យន្តហោះធុនស្រាលមួយគ្រឿងរបស់នគរបាលឥណ្ឌូនេស៊ី ដែលមានដឹកមនុស្ស១៥នាក់ កាល
ពីម្សិលមិញ បានបាត់ខ្លួន ហើយបើតាមការសន្និដ្ឋាន យន្តហោះនេះអាចធ្លាក់ចូលក្នុងសមុទ្រ
ពេលកំពុងឆ្ពោះទៅកាន់កោះ Batam ភាគខាងត្បូងប្រទេសសិង្ហបុរី។
យន្ដហោះ M-28 Skytruck របស់ឥណ្ឌូនេស៊ី
យន្តហោះនេះ បានហោះហើរពីទីរួមស្រុក Pangkal Pinang នៃកោះ Bangka ប្រទេសឥណ្ឌូនេស៊ី
នៅវេលាម៉ោងប្រហែល ៩និង៣០នាទី ត្រូវបានគេជឿថា បានធ្លាក់ចូលក្នុងទន្លេ នៅចន្លោះបណ្ដា
កោះ Mensanak និង Sebangka ឬ Gentar នៅលំហសមុទ្រនៃកោះ Sumatra នេះបើតាមទំព័រ
Reuters។ យន្តហោះនេះគឺប្រភេទ M-28 Skytruck ជាកម្មសិទ្ធិរបស់នគរបាលឥណ្ឌូនេស៊ី។
ក្រុមអ្នកជួយសង្គ្រោះ ស្រង់បានឧបករណ៍ប្រើប្រាស់មួយចំនួនដែលគេជឿថាជារបស់យន្តហោះ
ដែលបាត់ខ្លួននេះ ដូចជាកៅអី ឯកសារ។ល។
យោងតាមទីភ្នាក់ងារស្វែងរក និងសង្គ្រោះឥណ្ឌូនេស៊ី (Basarnas) បណ្ដារបស់របរប្រើប្រាស់
របស់អ្នកដំណើរក៏ត្រូវបានគេរកឃើញ។ Bambang Soelistyo ប្រធាន Basarnas បានឱ្យដឹងថា
“យើងខ្ញុំបានរកឃើញបំណែកនានា”។
Bambang Soelistyo ឱ្យដឹងថា មកដល់ពេលនេះ គេមិនទាន់ដឹងប្រាកដថា មានអ្នកនៅមានជីវិត
ឬយ៉ាងណានោះទេ ហើយគេក៏មិនទាន់រកឃើញសាកសពណាមួយនោះដែរ។
យោងតាមទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលសិង្ហបុរី ទីតាំងចុងក្រោយនៅលើរ៉ាដារបស់យន្ត
ហោះខាងលើ ស្ថិតនៅចម្ងាយពីក្រុង Tanjung Pinang ប្រហែល ៨០គីឡូម៉ែត្រទៅភាគខាង
ត្បូង។
ប្រែសម្រួល ៖ តារា
ប្រភព ៖ ibtime