CamNews

ព័ត៌មានអន្តរជាតិ 

បារាំង ពិន័យក្រុមហ៊ុន Google ៥៧លានដុល្លារ ពីបទរំលោភលើបញ្ញត្ដិស្ដីឯកជនភាពរបស់សហភាពអឺរ៉ុប

អង្គការត្រួតពិនិត្យបទបញ្ញត្ដិស្ដីពីកិច្ចការពារទន្ន័យរបស់ប្រទេសបារាំងហៅកាត់ថា CNIL បានពិន័យក្រុមហ៊ុន Google យ៉ាងចាស់ដៃកាលពីថ្ងៃចន្ទពីបទបំពានលើបញ្ញត្ដិឯកជនភាពអ៊ីនធឺណិតរបស់សហភាពអឺរ៉ុប ។

ការពិន័យជាប្រាក់ ៥០ លានផោន ដែលស្មើនឹង ៥៧ លានដុល្លារនេះ  គឺជាការពិន័យដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ។ អរគុណដល់ការបង្កើនកម្រិតទណ្ឌកម្ម ដែលអនុលោមទៅតាមបញ្ញត្ដិស្ដីពីកិច្ចការពារទិន្ន័យទូទៅថ្មីរបស់សហភាពអឺរ៉ុប(GDPR) ។


GDPR ដែលត្រូវបានអនុម័ត នៅខែឧសភាកន្លងទៅនេះ គឺជាបណ្ដុំវិធានស្ដីពីកិច្ចការពារទិន្ន័យ ដែលមានប្រសិទ្ធភាពអនុវត្ដចំពោះក្រុមហ៊ុនទាំងអស់ ដែលធ្វើប្រតិបត្ដិការអាជីវកម្មនៅក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងផ្ដល់ឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតនូវវិសាលភាពគ្រប់គ្រងធំធេងជាងមុន លើទិន្ន័យផ្ទាល់ខ្លួនរបស់ពួកគេ។ បញ្ញត្ដិនេះ ផ្ដល់ឱ្យនិយ័តករនូវអំណាចផាកពិន័យជាទឹកប្រាក់រហូតដល់ ៤% នៃប្រាក់ចំណូលសកលរបស់ក្រុមហ៊ុន សម្រាប់ការរំលោភបំពានណាមួយ ។

CNIL ថ្លែងថា ក្រុមហ៊ុន Google បានបំពានលើបញ្ញត្ដិ GDPR ដោយធ្វើឱ្យមានការលំបាកសម្រាប់អ្នកប្រើប្រាស់ក្នុងការទទួលបានព័ត៌មានស្ដីពីគោលការណ៍ប្រើប្រាស់ទិន្ន័យស្របច្បាប់របស់ក្រុមហ៊ុននេះ ជាពិសេសគឺព័ត៌មាន ដែលទាក់ទឹងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានគ្រោងទុក ។

CNIL បន្ថែមថា ទំហំនៃការផាកពិន័យនេះ ឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃការបរាជ័យច្រើនផ្នែក បូករួមទាំងអំណាចរបស់ក្រុមហ៊ុន Google លុបលើទីផ្សារបារាំងតាមរយៈទូរសព្ទទំនើបប្រើប្រព័ន្ធប្រតិបត្ដិការ Android។ ក្រុមហ៊ុន Google សន្យាថា ខ្លួននឹងបំពេញតាមការរំពឹងទុករបស់សហភាពអឺរ៉ុប និង GDPR ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ jurist


Tags: International news