ភ្នំពេញ៖ តារាសម្ដែងសិចស៊ី ចាស់ដៃ នាង សេង សូណា បានរៀបចំពិធី ខួបកំណើតធំល្មមមួយ គម្រប់អាយុ២៥ឆ្នាំ នៅក្នុងភោជនីយដ្ឋាន "ស្ទឹងមាស" ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ត្រើយខាងកើត ក្នុងខណ្ឌជ្រោយចង្វារ ដោយមានការចូលរួម ពីសំណាក់សាច់ញាតិជិតឆ្ងាយ និងមិត្តភក្តិជាអ្នកសិល្បៈមួយចំនួន ។ ប៉ុន្តែក្នុងពិធីនេះ គេសង្កេតឃើញម្ចាស់ខួបកំណើត នាង សេង សូណា ដែលធ្លាប់តែបញ្ចេញ សម្លៀកបំពាក់សិចស៊ី លេចលើលេចក្រោម ទាក់ទាញភ្នែកមហាជននោះ បែរជាមកស្លៀកពាក់បែបប្រពៃណីខ្មែរ ឈុតកូនក្រមុំឈរចាំទទួលភ្ញៀវ សមជានារីខ្មែរ ប្រៀបបីដូចជាពិធីមង្គលការ យ៉ាងដូច្នោះវិញ ។
ក្នុងពិធីខួបកំណើតនោះ គេសង្កេតឃើញ ម្ចាស់ខួបកំណើត នាង សេង សូណា មានទឹកមុខសប្បាយរីករាយ ឥតឧបមា ទទួលរាក់ទាក់ភ្ញៀវ ដែលបានអញ្ជើញ ចួលរួមអបអរសាទរ ដោយឈុតអាពាហ៍ពិពាហ៍ យ៉ាងសមរម្យ ។ ទាក់ទិននឹងការគ្រងឈុតមង្គលការ ក្នុងថ្ងៃខួបកំណើត ខុសប្លែកពីអ្នកសិល្បៈដទៃ នៅពេលនេះ ត្រូវបាន សេង សូណា ប្រាប់ឲ្យដឹងថា នាងក៏ជានារីខ្មែរ មានបេះដូងជាខ្មែរ ទោះបីជាសិចស៊ី ក៏មានពេលវេលាត្រូវសិចស៊ី ចំណែកក្នុងពិធីផ្លូវការណាមួយ នាងត្រូវសម្របខ្លួនឲ្យសមរម្យ មិនមែនចេះតែសិចស៊ី មួយមុខនោះទេ ។
"ខ្ញុំចង់ឲ្យគេមើលមកថា ខ្ញុំជាសុភាពនារី ខ្ញុំសិចស៊ីមែន តែសិចស៊ីនៅពេលណា ដែលខ្ញុំថតរឿង ថតបទចម្រៀងប៉ុណ្ណោះ ខ្ញុំត្រូវធ្វើអ្វីតាម កាលៈទេសៈ ព្រោះខ្ញុំជាអ្នកសិល្បៈ ..!"។ នៅពេលសួរថា សេង សូណា ស្លៀកឈុតអាពាហ៍ពិពាហ៍អ៊ីចឹង តើមានអារម្មណ៍ថា ចង់រៀបការមែនទេ? សេង សូណា ឆ្លើយយ៉ាងរហ័សថា "ចង់ការដែរ..! តែអត់មានអ្នកស្រឡាញ់..!"។
យ៉ាងណាក្ដី សេង សូណា បានបដិសេធទាំងស្រុង ចំពោះការលើកឡើង ថា ខួបកំណើតរបស់នាង មានអ្នកធំជួយឧបត្ថម្ភគាំទ្រ ដោយអះអាង បន្ថែមថា រាល់ការចំណាយផ្សេងៗ គឺជាបន្ទុករបស់ម៉ាក់ប៉ានាង គ្មានអ្នកណាជួយឧបត្ថម្ភទាំងអស់៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល