CamNews

ព័ត៌មានអន្តរជាតិ 

អង្គការលើកលែងទោស៖ អាណត្ដិប្រធានាធិបតីហ្វីលីពីន ជាអាណត្ដិដ៏អន្ដរាយដល់សិទ្ធិមនុស្ស

កាលពីថ្ងៃចន្ទកន្លងទៅនេះ អង្គការលើកលែងទោសអន្ដរជាតិ បានថ្កោលទោសចំពោះរដ្ឋការរបស់ប្រធានាធិបតីហ្វីលីពីនលោក  Rodrigo Duterte រយៈពេលពីរឆ្នាំដំបូងថា ជារដ្ឋការបង្កភយន្ដរាយដល់សិទ្ធិមនុស្ស។ 

អង្គការនេះ បាននិយាយថា បើទោះបីជាលោក Duterte បានអះអាងថា ខ្លួននឹងពង្រឹងវិធានច្បាប់ទូទាំងប្រទេសហ្វីលីពីក្ដី ក៏គោលនយោបាយរបស់លោក បាននាំទៅរកការកើនឡើងអំពើហិង្សា និងបង្កើតឥទ្ធិពលមិនសមាមាត្រចំពោះពលរដ្ឋហ្វីលីពីនក្រីក្រ។ ពិសេសជាងនេះទៅទៀត អង្គការអន្ដរជាតិនេះ បានថ្លែងអំពីសង្រ្គាមថ្នាំញៀនរបស់លោក Duterte ជាការប្ដេជ្ញាចិត្ដ ដែលក្រុមអង្គការអន្ដរជាតិបានអះអាងថា សង្រ្គាមថ្នាំញៀននេះ លើកទឹកចិត្ដតែម្យ៉ាងឱ្យកាត់ទោសប្រហារជីវិតមនុស្សក្រៅប្រព័ន្ធតុលាការ និងបណ្ដាលឱ្យមានការកាប់សម្លាប់មនុស្សរាប់ពាន់នាក់។


នៅថ្ងៃចន្ទនេះផងដែរ លោក Duterte បានចេញសេចក្ដីថ្លែងការប្រឆាំងនឹងពាក្យរិះគន់លើរូបលោក ដែលធ្វើឡើងដោយឧត្ដមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោក Zeid Ra’ad Al Hussein លោក Pope Francis និងអតីតប្រធានាធិបតីអាមេរិកលោក Barack Obama នៅមុនសម័យប្រជុំពេញអង្គនៃសភាហ្វីលីពីន។ មកទល់នឹងពេលនេះ លោក Deterte បានប្ដេជ្ញាចិត្ដបន្ដសង្រ្គាមថ្នាំញៀនដ៏ចម្រូងចម្រាសរបស់លោក និងបានអះអាងថា គោលនយោបាយនេះ មានឥទ្ធិពលវិជ្ជមានដល់សេដ្ឋកិច្ចប្រទេស និងបម្រើដល់កិច្ចការពារយុវជន តាមរយៈការរកឱ្យឃើញនូវឥទ្ធិពលដ៏អន្ដរាយទាំងឡាយ។

យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងថា សង្រ្គាមថ្នាំញៀនរបស់លោក Duterte មកទល់នឹងពេលនេះ បានសម្លាប់មនុស្សសរុប ១២,០០០ នាក់ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: Mekongnet