ចោរជនជាតិ រ៉ូម៉ានី ម្នាក់ ទើបបានទទួលស្គាល់ថា បានលួចយកកំពូលស្នាដៃមួយចំនួន របស់វិចិត្រករល្បីៗក្នុងពិភពលោក មានដូចជា Gauguin, Monet និង Picasso ហើយបានគំរាមថា នឹងប្ដឹងប្រឆាំងសារមន្ទីរមួយនៅហូឡង់ ជាកន្លែងដែលរូបគំនូរត្រូវបានគេលួច ដោយសារតែមិនមានការការពារត្រឹមត្រូវ។
Eugen Darie (កណ្ដាល) និង Radu Dogaru (ស្ដាំ)
ទំព័រ AFP បានរាយការណ៍ថា Radu Dogaru គឺជាមនុស្សម្នាក់ ក្នុងចំណោមចោរជនជាតិ រ៉ូម៉ានី ៦នាក់ ដែលកំពុងត្រូវបានកាត់ទោស ក្នុងករណីលួច កាលពីឆ្នាំទៅ នៅសារមន្ទីរ Kunsthal ក្នុងក្រុង Rotterdam ប្រទេស ហូឡង់ ដែលធ្លាប់បានធ្វើឱ្យក្រុមអ្នកស្នេហារូបគំនូរមានការភ្ញាក់ផ្អើល។
ក្រុមមន្ដ្រីហូឡង់ ឱ្យដឹងថា បើទោះជាមានតម្លៃសរុបឡើងដល់ ១៨លានអឺរ៉ូ (ប្រហែល ២៤លានដុល្លារអាមេរិក) បណ្ដាផ្ទាំងគំនូរទាំងនោះ មិនត្រូវបានគេភ្ជាប់ឧបករណ៍ប្រកាសអាសន្ននោះទេ។
ជនជាប់ចោទ Radu Dogaru និយាយនៅក្នុងតុលាការកាលពីថ្ងៃទី ២២តុលាថា ៖ “ខ្ញុំមិននឹកស្មានថា សារមន្ទីរមួយដែលដាក់តាំងស្នាដៃដ៏មានតម្លៃដូច្នេះ តែបែរជាមានសន្ដិសុខកម្រិតអន់បែបនេះសោះ” ។
មេធាវី Catalin Dancu តំណាងឱ្យជនជាប់ចោទ បានប្រកាសប្រាប់អ្នកកាសែតថា ៖ “យើងអាចចង្អុលបង្ហាញថា ការគ្រប់គ្រងមិនបានល្អ បាននាំឱ្យមានលទ្ធផលអាក្រក់។ យើងកំពុងគិតដល់ការជួលបណ្ដាមេធាវីហូឡង់ ដើម្បីដាក់ពាក្យប្ដឹង (ប្រឆាំងនឹងក្រុមអ្នកគ្រប់គ្រងសារមន្ទីរ) នៅ រ៉ូម៉ានី ឬ ហូឡង់” ។
មេធាវីរូបនេះ អះអាងថា ប្រសិនត្រូវបានរកឃើញថា មានកំហុសដោយសារសន្ដិសុខអន់ សារមន្ទីរ Kunsthal នឹងត្រូវរួមចំណែកក្នុងការបង់ប្រាក់សំណង ជាមួយកូនក្ដីរបស់ខ្លួន។ បច្ចុប្បន្ន Radu Dogaru កំពុងត្រូវបានក្រុមហ៊ុនធានារ៉ាបរងមួយចំនួន ទាមទារឱ្យសងជម្ងឺចិត្ត រាប់លានអឺរ៉ូ។
ក្នុងចំណោមផ្ទាំងរូបគំនូរដែលត្រូវបានបញ្ជូនទៅតាមការ៉ុង បន្ទាប់ពីករណីលួច កាលពីព្រឹកថ្ងៃទី ១៦តុលា ឆ្នាំ ២០១២ មានផ្ទាំងគំនូរ “Tete d'Arlequin” ជាស្នាដៃរបស់ Pablo Picasso , “Waterloo Bridge” របស់ Claude Monet និង “Femme Devant une Fenetre Ouverte, dite La Fiancee” របស់ Paul Gauguin ។
មន្ដ្រីសមត្ថកិច្ចព្រួយបារម្ភថា បណ្ដាផ្ទាំងគំនូរនេះ ត្រូវបានបំផ្លាញ ដើម្បីបំបាត់ភ័ស្ដុតាងប្រឆាំងនឹងកូនខ្លួន បន្ទាប់ពីម្ដាយរបស់ Dogaru និយាយថា គាត់បានដុតវាក្នុងឡកំដៅ នៅក្នុងភូមិ Carcaliu ប្រទេស Romania ។
ក្រោយមក ម្ដាយរបស់ជនជាប់ចោទ អ្នកស្រី Olga Dogaru បានដកសំដីសារភាពរបស់ខ្លួន ប៉ុន្ដែក្រុមមន្ដ្រីជំនាញរបស់សារមន្ទីរប្រវត្តិសាស្ដ្រជាតិ រ៉ូម៉ានី ឱ្យដឹងថា ផេះដែលពួកគេប្រមូលបានពីឡកំដៅរបស់ស្ដ្រីនេះ មានតម្រុយ និងសញ្ញានៃទឹកថ្នាំរបស់ផ្ទាំងគំនូរទាំងបី ដែលបានបាត់ រួមនឹងដែកគោល ដំទៅលើគ្រោង ដែលត្រូវបានប្រើប្រាស់កាលពីចុងសតវត្សទី ១។
លោក Dancu មេធាវីរបស់ Radu Dogaru
Radu Dogaru ប្រកាសនៅក្នុងតុលាការ កាលពីថ្ងៃទី ២២ តុលា ថា ៖ “បណ្ដាផ្ទាំងគំនូរនេះ ប្រាកដជាមិនត្រូវបានគេបំផ្លាញនោះទេ។ ខ្ញុំមិនដឹងថា វានៅទីណា ប៉ុន្ដែខ្ញុំជឿថា វាត្រូវបានគេលក់” ។
នៅពេលត្រូវបានសួរអំពីដែកគោលដែលបានរកឃើញក្នុងឡកំដៅ ជនជាប់ចោទ ឆ្លើយថា គ្រួសាររបស់ខ្លួន មានរូបសំណាកព្រះ កាលពីសតវត្សទី ១៩ ។ ប៉ុន្ដែ ក្នុងការអធិប្បាយមួយកាលពីខែមុន អគ្គនាយកសារមន្ទីរប្រវត្តិសាស្ដ្រជាតិ រ៉ូម៉ានី ថ្លែងថា ដែកគោលមិនដែលមាននៅលើរូបសំណាកព្រះនោះឡើយ។ បច្ចុប្បន្ន ករណីដ៏ស្មុគស្មាញនេះ កំពុងត្រូវបានស្រាវជ្រាវជាបន្ដ។
អត្ថបទសំខាន់ៗគួរឱ្យចាប់អារម្មណ៍
ក្រោយពីស្លាប់ ១៣ថ្ងៃ ស្រាប់តែបង្ហាញខ្លួន នៅមន្ទីរពេទ្យវិកលចរឹត (មានវីដេអូ)
រួចជីវិតពី មេរោគស៊ីសាច់មនុស្ស ដោយសារមានមាឌធំ សាច់ច្រើន
ស្រីស្អាតអាក្រាយកាយ អំពាវនាវអ្នកបើកបរ ឱ្យបន្ថយ ល្បឿន (មានវីដេអូ)
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters/AFP