ប្លែកៗ ៖ បើយោងទៅតាមប្រភពសារព័ត៌មានបរទេសដែលបានចេញផ្សាយ កាលពីម្សិល
មិញនេះបានអោយដឹងថា មានមេខ្លាឃ្មុំញីមួយក្បាល រួមទាំងកូនខ្លាឃ្មុំរបស់វា 3 ក្បាល
ផ្សេងទៀតបានផឹកស្រាបៀរ (ប៊ីយែរ) ច្រើនជាង 100 កំប៉ុងទៅទៀត ។
យ៉ាងណាមិញ បើយោងទៅតាមភ្នាក់ងារសារព័ត៌មាន Norway's Finnmarken newspape បានបញ្ជាក់
អោយដឹងថា រឿងនេះបានកើតឡើងនៅឯភាគខាងជើង ប្រទេស Norway ពោលគឺមានសត្វខ្លាឃ្មុំមេ
មួយក្បាល រួមទាំងកូនៗរបស់វាចំនួន 3 ក្បាលផ្សេងទៀត បានសម្រុកចូលទៅក្នុងផ្ទះសម្រាកលំហែរ
នៅក្នុងព្រៃ រួចពួកគេបានចាប់ផ្តើមបើកយុទ្ធនាការផឹកស៊ីតែម្តង។
គួរបញ្ជាក់ផងដែរថា បើយោងទៅតាមសម្តីរបស់ម្ចាស់ផ្ទះសម្រាកលំហែរមួយនេះ ដែលមានឈ្មោះ
ថា លោក Borthen Nilsen បានអោយដឹងថា ស្រាបៀរដែលពួកគេបានត្រៀមទុកក្នុងពិធីជប់លៀង
នាពេលខាងមុខ ត្រូវបានបាត់ទៅហើយដែលពួកគេ បានសន្មត់ថា វាត្រូវបានសត្វខ្លាឃ្មុំទាំងនោះ
ផឹកអស់ទៅហើយ។
លើសពីនេះទៅទៀត លោក Borthen Nilsen ដែលជាម្ចាស់ផ្ទះសម្រាកលំហែរមួយនេះ ហើយក៏ជា
អ្នកសិក្សាទៅលើមុខជំនាញការការពារធនធានធម្មជាតិ នឹងជីវិតសត្វព្រៃ បានបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា ៖ សត្វខ្លាឃ្មុំទាំងអស់នោះ មិនត្រឹមតែផឹកតែស្រាបៀរតែប៉ុណ្ណោះទេ តែវាក៏បានលួច
ស៊ីស្ករសូកូឡា នឹងទឹកឃ្មុំផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលពួកវាបានធ្វើ មិនត្រឹមតែបើកយុទ្ធនាការផឹកស៊ីប៉ុណ្ណោះទេ តែពួកវាក៏បាន
បំផ្លិចបំផ្លាញទ្រព្យសម្បត្តិមួយចំនួនផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ news.sky