ថៃ ៖ អាជ្ញាធរមូលដ្ឋានបាន និយាយថា ជនជាតិថៃចំនួន ១០ នាក់ត្រូវបានដោះលែង បន្ទាប់ពីអាជ្ញាធរប្រទេសឡាវផាកពិន័យជាប្រាក់ចំនួន ១៥,០០០ បាតពីបទផ្សព្វផ្សាយពីជំនឿព្រះពុទ្ធសាសនា និងបង្កើតសាខាវត្តអារាមមួយ នៅក្នុងភូមិមួយក្នុងប្រទេសនោះ។
បុរស ៦ នាក់ និងស្ត្រី ៤ នាក់ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរថៃ នៅច្រកឆ្លងកាត់ក្នុងព្រំដែន ក្នុងសង្កាត់ បឹងខុក បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលប្រហែលមួយសប្តាហ៍។
ពួកគេត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១៥ ខែមិថុនា នៅភូមិមួយ ក្នុងខេត្ត Xaiyaburi ដោយចោទប្រកាន់ពីបទទេសនាខ្លឹមសារព្រះពុទ្ធសាសនា និងបង្កើតវត្តអារាម។
យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្រុមនេះមានទំនាក់ទំនង ជាមួយវត្តអារាមព្រះពុទ្ធសាសនា នៅខេត្តតាក ហើយការចាប់ខ្លួនពួកគេនេះ ទំនងជាមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ និងឡាវទេ។
សូមជម្រាបជូនផងដែរថា ប្រទេសឡាវ គឺជារដ្ឋកុម្មុយនិស្តមួយ ដែលកាន់អំណាចដោយគណបក្សបដិវត្តន៍ប្រជាជន៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost