CamNews

ព័ត៌មានអន្តរជាតិ 

យោធា​កូរ៉េ​ខាង​​ជើង គំរាម​ចាត់​វិធាន​ការ​ក្តៅ ប្រឆាំង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការ​ពារ​មី​ស៊ីល THAAD

(ព្យុងយ៉ាង)៖ កងទ័ពនៃប្រទេសកូរ៉េខាងជើង បានចេញសេចក្តីព្រមានមួយ​ ទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថានឹងចាត់វិធានការជាក់ស្តែង ប្រឆាំងនឹង ការដាក់ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីល THAAD នៅលើទឹកនៃតំបន់ ឧបទ្វីបកូរ៉េនេះ។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។



កូរ៉េខាងជើង បានចេញសារព្រមាន​នៅព្រឹកថ្ងៃចន្ទ ដូច្នេះថា «ការចាត់វិធានការក្តៅ និងជាក់ស្តែងនេះ នឹងត្រូវធ្វើ នៅពេលដែលមានការ​ពង្រាយប្រព័ន្ធ THAAD នៅទីតាំងដែល​ត្រូវបានកំណត់នោះតែម្តង»។ ការគំរាមនេះផងដែរ បានចេញដោយ ការិយាល័យកាំភ្លើងធំ និង អគ្គសេនាធិការនៃកងទ័ព​ប្រជាជនកូរ៉េ ដែលត្រូវបានចេញផ្សាយ​ដោយ សារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA។



គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានសម្រេចកិច្ច ព្រមព្រៀងរួមគ្នាមួយ កាលពីសប្តាហ៍មុននេះ ដែលនឹងធ្វើការដាក់ពង្រាយប្រព័ន្ធការពារ​គ្រាប់មីស៊ីលផ្លោង THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដើម្បីការពារការបង្ក ហេតុណាមួយពីសំណាក់ប្រទេសកូរ៉េខាងជើង។ ប៉ុន្តែចំណាត់ការដែលគ្រោងអនុវត្តន៍​នៅចុងឆ្នាំ ២០១៧ ខាងមុខនេះ មិនមែនត្រឹមតែកូរ៉េខាងជើងទេ​ដែលក្តៅក្រហាយ ដោយសូម្បីតែ ចិន និងរុស្ស៊ី ក៏បានគំរាមមិនឲ្យ​ធ្វើបែបនេះដែរ៕





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង 


Tags: north korea south korea missile satellite