ភ្នំពេញ៖ លោក សោភ័ណ្ឌ ឡារី ដែលទស្សនិកជន បានស្គាល់លោក យ៉ាងច្បាស់ថា ជាតារាសម្តែង ដែលមាន សកម្មភាព ច្រើនក្នុងឆាកនយោបាយ ថ្មីៗនេះ បានបង្ហាញសារ ខ្លីរិះគន់ ទៅលើការចាក់បញ្ចាំងរឿងថៃ ដែលកាន់តែ រីកដុះដាល ដូចផ្សិតលើកញ្ចក់ទូរទស្សន៍ខ្មែរ ដោយថែមទាំងស្នើឲ្យ ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិនិត្យ និង ស្វែងរកដំណោះស្រាយ ជាបន្ទាន់មួយ កាត់បន្ថយការបញ្ចាំងរឿងថៃ យ៉ាងគគ្រឹកគគ្រេងបែបនេះ។
ពាក់ព័ន្ធទៅនឹងការចាក់បញ្ចាំង រឿងថៃ នៅលើកញ្ចក់ទូរទស្សន៍ស្រុកខ្មែរ គេសង្កេតឃើញថា កន្លងមកមានវត្តមាន តារា សម្តែងជាច្រើន បានព្យាយាមរិះគន់ និងស្នើឲ្យការចាក់បញ្ចាំងនោះ មានកម្រិត កុំច្រើនជ្រុលរហូត អ្នកសិល្បៈស្រុកខ្មែរ គ្មានការងារធ្វើ។ តែអ្វីដែលលើកឡើងនោះ ហាក់មិនបានទទួលផលវិជ្ជមានមកវិញឡើយ ផ្ទុយទៅវិញនៅក្នុងពេលនេះ គេសង្កេតឃើញថា សន្ទុះនៃការចាក់បញ្ចាំងរឿងភាគថៃ ហាក់មានកាន់តែច្រើនឡើងៗ នៅស្ទើរគ្រប់ប៉ុស្តិ៍ទូរទស្សន៍ ក្នុងស្រុក ទាំងអស់។ ថ្មីៗនេះ គេឃើញមានវត្តមាន តារាប្រុសរូបសង្ហា លោក សោភ័ណ្ឌ ឡារី ក៏បានបង្ហាញការរិះគន់ មិនពេញចិត្ត ទៅលើការចាក់បញ្ចាំង រឿងថៃនេះផងដែរ។
នៅក្នុងសារជាភាសាខ្មែរ ដែលតារាសម្តែងបុរសសង្ហា លោក សោភ័ណ្ឌ ឡារី បានសរសេរថា «ទោះជាតារាភាគច្រើន មិនហ៊ាននិយាយ តែខ្ញុំហ៊ាននិយាយ ព្រោះនេះជារឿងរបស់ជាតិមួយផ្នែកដែរ ! វប្បធម៌បរទេស ខ្ញុំដឹងថា មិនអាច ជៀសរួចទេ គ្រាន់តែឲ្យមានកម្រិត តែនេះដូចជាលើសលប់ ច្រើនពេកហើយ,កុំឲ្យអស់ធាតុដើម យើងជាខ្មែរ ... ខ្ញុំ យល់ហើយ បើគ្មានការប្រៀបធៀប , ប្រឡងប្រជែងទេ ក៏គ្មានការជឿនលឿនដែរ គឺដូចកង្កែប ក្នុងអណ្តូងអ៊ីចឹងថា មេឃជារបស់អញ តែម្នាក់គត់ មានតែមេឃទេ ដែលល្អជាងគេ ...» ។
ក្នុងនោះលោក ក៏បានបន្ថែមសារ បែបទទូចស្នើ ទៅដល់ក្រសួងពាក់ព័ន្ធបន្ថែមទៀតថា «សូមមេត្តាក្រសួងស្ថាប័ន ដែលពាក់ពន្ធ័ជួយមើល ហើយគិតផង អាណិតដល់អ្នកសិល្ប:ខ្មែរ អ្នកដឹកនាំ អ្នកផលិតករខ្មែរ អ្នកខ្លះរកតែលុយ ទិញបាយ ឬបង់ថ្លៃផ្ទះជួល មិនបានផង ហើយសិល្បៈខ្លះទៀត ដល់ឈឺវេទនា បណ្តោយ សូមគិត និងថែរក្សា វប្បធម៌ ឲ្យបានគង់វង្សផង»។
សូមជម្រាបផងដែរថា បច្ចុប្បន្ននេះ ស្ថានីយទូរទស្សន៍ ក្នុងស្រុកជាច្រើន បាននាំគ្នាចាក់ផ្សាយរឿងថៃ ជាបន្តបន្ទាប់ ដោយនៅក្នុងនោះ មានស្ថានីយទូរទស្សន៍ My TV, CTN, ETV ប៉ុស្តិ៍លេខ3, ប៉ុស្តិ៍លេខ៥, ស្ថានីយទូរទស្សន៍បាយ័ន និងទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាពិសេសសូម្បីតែ ស្ថានីយទូរទស្សន៍ PNN ដែលទើបតែផ្សាយជាផ្លូវការ កាលពីពេល ថ្មីៗនេះ ក៏បានទិញសិទ្ធិចាក់បញ្ចាំងរឿងភាគថៃ ផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល