ភ្នំពេញ៖ តារាស្រីដែលឈរ នៅលំដាប់តារាសម្តែង មានតម្លៃខ្លួនថ្លៃ និងលេចធ្លោ ក្នុងការសម្តែង អ្នកនាង កែវ ស្រីនាង កាលពីពេលកន្លងទៅថ្មី បានចេញមុខប្រកាសក្តែងៗ ដោយមិនក្រែងចិត្ត មហាជនថា នាងនឹងទទួលការ សម្តែង បែបអាក្រាត កាយទាំងអស់ ឲ្យតែមានផលិតកម្ម ណាហ៊ានឲ្យតម្លៃខ្លួននាងប្រមាណ ១លានដុល្លារអាមេរិក ហើយ ឲ្យតែក្រសួងស្ថាប័នពាក់ព័ន្ធ អនុញ្ញាតឲ្យថត គឺនាងមិនរុញរាឡើយ។
ជាតារាសម្តែងចាស់ឆ្នាំ ដែលហាក់បីដូចជា សេដ្ឋីនីរស់នៅលើគំនរមាសប្រាក់ អ្នកនាង កែវ ស្រីនាង ត្រូវបានទស្សនិកជនលោកឃើញថា បើទោះបីជានាងមានប្ដី មានកូន ប៉ុន្តែរូបសម្រស់ស្រគត់ស្រគំ បែបនារីខ្មែរ ប្រកបដោយទេពកោសល្យ ក្នុងការសម្តែង និងជាតារា ដែលអាចរក្សាកេរ្តិ៍ឈ្មោះ ល្បីល្បាញ នៅក្នុងពិភពសិល្បៈ ដដែល។ ក្នុងនោះ បើទោះជានាង បានបោះបង់ចោល ការងារសិល្បៈមួយរយៈ ពេលធំក៏ដោយ រហូតដល់ ទស្សនិកជន ដាក់រហស្សនាមឲ្យនាងថា ជាតារាសម្តែងស្រីឆ្នើមមួយរូប ក្នុងចំណោមតារាសម្តែង ល្បីឈ្មោះដទៃ ។
ជាការពិតណាស់ថា តារាស្រីរូបស្រស់សោភា អ្នកនាង កែវ ស្រីនាង គឺជាតារាសម្តែងមួយដួង មានការរើសអើងរឿងខ្លាំង មុននឹងនាងសម្រេចចិត្ត សម្តែង ហើយរឿងនីមួយៗ ដែលនាងសម្តែង នៅពេលដាក់បញ្ចាំង ក្នុងរោងភាពយន្តតែងតែទទួលបាន ជោគជ័យខ្លាំង ។ ចំណុចនេះហើយ ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង នៅតែល្បីរន្ទឺដដែល ។ជាក់ស្តែងនៅពេលថ្មីៗនេះ នាងក៏កំពុងតែចាប់ផ្តើមឡើងកូដ បន្ថែមទៀត តាមរយៈការសម្តែង នៅក្នុងរឿង «ក្រមុំសៅកែ» របស់ផលិត កម្មមហាហង្ស ដែលទទួលបានសំឡេងគាំទ្រយ៉ាងខ្លាំងក្លាពីទស្សនិកជន។ ប៉ុន្តែអ្វីដែលធ្វើឲ្យ ទស្សនិកជននិង អ្នកគាំទ្ររបស់នាង ភាគច្រើន មានការអាក់អន់ស្រពន់ចិត្ត ជាមួយនាងនោះ គឺបន្ទាប់ពីតារាស្រីរូបនេះ ចេញមុខប្រកាសក្តែងៗថា ចាប់ពីពេលនេះ ទៅនាងបើកចំហរ ទទួលថតរឿងថតបែបសិចស៊ី អាក្រាតកាយទាំងអស់ ឲ្យតែខាងក្រសួង ឬស្ថាប័នពាក់ព័ន្ធ និងអ្នកដឹកនាំរឿង ត្រូវការ ដោយនាងបានដាក់តម្លៃ១លានដុល្លារ ក្នុងមួយរឿង ។
គ្រាន់តែនាងប្រកាស បែបនេះភ្លាមៗ បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម Facebook បានប្រតិកម្មមិនពេញចិត្ត នូវអ្វីដែលនាងធ្វើ ដោយនៅក្នុងនោះ ទស្សនិកជន បានរិះគន់នាងថា ជាតារាដែលមើល ឃើញតែលុយសំខាន់ ជាងកិត្តិយសជាស្រី និងប្រជាប្រិយភាព ដែលនាងខំរក្សាមកជាយូរឆ្នាំ ។ តែបែរជាយកមក ទម្លាក់ចោលមុខមាត់ នៅក្នុងពេលនេះ ព្រោះតែលុយជាធំទៅវិញ ។ ម្យ៉ាងទៀតក្នុងនាម នាងជាតារាខ្មែរ គួរតែរក្សាប្រពៃណី វប្បធម៌ខ្មែរឲ្យបានខ្ជាប់ខ្ជួន មិនគួរណា ធ្វើបែបនេះឡើយ។
ពាក់ព័ន្ធនឹងការលើកឡើង នូវការរិះគន់បែបនេះ គេហទំព័រ LookingTODAY មិនអាចសុំការបំភ្លឺ ពីអ្នកនាង កែវ ស្រីនាង បានទេ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥នេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល