀបរាប់ថា «ប៉ាជាទីស្រលាញ់របស់ខ្ញុំជិតបានជាសះស្បើយមែនទែនហើយ ឥលូវគាត់ត្រឡប់មកដល់ ផ្ទះវិញហើយថ្ងៃនេះ ជាថ្ងៃកោថ្ងៃ១៤រោច ខ្ញុំសូមបួងសួងដល់ព្រះអង្គដងកើ ដ៏ស័ក្តិសិទ្ធនិងទេវតា សូមជួយតាមថែរក្សា អ្នកមានគុណខ្ញុំទាំងពីរ ឲ្យជួបតែសំណាងល្អ នឹងសុខភាពល្អពីពេលនេះ រហូតតទៅ..»។

តារាសម្តែង ដែលកាក់កបក្នុងការសម្តែងជាតួម្តាយ តួបងស្រី និង ធ្វើឲ្យទស្សនិកជន តែងតែហៅនាងថា ជំទាវៗ កញ្ញា ហេង ស្រីពេជ្រ បានបញ្ជាក់ទៀតថា លោកកគ្រូពេទ្យនិយាយថា ពីរសប្តាហ៍មកជួបគ្រូពេទ្យម្តង ដើម្បីតាមដានបន្តរហូតដល់ជាដាច់……! កូនស្រីតស៊ូ ពិតជាមិនអស់សង្ឃឹមមែន។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ កញ្ញា ហេង ស្រីពជ្រ បាននិយាយទាំងសម្តីផ្អែមថា «ចាស ! ពិតមែនហើយបង ឥឡូវលោកពុកខ្ញុំ គាត់បានវិលត្រឡប់មកដល់ផ្ទះ នៅស្រុកកំណើតវិញហើយ ព្រោះរបួសគាត់បានធូស្បើយច្រើន ពោលគឺ៧០ភាគរយ។ ខ្ញុំពិតជាសប្បាយចិត្ត ពេលឃើញលោកឪពុក ជាអ្នកមានគុណ គាត់អាចរួចផុតពីជំងឺបែបនេះ..»។

គួរបញ្ជាក់ថា ឪពុកនិងម្តាយ របស់តារាសម្តែងកញ្ញា ហេង ស្រីពេជ្រ បានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្របពេលដែលពួកគាត់ ធ្វើដំណើរមកលេងកូន នៅទីក្រុងភ្នំពេញ ហើយពេលធ្វើដំណើរត្រឡប់ទៅវិញ ក៏ស្រាប់តែជួបគ្រោះថ្នាក់ ចរាចរណ៍ នៅតាមផ្លូវ ក្បែរតំបន់ភ្នំឧដ្តុង ដែលហេតុការណ៍គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តកាម៉ារីឆ្លាមជិះ ទៅបុកជាមួយរ៉ឺម៉កម៉ូតូ ហើយ រ៉ឺម៉កម៉ូតូ នោះ ក៏បានជ្រុលមកបុក ជាមួយម៉ូតូឪពុកនាង យ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាល របួស ធ្ងន់សន្លប់តែម្តង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh