CamNews

ព័ត៌មានអន្តរជាតិ 

ជម្លៀសអ្នកដំណើរនៅព្រលានយន្តហោះញូវយ៉ក ព្រោះមានការផ្ទុះអាវុធ

នគរបាលកំពុងតែជម្លៀសអ្នកដំណើរ និងស្វែងរកជនសង្ស័យប្រដាប់អាវុធ បន្ទាប់ពីមានសេចក្ដី
រាយការណ៍ថា មានស្នូរកាំភ្លើងផ្ទុះ នៅព្រលានយន្តហោះអន្តរជាតិ John F. Kennedy នៅក្រុងញូវ
យ៉ក អាមេរិក។

នគរបាលក្រុងញូវយ៉ក ឱ្យដឹងថា ការរាយការណ៍តាមទូរស័ព្ទស្ដីអំពីការផ្ទុះកាំភ្លើងនៅព្រលានយន្ត
ហោះអន្តរជាតិ John F. Kennedy បានចាប់ផ្ដើមនៅវេលាម៉ោងប្រហែល ២០និង៣៤នាទី នៃយប់
ថ្ងៃទី ១៤សីហា (ម៉ោង ៧និង៣៤នាទី ថ្ងៃទី ១៥សីហា នៅកម្ពុជា)។

យោងតាមទូរទស្សន៍ WPIX សកម្មភាពជម្លៀសអ្នកដំណើរ ត្រូវបានធ្វើឡើងនៅស្ថានីយ៍លេខ៨ នៅ
ពេលនគរបាលកំពុងស្វែងរកជនសង្ស័យ។ រូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គម បាន
បង្ហាញថា អ្នកដំណើររាប់រយនាក់ កំពុងតែចាកចេញពីស្ថានីយលេខ ៨។ អ្នកដែលត្រូវបានជម្លៀស
ចេញពីអាគារ បានឱ្យដឹងថា នគរបាលប្រាប់ពួកគេថា នៅខាងក្នុង “មិនមានសុវត្ថិភាព”។


នគរបាលកំពុងស្វែងរកជនសង្ស័យ នៅ​ស្ថានីយ៍​លេខ​៨
 

អ្នកដំណើរនៅលើយន្តហោះ ដែលបានចុះចតលើព្រលានយន្តហោះ ត្រូវរង់ចាំនៅផ្លូវហោះហើរក្នុង
ព្រលាន ដោយសារ “ស្ថានភាពអាសន្ន”។

បច្ចុប្បន្ន មិនទាន់មានសេចក្ដីរាយការណ៍អំពីអ្នករងរបួស អ្នកស្លាប់ អ្នកត្រូវចាប់ខ្លួន ឬការទទួល
ស្គាល់អំពីការផ្ទុះអាវុធនេះនៅឡើយ នេះបើតាមសំដីរបស់ Joe Pentangelo អ្នកនាំពាក្យនគរបាល
នៃអង្គភាពគ្រប់គ្រងកំពង់ផែញូវយ៉ក និងញូវឈើស៊ី។ ប៉ុន្តែ លោក Joe Pentangelo ថ្លែងថា ការ
ជម្លៀសអ្នកដំណើរ គឺជាការយកចិត្តទុកដាក់របស់សមត្ថកិច្ច។

អង្គភាពគ្រប់គ្រងកំពង់ផែញូវយ៉ក និងញូវឈើស៊ី ក្រោយមកបានឱ្យដឹងថា យោងតាមការស្រាវ
ជ្រាវដំបូង ពុំមានការផ្ទុះអាវុធណាមួយ នៅព្រលានយន្តហោះ John F. Kennedy។ នៅលើទំព័រ
Twitter របស់អង្គភាពនេះ បានចុះផ្សាយថា “នៅពេលនេះ នគរបាល មិនបានរកឃើញសម្បកគ្រាប់
កាំភ្លើង ឬភ័ស្ដុតាងណាមួយបង្ហាញថា មានការផ្ទុះអាវុធនោះទេ”។

ប្រែសម្រួល ៖ បុត្រា


Tags: អាមេរិក ព្រលានយន្ដហោះ ផ្ទុះអាវុធ