ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញគម្រោងថ្មីរបស់ខ្លួនថា អាចនឹងវិលមកចាប់ផ្តើម ការថតរឿងជាមួយដៃគូចាស់ លោក ម៉េង ប៊ុនឡូ សារជាថ្មីម្តងទៀត ដោយនាងបានធ្វើការ ស្ទាបស្ទង់មតិ មហាជនថា មានការគាំទ្រនាង និងដៃគូចាស់ ដល់កម្រិតណា បើងាកមកចាប់ផ្តើមជាមួយគ្នា ជាថ្មីនោះ ។
តារាសម្តែងស្រី ដែលមានឈ្មោះជាស្រីមេម៉ាយកូនមួយ រូបស្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខប្រកាសក្តែងៗថា នាងអាចនឹងមាន សមិទ្ធផល ជាខ្សែភាពយន្តថ្មី ដោយរួមសម្តែង ជាមួយដៃគូចាស់លោក ម៉េង ប៊ុនឡូ ផងដែរ ដោយនាង បានបង្ហាញសារខ្លីថា «លោក ម៉េង ប៊ុនឡូ និងនាងខ្ញុំ ដែលជាដៃគូសម្តែងចាស់ នៅក្នុងរឿង "ចៅពស់កេងកង"រឿង "មន្តមាយា" និងជាដៃគូពិធីករ ខានសម្តែងជាមួយគ្នា ជាងដប់ឆ្នាំ មកហើយ បានចូលមកជួបគ្នាជាថ្មី ក្នុងកម្មវិធីកំណប់អារម្មណ៏ ហែរហមអមមក ជាមួយប្រវត្តិរឿងរ៉ាវ ដែលលោកអ្នកកំពុង តែចង់ដឹងចង់ជ្រាប»។
តារាស្រីដែលជាម្ចាស់ ហាងសម្អាងការរូបនេះ ក៏បានប្រាប់ក្នុងលក្ខណៈស្ទាបស្ទង់ ពីការគាំទ្ររវាងនាង និងអ្នកគាំទ្រក្នុងការសម្តែង ជាមួយដៃគូចាស់ឲ្យដឹងថា «នៅក្នុងនោះ ប្រសិនបើពួកយើង សម្តែងភាពយន្ត ជាមួយគ្នាជាថ្មីម្តងទៀត តើមានអ្នកគាំទ្រពួកយើង ទាំង២ឬអត់ ?»។
តាមរយៈការបង្ហាញ ពីគម្រោងថ្មី ដែលនាងចង់ងាកមកចាប់ដៃគូ ចាស់សម្តែងរឿងថ្មីនេះ តារាស្រីដែល ជាប់ងារជាតារាលេចធ្លោ ទៅដោយរឿងអាស្រូវ រយៈពេល២ឆ្នាំជាប់គ្នា អ្នកនាង ចន ច័ន្ទលក្ខិណា មិនបានបញ្ជាក់ច្បាស់ទេថា ពួកនាងនឹងដឹកដៃគ្នា សម្តែងរឿងអ្វី ហើយចាប់ផ្តើមថត ពេលណាឡើយ ពោលនាងគ្រាន់តែបង្ហើប ចង់ដឹងថា មានសន្ទុះការគាំទ្រកម្រិតណា ហើយបើមានការគាំទ្រច្រើន ពួកនាងអាចនឹងមានគម្រោងដឹកដៃគ្នា សម្តែងរឿងរួមគ្នា ដើម្បីវាយឡុកទីផ្សារការសម្តែង ជាថ្មីក្នុងពេលឆាប់ៗនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល